ក្មួយៗ កុមារកំព្រា ពុំមានឪពុកម្តាយ តែក្មួយៗនៅមានឱកាសសិក្សារៀនសូត្រ ដូចក្មេងៗទៅតាមផ្ទះដែរ

ខេត្តកែប ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា ក្មួយៗទាំងអស់ ជាកុមារកំព្រា ពុំមានឪពុកម្តាយ តែក្មួយៗនៅមានឱកាសសិក្សារៀនសូត្រ ដូចក្មេងៗនៅតាមផ្ទះដែរ ទោះបីក្មួយៗនៅក្នុងបុរីកុមារនេះ តែត្រូវបានមើលថែទាំយ៉ាងយកចិត្តដាក់ពីម៉ាក់ដោះ គ្រប់ពេលវេលា ដូចនេះ សូមក្មួយៗ ខិតខំតែម្យ៉ាង គឺ ការសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ពង្រឹងសមត្ថភាពខ្លួងឯង ដើម្បីចាប់យកឱកាសការងារ ទៅអនាគតដ៏ត្រចះត្រចង់ ។

ឯកឧត្តម សោម ពិសិដ្ឋ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ ស ម៉ាលីដា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កុមារកំព្រាក្នុងបុរីកុមារកំព្រា ខេត្តកែប នារសៀលថ្ងៃទី១០ ខែធ្នូ ២០២១នេះ ។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ ក្រុមសមាគមអចលនទ្រព្យសាកល និងសមាគម ពុទ្ធសាសនាអន្តរជាតិ ដែលបានចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងឱកាសនាំយកអំណោយរបស់សម្តេចតេជោ ផ្តល់ជូនក្មួយៗកុមារកំព្រានាពេលនេះ។  

ឯកឧត្តមចាត់ទុកកាយវិការនេះ ជាការបង្ហាញនូវការគិតគូរ យកចិត្តទុកដាក់ អាណិតស្រឡាញ់ កុមារកំព្រាក្រីក្រ កុមាររងគ្រោះ ដែលពួកគេកំពុងស្នាក់អាស្រ័យក្នុងមជ្ឈមណ្ឌលនេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានក្រើនរំលឹក ដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាព រស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត ពាក់ម៉ាស់ លាងដៃ ពិសេស អនុវត្តវិធានការ បីកុំ បីការពារ អោយបានជាប់ជាប្រចាំ ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ-១៩ និងត្រូវផ្ចងអារម្មណ៍ខិតខំរៀនសូត្រ និងត្រូវចេះស្តាប់បង្គាប់ម៉ែដោះក្នុងមណ្ឌល ចេះសាមគ្គីជួយគ្នាទៅវិញទៅមក ។
បន្ទាប់មកគណៈអធិបតីបានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ ដល់កុមារទាំង ៣៨នាក់ ក្នុងម្នាក់កាតាបរៀនមួយ ដបអាកុលម្នាក់មួយ និងថវិការ ៣ម៉ឺនរៀល និងផ្តល់សំភារៈដល់បុរីកុមារ រួមមាន អង្ក ១តោន មី ៣០កេ កង ៥គ្រឿង សៀវភៅសិក្សាសម្រាប់ក្មួយៗ ២០០ក្បាល ម៉ាស់ ២៥០០ អាលកុល ៣០លីត្រ ថវិកា ៤,០០០,០០០រៀល ឧបត្ថម្ភ បុគ្គលិក និងម៉ែដោះ ៧នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល ផ្តល់ថវិកាជូនដល់កុមារ ដែលបានបញ្ចប់ការសិក្សា មានការងារធ្វើ ធ្វើសមាហរណកម្មចេញពីបុរីកុមារ ៩នាក់ ក្នុងម្នាក់ ១,០៨០,០០០រៀល ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner