សាកលវិទ្យាល័យ លីមកុកវីង ប្រគល់ពានរង្វាន់និងអាហារូបករណ៍“ការប្រលងសិស្សពូកែ ថ្នាក់ទី១២ ទូទាំងប្រទេស ប្រចាំសាកលវិទ្យាល័យ លីមកុកវីង”

ភ្នំពេញ ៖ សាកលវិទ្យាល័យ លីមកុកវីង បានប្រគល់ពានរង្វាន់និងអាហារូបករណ៍ដល់សិស្សានុសិស្សឆ្នើម ក្នុង “កម្មវិធីប្រលងសិស្សពូកែ ថ្នាក់ទី១២ ទូទាំងប្រទេស ប្រចាំសាកលវិទ្យាល័យ លីមកុកវីង ” ក្រោមវត្តមាន ឯកឧត្ដម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីគណៈគ្រប់គ្រងសាកលវិទ្យាល័យ អាណាព្យាបាលសិស្សានុសិស្ស នាព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ។
ពិធីប្រគល់ពានរង្វាន់និងអាហារូបករណ៍ប្រារព្ធឡើង ដើម្បីប្រគល់ពានរង្វាន់និងអាហារូបករណ៍ដល់ជ័យលាភី ដែលទទួលបានពានរង្វាន់រហូតដល់២២លានរៀល និងអាហារូបករណ៍ពេញថ្លៃ ដោយមានឱកាសសិក្សាក្នុងបរិបទអន្តរជាតិ ផ្លាស់ប្តូរបទពិសោធន៍វប្បធម៌ចម្រុះ ទទួលចំណេះដឹងវិជ្ជាជីវៈនិងមានភាពច្នៃប្រឌិតខ្ពស់ ហើយជ័យលាភីមានត្រឹមតែ១០រូបតែប៉ុណ្ណោះដែលទទួលបានជោគជ័យនិងជាប់ជម្រុះវគ្គផ្តាច់ព្រ័ត្រក្នុងចំណោមបេក្ខជនទូទាំងប្រទេស ជាង៦០០នាក់ ។
ក្នុងឱកាសនោះ ឯកឧត្ដម យក់ ង៉ុយ បានថ្លែងនូវកាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្អូនៗកូនក្មួយ ដែលបានក្លាយជាបេក្ខជនជាប់ជ័យលាភីសិស្សពូកែ ដោយទទួលបានពានរង្វាន់រហូតដល់២២ (ម្ភៃពីរ) លានរៀល និងអាហារូបករណ៍ពេញថ្លៃ ព្រមទាំងមានឱកាសសិក្សានៅសាកលវិទ្យាល័យស្តង់ដារអន្តរជាតិ អាចផ្លាស់ប្តូរបទពិសោធន៍វប្បធម៌ចម្រុះ និងទទួលចំណេះដឹងវិជ្ជាជីវៈនិងមានភាពច្នៃប្រឌិតខ្ពស់ ដែលនេះជាកិត្តិយសសម្រាប់លោកឪពុកអ្នកម្តាយ មិត្តភក្តិ និងជាតំណាងសាលារបស់ប្អូនៗកូនក្មួយទាំងអស់ ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យប្អូនៗកូនក្មួយបន្តខិតខំប្រឹងប្រែងនិងអភិវឌ្ឍចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងការរស់នៅក្នុងសង្គមជាតិប្រកបដោយគុណប្រយោជន៍ ជួយជាតិមាតុភូមិយើងទាំងអស់គ្នា ។ អនាគតដ៏រុងរឿងរបស់ជាតិយើង គឺពឹងផ្អែកលើប្អូនៗកូនក្មួយ ដែលជាទំពាំងស្នងឫស្សីដ៏រឹងមាំ ខ្លាំងក្លា និងការតស៊ូយ៉ាងមុតស្រួច ដើម្បីជួយជ្រោមជ្រែងសង្គមជាតិយើង ហើយក៏ប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាងនិងក្នុងឆាកអន្តរជាតិផងដែរ ។ ជាពិសេស ប្អូនៗកូនក្មួយត្រូវប្រឹងប្រែងសិក្សា ក៏ដូចជាកុំភ្លេចត្រៀមខ្លួនដើម្បីប្រលងបញ្ចប់ថ្នាក់មធ្យមសិក្សា ទុតិយភូមិ (ឬបាក់ឌុប) ដែលនឹងឈានមកដល់ឆាប់ៗក្នុងថ្ងៃខាងមុខនេះ ។

ឯកឧត្ដម យក់ ង៉ុយ បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យ លីមកុកវីង ដែលបានផ្តល់អាហារូបករណ៍សិក្សាឥតគិតថ្លៃ១០០% ចំនួន១០កន្លែង ដល់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេលបួនឆ្នាំពេញ ក្នុងឆ្នាំសិក្សា២០២១-២០២២ ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ សូមកោតសរសើរដោយស្មោះចំពោះមាតាបិតា អាណាព្យាបាល និងគណៈគ្រប់គ្រងសាលាដែលតំណាងវិទ្យាល័យទាំងអស់ ដែលបានអញ្ជើញមកចូលរួមអបអរសាទរ និងលើកទឹកចិត្តចំពោះបេក្ខជនជ័យលាភីឆ្នើមៗទាំង១០រូប ពិសេសគណៈគ្រប់គ្រងសាកលវិទ្យាល័យ សាកលវិទ្យាធិការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំ “ការប្រលងសិស្សពូកែ ថ្នាក់ទី១២ ទូទាំងប្រទេស ប្រចាំសាកលវិទ្យាល័យ លីមកុកវីង” ហើយក៏សូមជួយបន្តកម្មវិធីប្រលងប្រជែងនេះរហូតដល់ឆ្នាំក្រោយៗទៀត ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner