ភ្នាក់ងារអនាម័យបំរើការងារនៅរដ្ឋបាល ខណ្ឌ និង សង្កាត់ទាំង៧ ចំនួន ១៧ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ
ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយភ្នាក់ងារអនាម័យ ខណ្ឌ និង សង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ ចំនួន ១៧ គ្រួសារ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២១ ។
ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ ក៍សូមអគុណ ដល់ភ្នាក់ងារអនាម័យ ខណ្ឌ- សង្កាត់ ក្នុងការខិតខំប្រឹងប្រែង សហការ ជាមួយក្រុមហ៊ុន ស៊ិនទ្រី ប្រមូលសំរាមនៅក្នុងបរិវេណ សាលាខណ្ឌ និង តាមមូលដ្ឋានសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យយើង ដើម្បីកុំអោយមានការកកស្ទះសំរាម ទៅតាមកន្លែងស្តុក និងទុកដាក់សំរាម នានា នៅក្នុងមូលដ្ឋានសង្កាត់ទាំង៧ ។
យ៉ាងណាមិញ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ សូមអោយបងប្អូន ភ្នាក់ងារអនាម័យ ខណ្ឌ និងសង្កាត់ទាំង៧ កុំរុញរា និង បន្តនូវសកម្មភាព ប្រមូលសំរាម ដើម្បីអោយ ទីក្រុងភ្នំពេញយើងមានសោភ័ណភាព បរិស្ថានល្អ អនាម័យល្អ ទីក្រុងស្អាត និងមិនអោយមានការកកស្ទះនូវសំរាម ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។ ទន្ទឹមនឹងនេះដែរ លោកប្រធាន អនុសាខា បានអំពាវនាវដល់ភ្នាក់ងារអនាម័យ ខណ្ឌ និង សង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពផង បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម អាកាសធាតុនៅតែបន្តចុះត្រជាក់ខ្លាំងរហូតដល់ពាក់កណ្តាលខែកុម្ភៈ ដូច្នេះយើងអាចនិងប្រឈមនូវបញ្ហាសុខភាព ជាពិសេស ចាស់ៗ ដែលមានអាយុច្រើន ។ ហើយថ្មីៗនេះដែរ ជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Omicron (អូមីក្រុង) ដែលអង្គការសុខភាពពិភពលោកកំពង់មានការព្រួយបារម្ភ ដូច្នេះយើងទាំងអស់គ្នានៅបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងសារអប់រំនានា របស់ក្រសួងសុខាភិបាល អោយបានម៉ឺងម៉ាត់បំផុត ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ក៍ដូចជាក្នុងរាជធានីភ្នំពេញទាំងមូល សូមធ្វើការវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលដល់ក្រុមភ្នាក់ងារអនាម័យយើង សំអាត និង ប្រមូល ទៅតាមទីកន្លែងដែលបងប្អូន ទុកដាក់សំរាម នេះផងដែរ ។
ក្នុងពិធីសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ បានផ្តល់នូវគ្រឿងឧបភោគ បរិភោគ ក្នុងមួយគ្រួសារទទួលបាន៖
- អង្ករ ១បាវ=២៥គីឡូ , មី ១កេស , ទឹកត្រី ឬ ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ ឱរ៉ាល់ ១កេស , ត្រី ខ កំប៉ុង ១យួរ , ទឹកក្រូច ១កេស ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ៕ ដោយ / គ្រី សម្បត្តិ