កាកបាទក្រហមកម្ពុជា ប្រគល់ជែលលាងដៃ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ខេត្តព្រៃវែង និងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងការចូលរួមប្រយុទ្ធជម្ងឺកូវីដ១៩

ដើម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ជែលលាងដៃ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ខេត្តព្រៃវែង និងមន្ទីរពេទ្យបង្អែកខេត្ត អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសមាជិក សមាជិកា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្តាំផ្ញើនូវប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះជួរគណៈអភិបាលខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជាខេត្តទាំង២ ដែលជាប្រតិបត្តិករមនុស្សធម៌ជួរមុខ បានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅតាមព្រំដែនផង និងនៅតាមសហគមន៍ផង។ ទន្ទឹមនឹងនេះ បុគ្គលិកសុខាភិបាលនៅគ្រប់មន្ទីរពេទ្យទាំងអស់ ក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង ក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការលើកកម្ពស់ និងពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។
ជាមួយគ្នានេះ លោកជំទាវ អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា ៖ «យុទ្ធសាស្ត្រគន្លឹះ និងចក្ខុវិស័យដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស រួមជាមួយការលេីកកម្ពស់ការយល់ដឹងពីវិធានការទប់ស្កាត់ និងការអនុវត្តវិធានការ ៣ការពារ និង៣កុំ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ បានធ្វើឱ្យប្រទេសកម្ពុជាយើង ឈានដល់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ហើយសង្ឃឹមជឿជាក់ថា ខ្លឹមសារនៃយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ នឹងជ្រួតជ្រាបកាន់តែច្បាស់ដល់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីធានានូវស្ថិរភាពនៃការបើកដំណើរការប្រទេសឡើងវិញ»។
សូមបញ្ជាក់ថា ជែលលាងដៃជាអំណោយរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក បានប្រគល់ជូនកាកបាទក្រហមកម្ពុជា ជំហានទី១ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ។ ហើយក្នុងឱកាសនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងចំនួន ២២០កេស, អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១៣ ចំនួន ៦៥កេស, មន្ទីរពេទ្យបង្អែកក្រុង-ស្រុកទាំង១២ ចំនួន ១៤៤កេស និងវិទ្យាល័យទាំង៣២ ចំនួន ៣២០កេស។ ចំណែកសាខាកាកបាទក្រហមខេត្តស្វាយរៀង ទទួលបានជែលលាងដៃ ៩០៩កេស (ស្មើនឹង ១៤.៥៤៤ដប) ជូនដល់មន្ទីរពេទ្យបង្អែកចំនួន៦ នៅក្នុងខេត្តស្វាយរៀង ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner