កិច្ចប្រជុំណែនាំស្ដីពីការរៀបចំបិទបញ្ជីថវិកាឆ្នាំ២០២១ និងផែនការថវិកា ឆ្នាំ២០២២ របស់ឃុំសង្កាត់
រតនគិរី ៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំណែនាំស្ដីពីការរៀបចំបិទបញ្ជីថវិកាឆ្នាំ២០២១ និងផែនការថវិកា ឆ្នាំ២០២២ របស់ឃុំសង្កាត់ នៅសាលប្រជុំសាលាខេត្តអាគារA ក្រោមអធិបតីភាព ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ។
ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ ត្រូវគិតគូរ និងជំរុញនូវការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្សេងៗ ដែលមាននៅក្នុងមូលដ្ឋានរដ្ឋបាលរបស់ខ្លួន ដើម្បីធានាឲ្យបានថាគម្រោងដែលមាននៅក្នុងផែនការលទ្ធកម្មឆ្នាំ២០២១នេះ ត្រូវបានបញ្ចប់ការអនុវត្តទាន់ពេលវេលា ស្របតាមផែនការ ដែលបានកំណត់ និងឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវជំរុញការប្រមូលចំណូល ទាំងសារពើពន្ធ និងមិនមែនសារពើពន្ធ ដែលស្ថិតក្នុងដែនសមត្ថកិច្ចសាមី រៀបចំសលាកបត្រ បង់ចំណូលទៅរតនាគារខេត្ត។ ម្យ៉ាងទៀតក្រុងស្រុកឃុំសង្កាត់ និងមន្ទីរសុខាភិបាល ក៏បានជំរុញផងដែរនូវការស្នើសុំឧបត្ថម្ភ តុល្យភាពថវិកាប្រចាំត្រីមាសទី៤ ការស្នើសុំធ្វើនិយ័តឥណទានថវិកា ការទូទាត់សងរជ្ជទេយ្យបុរេប្រទាន និងការទូទាត់ប្រាក់រង្វាន់ជាដើម ។
ឯកឧត្ដមក៏បានក្រើនរំលឹកដល់ក្រុង ស្រុក ឃុំ សង្កាត់ និង មន្ទីរសុខាភិបាលខេត្ត មេត្តាជំរុញការរៀបចំ តារាងប្រៀបធៀបកើនឡើងថយចុះ និងការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលពុំទាន់បានរៀបចំ និងធ្វើប្លង់កម្មសិទ្ធិ ដើម្បីធានាឲ្យមានសុវត្ថិភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ក្នុងនោះផងដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានធ្វើការកោតសរសើរដល់រដ្ឋបាលក្រុង ស្រុកឃុំ សង្កាត់ និងមន្ទីរសុខាភិបាលខេត្ត ដែលជានិច្ចកាលតែងតែប្រឹងប្រែងក្នុងការអនុវត្តចំណូលចំណាយថវិកាឆ្នាំ២០២១កន្លងមក ប្រព្រឹត្តដោយរលូននិងទាន់ពេលវេលា បើទោះបីជាការលំបាកនិងយឺតយ៉ាវខ្លះក្ដី ក៏រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ និងមន្ទីរសុខាភិបាល អាចបន្តអនុវត្តការងារចំណូលចំណាយរបស់ខ្លួនបានល្អប្រសើរ។ រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ និងមន្ទីរសុខាភិបាលត្រូវព្យាយាមស្វែងយល់បន្ថែមលើគោលការណ៍ណែនាំការងារហិរញ្ញវត្ថុថ្មីៗដែលត្រូវអនុវត្តបណ្តើររៀនសូត្របណ្តើរ ៕ ដោយ គតិ យុត្ត