ពន្ធនាគារខេត្តស្ទឹងត្រែងប្រញាប់បដិសេធការឆ្លងកូវីដក្នុងគុកក្រោយការផ្សាយរបស់កាសែតក្នុងស្រុក (Video Inside)
ពន្ធនាគារខេត្តស្ទឹងត្រែងបានប្រញាប់បដិសេធព័ត៌មានតាមបណ្តាញសង្គមនានាដែលផ្សាយថាមានមន្ត្រីនិង អ្នកទោសក្នុងពន្ធនាគារខេត្តជាង៣០០នាក់បានឆ្លងជម្ងឺកូវីដ១៩។
ការផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី៩ ធ្នូ នៅបានដកស្រង់សម្តីអនុប្រធានមន្ទីរសុខាភិបាលលោកទន វុទ្ធី ដែលបាននិយាយបញ្ជាក់តួលេខអ្នកឆ្លងមាន ៣០៨នាក់។ ប៉ុន្តែច្រើនម៉ោងក្រោយការចេញផ្សាយព័ត៌មាននោះ ពន្ធនាគារខេត្តស្ទឹងត្រែងបានប្រញាប់បដិសេធ លើការផ្សាយនោះទាំងស្រុង។
ពន្ធនាគារខេត្តបានចេញលិខិតបំភ្លឺវិញថារាល់ខ្លឹមសារដែលផ្សាយនោះ គឺគ្មាន មូលដ្ឋានពីតួលេខនិងទិន្នន័យច្បាស់លាស់ដោយការធ្វើតេស្តរហ័ស Rapid Test មិនទាន់យកជាផ្លូវការនោះទេ លុះត្រាតែមានការធ្វើតេស្តឆ្លងកាត់ម៉ាស៊ីនធំ PCR ទើបអាចរាប់បញ្ចូលក្នុងបញ្ជីនៃអ្នកឆ្លងកូវីដ១៩នោះបាន។
លិខិតពន្ធនាគារខេត្តដដែលនោះ បានចោទថាការផ្សារសារព័ត៌មាននេះ មានចេតនាធ្វើឱ្យប៉ះពាល់ដល់ការគ្រប់ គ្រងសន្តិសុខ, សុវត្ថិភាពនិងសណ្តាប់ធ្នាប់ពន្ធនាគារ។ លិខិតបដិសេធដដែលបានអះអាងទៀតថាមន្ត្រីពន្ធនាគារ ទាំងអស់ សុទ្ធតែបានចាក់វ៉ាក់សាំងចំនួន៣ដូស, ចំណែកអ្នកជាប់ឃុំ សុទ្ធតែបានចាក់វ៉ាក់សាំង Johnson & Johnson រួចរាល់ផងដែរ៕