កម្ពុជាចូលរួមអបអរទិវាសិទ្ធិមនុស្ស១០ធ្នូ (Video Inside)
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមអបអរខួបលើកទី៧៣នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ» ដោយបាន រំលឹកនូវអំពើជាន់ឈ្លីសិទ្ធិលើពលរដ្ឋខ្មែរក្នុងអតីតរបបកាប់សម្លាប់ខ្មែរក្រហមពីអតីតកាល។
កម្ពុជាក្នុងអតីត របបគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថាជារបបដឹកនាំខ្មែរក្រហមរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ភាព វេទនាដោយសារអំពើកាប់សម្លាប់និងការជាន់ឈ្លីសិទ្ធិរស់រានមានជីវិត មិនមានប្រទេសមហាអំណាចណាមួយ ឬសូម្បីតែអង្គការសហប្រជាជាតិបានមើលឃើញនូវទុក្ខវេទនារបស់ប្រជាជនកម្ពុជានាពេលនោះឡើយ។
សម្តេច នាយករដ្ឋមន្ត្រីហ៊ុនសែនបានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១០ធ្នូនេះថា « បើនិយាយពីរឿងសិទ្ធិ មនុស្សនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត រវាងពីខែមសាឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ គឺប្រជាពលរដ្ឋ មិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌ និង សិទ្ឋិប្រកបការងារជាដើម។
សម្តេចតេជោហ៊ុនសែនបានសរសេរទៀតថា « របបប្រល័យពូជសាសន៍ ប៉ុលពត បានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលអោយប្រជាពលរដ្ឋជាង៣លាននាក់បានស្លាប់ ក្នុងរយៈ ពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ»។
សម្តេចតេជោសែនបានសរសេរថា «សិទ្ធិសេរីភាពរបស់កម្ពុជាដែលមានដូច ពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញ នៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបាន វាយផ្តួលរំលំទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់ នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញ ចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ។» នៅចុងបញ្ចប់នៃ
ការសរសេរពាក់ព័ន្ធនឹងទិវាសិទ្ធិមនុស្ស១០ធ្នូនេះ, សម្តេចនាយករដ្ឋមន្ត្រី បានជូនពរពលរដ្ឋជាជនរួមជាតិជួបតែ សំណាងល្អ និងរីករាយថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ»៕