ប្រធានគណបក្សខ្មែរអភិរក្សប្រកាសគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានគាំទ្រទាំងស្រុងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹងឱ្យស្ថាប័ន្តក្រសួងការពារជាតិធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីសព្វាវុធ និងសម្ភារយោធាអាមេរិក ហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោលតែម្តងតាមភាពជាក់ស្តែង។ នេះបើយោងតាមការសរសេររបស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ។

ការគាំទ្រនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់​ក្នុងន័យ​បញ្ជា​ផង​ដោយ​ដាក់ចេញ​បទបញ្ជា​ដល់​អង្គភាព​ប្រដាប់អាវុធ​ទាំងអស់​ឱ្យធ្វើ​ការត្រួត​ពិនិត្យឡើងវិញ​ជាបន្ទាន់​អំពី​អាវុធ និង​សម្ភារ​យោធា ដែល​កម្ពុ​ជាមាន​បច្ចុប្បន្ន ហើយ​ត្រូវ​ប្រមូល​អាវុធ និង​សម្ភារ​យោធា​អាមេរិក​ទាំងអស់​ប្រសិនបើ​មាន​យកទៅ​រក្សាទុក​ក្នុង​ឃ្លាំង​ ឬ​យកទៅ​កម្ទេចចោល​តាម​ការជាក់ស្តែង​។ ​ស​ម្តេ​ចក៏បានបញ្ជាក់ទៀតថា តាម​ចំណាំ​របស់ខ្ញុំ អ្នក​ដែល​ធ្លាប់ប្រើ​ប្រព័ន្ធ​អាវុធ​អាមេរិក​ជាច្រើន​បាន​ចាញ់​សង្គ្រាម។​

​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​រសៀល​ថ្ងៃទី​១០​ ខែធ្នូ​ ឆ្នាំ​២០២១​ ​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បង្ហោះ​សារ​ថា ​”​កាលពី​ប៉ុន្មាន​ថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិក​បាន​សម្រេច​អំពី​ការ​រឹតត្បិត​ការលក់ដូរ​អាវុធ និង​សម្ភារ​យោធា​ដល់​កម្ពុជា​។ ខ្ញុំ​ឆ្លៀត​យក​ឱកាស​នេះ សូម​អរគុណ​ចំពោះ​សហរដ្ឋអាមេរិក​ ដោយសា​រ​ការសម្រេច​របស់​ស​ហ​រដ្ឋ​អាមេរិក​លើ​បម្រាម​ការលក់ដូរ​អាវុធ និង​សម្ភារ​យោធា​មក​កម្ពុជានាពេលនេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ភាពត្រឹមត្រូវ​នៃ​ការសម្រេចចិត្ត​របស់ខ្ញុំ។​ កាលពី​ឆ្នាំ១៩៩៤ ដែល​នៅពេលនោះ ខ្ញុំ​បានធ្វើការ​សម្រេចចិត្ត ដោយ​មិន​ធ្វើការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​អាវុធ​កម្ពុជា​ដែលមាន​ពេលនោះ​ទៅ​ទិញ​ប្រព័ន្ធ​អាវុធ​អាមេរិក​។ ទន្ទឹមនឹងនេះ ខ្ញុំ​សូម​ដាក់ចេញ​បទបញ្ជា​ដល់​អង្គភាព​ប្រដាប់អាវុធ​ទាំងអស់ ឱ្យធ្វើ​ការត្រួត​ពិនិត្យឡើងវិញ​ជាបន្ទាន់​អំពី​អាវុធ និង​សម្ភារ​យោធា ដែល​កម្ពុ​ជាមាន​បច្ចុប្បន្ន ហើយ​ត្រូវ​ប្រមូល​អាវុធ និង​សម្ភារ​យោធា​អាមេរិក​ទាំងអស់ ប្រសិនបើ​មាន យកទៅ​រក្សាទុក​ក្នុង​ឃ្លាំង ឬ​យកទៅ​កម្ទេចចោលតាម​ការជាក់ស្តែង​”​។​

​សម្តេច​តេ​ជោ​បាន​បន្តថា “​តាម​ចំណាំ​របស់ខ្ញុំ អ្នក​ដែល​ធ្លាប់ប្រើ​ប្រព័ន្ធ​អាវុធ​អាមេរិក​ជាច្រើន​បាន​ចាញ់​សង្គ្រាម ដូចជា​ ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​របស់ លន់ នល់ ដែល​ពេល​នោះ បាន​ប្រើ​ប្រព័ន្ធ​អាវុធ​អាមេរិក និង​បាន​នាំចូល​អាវុធ​ជាច្រើន​មក​កម្ពុជា ហើយ​ធ្វើឱ្យ​កម្ពុជា​ជាប់បំណុល​ខ្មៅ​នេះ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ថ្មីៗ​នេះ ទៀតសោត គឺអ្នក​ប្រើ​ប្រព័ន្ធ​អាវុធ​អាមេរិក ក៏បាន​ចាញ់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​។ ខ្ញុំ​មាន​ជំនឿ​លើ​ភាពក្លាហាន ព្រមទាំង​ស្មារតី និង​ទឹកចិត្ត​ប្រយុទ្ធ​របស់​យុទ្ធជន​ក្នុង​សមរភូមិ ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា ជាជាង​លើ​អាវុធ​តែមួយ​មុខ​”​។​

​សម្តេច​តេ​ជោ​ហ៊ុន សែន បានបញ្ជាក់​ជា​ចុងក្រោយ​ថា ជាថ្មី​ម្តងទៀត​ខ្ញុំ​សូម​អរគុណ​សហរដ្ឋអាមេរិក​ ដែល​បាន​ជួយ​បញ្ជាក់ថា ការសម្រេចចិត្ត​​របស់ខ្ញុំ​មិន​យល់ព្រម​ទិញ​អាវុធ​ពី​អាមេរិក​ពិតជា​ត្រឹមត្រូវ​សម្រាប់​នយោបាយ​ការពារជាតិ​របស់​កម្ពុ​ជា​ ហើយ​វា​ក៏​ជា​សារ​ព្រមាន​មួយ​ប្រាប់​ទៅខ្មែរ​ដែល​គ្រប់គ្រង​រាជរដ្ឋាភិបាល​ជំនាន់​ក្រោយ​ឱ្យបាន​ជ្រាប​ថា បើ​ចង់​មាន​ឯករាជភាព​លើ​វិស័យ​ការពារជាតិ​ សូមកុំ​ប្រើប្រាស់​អាវុធ​របស់​អាមេរិក​៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner