សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ អ្នកសារព័ត៌មាន ចូលរួមឱ្យកាន់តែសកម្មថែម ទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ តាមរយៈសារលិខិតក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី «កូវីដ១៩៖ បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ចូលរួមឱ្យកាន់តែសកម្មថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ និងបានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមានសុចរិតភាពក្នុងការបំពេញភារកិច្ច ជៀសវាងការបំពានច្បាប់ និងវិជ្ជាជីវៈដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាពស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលអនុវត្តបានត្រឹមត្រូវតាមវិជ្ជាជីវៈ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ចក្នុងបរិបទកូវីដ-១៩ នាពេលកន្លងមក និងការបង្កើតឡើងនូវកាលានុវត្តភាពដែលអ្នកសារព័ត៌មានទាំងអស់ត្រូវសម្របសម្រួលខ្លួនអនុវត្តតាមគន្លងប្រក្រតីភាពថ្មីជាមួយនឹងការបង្កើនសមត្ថភាពយល់ដឹងផ្នែកបច្ចេកទេស ដើម្បីដើរទាន់ការអភិវឌ្ឍនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ននិងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព សុវត្ថិភាពនៅក្នុងបរិបទនៃជំងឺរាតត្បាតសកលផ្សេងទៀតដែលអាចប្រឈមនៅថ្ងៃអនាគត។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ចូលរួមឱ្យកាន់តែសកម្មថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការរបស់រាជរដ្ឋាភិបាលនិងវិធានការរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ដោយអនុវត្តឱ្យបានខ្លាប់ខ្លួននូវវិធានការ “៣កុំ ៣ការពារ “ និងសូមចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិតនិងធ្វើការបកស្រាយពន្យល់ដើម្បីបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់សភាពការណ៍៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner