ឧបករណ៍ចម្រោះទឹកផ្តល់ទឹកមានគុណភាពសម្រាប់ពិសា ជួយសន្សំសំចៃថវិកា និងលើកកម្ពស់បរិស្ថាន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៃការប្រកាសដាក់ឱ្យប្រើប្រាស់ឧបករណ៍ចម្រោះទឹកសម្រាប់ពិសាដែល មានសមត្ថភាពផលិតទឹកស្អាតមានគុណភាពបានបរិមាណ ៤ ម៉ែត្រគូបក្នុងរយៈពេល ៨ ម៉ោងនៅតំបន់ភូមិបណ្តែតទឹក ព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ «ឧបករណ៍ចម្រោះស្អាតសម្រាប់ពិសាដែលជាគម្រោងរបស់ក្រសួងបរិស្ថានគាំទ្រថវិកាដោយមូលនិធិសង្គមនិងបរិស្ថានគឺសម្រាប់ផលិតទឹកពិសាចែកជូនដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រ ព្រះសង្ឃ រដ្ឋបាលឃុំ ប៉ុស្តិ៍រដ្ឋបាល មណ្ឌលសុខភាព និងមន្ត្រីបុគ្គលិកដែលបម្រើការងនៅតំបន់នោះ»។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា ដោយមានឧបករណ៍ចម្រោះទឹកនេះជាជំនួយ ប្រជាពលរដ្ឋដែលរស់នៅលើភូមិបណ្តែតទឹកនៅឃុំកោះជីវាំងជាង ១ម៉ឺននាក់នឹងអាចជួយសម្រាលការចំណាយ លើការប្រើប្រាស់ទឹកសម្រាប់ពិសា និងជួយចូលរួមកាត់ បន្ថយសំណល់ប្លាស្ទិកដែលកើតចេញពីការពិសាទឹក ដែលច្រកក្នុងដបប្លាស្ទិក។

ឯកឧត្តម នេត្រ ភក្ត្រា គូសបញ្ជាក់ពីសារៈប្រយោជន៍ នៃឧបករណ៍ចម្រោះទឹកសម្រាប់ពិសានេះដោយលើក ឡើងថា៖«ឧបករណ៍ចម្រោះទឹកនេះបានដើរតួនាទីជា

ទី១-អ្នកផលិតទឹក និងផ្តល់ទឹកស្អាតគ្រប់គ្រាន់សម្រាប់ពិសា នៅក្នុងសហគមន៍ជាពិសេសបងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រឱ្យពួកគាត់មានទឹកពិសាប្រកបដោយអនាម័យ។

ទី២-ជួយសន្សំសំចៃថវិការបស់ពលរដ្ឋក្នុងការ ចំណាយទិញទឹកដបសម្រាប់ពិសា។

ទី៣-គិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ និងជំរុញលើកកម្ពស់លើការ រស់នៅស្អាត ហូបស្អាត ផឹកស្អាត អនាម័យ។

ទី៤-លើកកម្ពស់តម្លៃបរិស្ថានសហគមន៍ សាលារៀនស្អាត ភូមិឋានស្អាតនិងជាពិសេសកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិកនៅក្នុងបឹងទន្លេសាបដោយ សារតែការទុកដាក់គ្រប់គ្រងសំណល់ប្លាស្ទិកមិនបានត្រឹមត្រូវ»។

ឯកឧត្តម នេត្រ ភក្ត្រា បន្តថា សំណល់ ប្លាស្ទិកជាក្តីកង្វល់រួមរបស់ពិភពលោក ដោយសារតែការ ប្រើប្រាស់ផលិតផលពីប្លាស្ទិកបន្តមាននិន្នាការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែវាមានភាពងាយស្រួល ប្រើ តម្រូវការប្រើប្រាស់វេចខ្ចប់ខ្ពស់ និងមានតម្លៃថោក។

ស្ថានីយ៍ផលិតទឹកពិសាសហគមន៍ព្រែកទាល់ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១១ ដោយមានការឧបត្ថម្ភពីអង្គការដៃគូដើម្បីផលិតនិងផ្គត់ផ្គង់ទឹកហូបជូនប្រជាសហគមន៍ព្រែកទាល់។ ស្ថានីយ៍ផលិតទឹកពិសាសហគមន៍ព្រែកទាល់ដំបូងឡើយបានបំពាក់ចម្រោះទឹកធ្វើពីស្រទាប់ខ្សាច់ ធ្យូង និងដុំគ្រួសតូចៗ ឬគេអាចហៅថា តម្រងខ្សាច់ជីវសាស្ត្រ- Bio-sand Filter។

ស្ថានីយ៍ផលិតទឹកពិសាសហគមន៍ព្រែកទាល់ត្រូវបានផ្ទេរឱ្យសហគមន៍ព្រែកទាល់ គណៈកម្មាការឃុំកោះជីវាំង ជាអ្នកគ្រប់គ្រងផ្ទាល់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ តាមរយៈកិច្ចសន្យាប្រគល់ទទួលផែទឹក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តបាត់ដំបងមានភារកិច្ច ដឹកនាំ កែលម្អជួសជុល និងគ្រប់គ្រងស្ថានីយ៍ផលិតទឹកពិសាសហគមន៍ព្រែកទាល់។ ផែទឹកត្រូវបានជួសជុលបច្ចេកវិទ្យា Ultrafilter (UF) Reverse Osmosis (RO) និង Ultra Violet (UV) ត្រូវបានបំពាក់ជាប្រព័ន្ធចម្រោះទឹកហូប។ ប្រព័ន្ធថាមពលអ៊ីប្រ៊ីត (ថាមពលកកើតឡើងវិញ ឬ សូឡាព្រះអាទិត្យ និងម៉ាស៊ីនភ្លើង) ត្រូវបានតំឡើងនិងប្រើប្រាស់។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា យោងតាមគោលការណ៍ ចំពោះវត្តអារាម សាលាឃុំ មណ្ឌលសុខភាព ស្នាក់ការនិងមន្ត្រីឧទ្យានុរក្ស មនុស្សចាស់ គ្រួសារនិងជនក្រីក្រ សិស្សសាលា អាចប្រើប្រាស់ទឹកដោយមិនគិតថ្លៃ។ ជាមួយគ្នានេះ គម្រោងឧបករណ៍ចម្រោះទឹកស្អាតសម្រាប់ពិសានេះក៏បាននិងកំពុងរៀបចំគោលការណ៍យកសំណល់ដបទឹក និងថង់ប្លាស្ទិកប្តូរទឹកស្អាតសម្រាប់ ពិសាផងដែរ។ នៅចំពោះមុខប្រជាពលរដ្ឋ សិស្សានុសិស្ស និងអាជ្ញាធរនៃឃុំកោះជីវាំងដែលបានចូលរួមក្នុងពិធីដាក់ឱ្យប្រើប្រាស់ឧបករណ៍ចម្រោះទឹកពិសានៅសហគមន៍ព្រែកទាល់ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការចូលរួមរបស់ពលរដ្ឋទាំង អស់ក្នុងការប្រើប្រាស់ទឹកពិសាផលិតពីឧបករណ៍ចម្រោះ នេះនឹងចូលរួមកាន់តែច្រើនក្និងការកាត់បន្ថយសំណល់ប្លាស្ទិកនៅលើបឹងទន្លេសាប កាត់បន្ថយការបំពុលបរិស្ថាន និងការបំពុលជីវៈចម្រុះ។ «សំណល់ប្លាស្ទិកនៅ លើបឹងទន្លេសាបមាន ២ ប្រភេទគឺសំណល់ដែលចេញពី ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅលើទីតាំងភូមិបណ្តែតទឹក និងសំណល់ប្លាស្ទិកក្នុងបរិស្ថានដែលបានហូរនាំសំណល់ប្លាស្ទិកពីតំបន់ជុំវិញបឹងទន្លេ សាបនៅរដូវទឹកឡើងនាខែវស្សាតាមស្ទឹងព្រែកនានា»។ នេះគឺជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម នេត្រ ភក្ត្រា  រួមទាំងអំពាវនាវដល់ពលរដ្ឋទាំងអស់ចូលរួមញែកសំរាម តាមប្រភេទ និងវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ កុំបោះសំណល់សំរាមប្លាស្ទិកពាសវាលពាសកាល ដែលផល ប៉ះពាល់នឹងធ្លាក់មកលើយើងវិញ។

ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ ក្រសួងបរិស្ថានក៏ បានផ្តល់ជូនពលរដ្ឋដែលមានជីវភាពក្រី និងរដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាល សាលារៀន មណ្ឌលសុខភាពនូវធុងទឹក ចំណុះ ២០លីត្រសម្រាប់ដាក់ទឹកយកទៅប្រើប្រាស់ប្រចាំថ្ងៃ ហើយពេលអស់អាចមកយកសាជាថ្មី។ ប្រជាពលរដ្ឋ ដែលបានទទួលសេវាផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាបាន បង្ហាញអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរ គុណចំពោះក្រសួងបរិស្ថានដែលបានយកចិត្តទុកដាក់ ចំពោះសុខុមាលភាពប្រជាពលរដ្ឋជាពិសេសផ្គត់ផ្គង់ទឹក សម្រាប់ពិសាដើម្បីសុខភាព៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner