ឧបករណ៍ចម្រោះទឹកជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក

ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងនិងកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិក និងសំណល់ប្លាស្ទិកនៅកម្ពុជា រាជរដ្ឋាភិ បាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានដាក់ចុះនូវយន្តការនិងគោលការណ៍ក្នុងការគ្រប់គ្រងការប្រើប្រាស់ប្លាស្ទិកព្រមទាំងផ្តល់នូវដំណោះស្រាយនានាសំដៅបង្កើន ប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់ប្លាស្ទិកក្នុងនោះឧប ករណ៍ចម្រោះទឹកស្អាតសម្រាប់ពិសានៅតាមទីតាំងនានា ទាំងក្នុងសហគមន៍ និងស្ថាប័នរដ្ឋបាលសាធារណៈនានាគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក។ នេះគឺជាការថ្លែងឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឧបករណ៍ចម្រោះទឹកនៅទីតាំងចំនួន ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយបានបញ្ជាក់ថា តាមការសិក្សា ឧបករណ៍ចម្រោះទឹកពិតជាបានចូលរួម ក្នុងការសន្សំសំចៃថវិកាទិញទឹកបរិភោគ កាត់បន្ថយសំណល់ប្លាស្ទិកនៅទីតាំងដែលបានដាក់ឧបករណ៍ចម្រោះ និងលើកកម្ពស់បរិស្ថាននៅកន្លែងធ្វើការ និង ក្នុងសហគមន៍។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេធិការក្រសួងបរិស្ថាន ដែលបានចូលរួមជាអធិបតីប្រគល់ឧបករណ៍ចម្រោះទឹក ដល់សាកលវិទ្យាល័យជាតិមានជ័យក្នុងខេត្តបន្ទាយមាន ជ័យ និងជូនដល់រដ្ឋបាលក្រុងបាត់ដំបង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង និងមន្ទីរបរិស្ថានខេត្តបាត់ ដំបង បានថ្លែងថា លទ្ធផលនៃការសិក្សាបឋមក្រោយពីបានបំពាក់ប្រព័ន្ធឧបករណ៍ចម្រោះទឹក បង្ហាញថា ក្នុងរយៈពេល៦ខែកន្លងទៅនេះ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ បុគ្គលិក និស្សិត និងប្រជាសហគមន៍ បានទទួលស្គាល់គុណភាពទឹក និងទទួលទានទឹកចម្រោះដោយមានភាពជឿជាក់។ ឧបករណ៍ចម្រោះទឹកស្អាតសម្រាប់ពិសានេះបានចូលរួមកាត់បន្ថយជាអតិបរមានូវការប្រើដបទឹកប្លាស្ទិក កាត់បន្ថយចំណាយជាអតិបរមានូវការទិញទឹកដប ជាពិសេសមន្ទីរបរិស្ថាន សាលាក្រុងបាត់ដំបង បញ្ជាលារដ្ឋានរាជអាវុធហត្ថខេត្ត បានបំបាត់ការប្រើទឹកដបប្លាស្ទិកស្ទើរតែទាំងស្រុង ព្រមទាំងបានបង្កើនបរិមាណការទទួលទានទឹកគ្រប់គ្រាន់សម្រាប់សុខភាព។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា នៅមុនពេលមានឧបករណ៍ចម្រោះទឹក មន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបងចំនួន ២១ នាក់ រួមនឹងក្រុមគ្រួសារក្នុងរយៈពេល ៦ ខែ ត្រូវចំណាយ ថវិកាចំនួន ៩៤៧២ ដុល្លារអាម៉េរិកដើម្បីទិញទឹកពិសា ហើយបន្សល់នូវសំណល់ដបប្លាស្ទិកចំនួន ៣៦០៨៤ ដប ខណៈមន្ត្រីរដ្ឋបាលក្រុងបាត់ដំបងចំនួន ១០២ រូបរួមនឹងក្រុមគ្រួសារពួកគាត់ត្រូវចំណាយថវិកាចំនួន ១៩៣២៦ ដុល្លារ និងបន្សល់ដបទឹកប្លាស្ទិកចំនួន ៦០២១៦ ដប។ ប៉ុន្តែក្រោយពេលដំឡើងឧបករណ៍ចម្រោះទឹក មន្ត្រីនៃមន្ទីរបរិស្ថាន និងរដ្ឋបាលក្រុងបាត់ដំបងបានកាត់បន្ថយទាំងថវិកាក្នុងការចំណាយទិញទឹកសម្រាប់ខ្លួននិងក្រុមគ្រួសារដោយក្នុងនោះរយៈពេល ៦ ខែដូចគ្នា មន្ត្រីនៃមន្ទីរបរិស្ថាននិងក្រុមគ្រួសារចំណាយថវិកាត្រឹម ១៩៤៥ ដុល្លារដើម្បីទិញទឹកពិសា ហើយសំណល់ដបប្លាស្ទិកចុះមកត្រឹម ៨១០០ ដប ចំណែករដ្ឋបាលខេត្តបានកាត់បន្ថយការចំណាយមកនៅត្រឹម ៩៦១៦ ដុល្លារអាម៉េរិក និងសំណល់ដបបកលាស្ទិកត្រូវបានកាត់បន្ថយមកនៅត្រឹម ២៩០០៧ ដបប៉ុណ្ណោះ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា នេះគឺជាដំណោះស្រាយពិត ប្រាកដ ហើយបានចូលរួមចំណែកក្នុងការសន្សំប្រាក់ និងការបំពុលបរិស្ថានដោយមិនដឹងខ្លួន។ ឯកឧត្តមបានថ្លែងថាការចូលរួមប្រើប្រាស់ទឹកចម្រោះមានតម្លៃសេដ្ឋកិច្ច និងបរិស្ថាន។

ចំពោះឧបករណ៍ចម្រោះទឹក និង ធុងទឹកក្តៅត្រជាក់ត្រូវបានរដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ឧបករណ៍ចម្រោះទឹកសម្រាប់ពិសាដែលបានជ្រើសរើសយកមកបំពាក់នេះជាឧបករណ៍នាំចូលពីតៃវ៉ាន់ ប្រើប្រាស់បច្ចេកវិទ្យា Ultrafilter (UF) Reverse Osmosis (RO) និង Ultra Violet (UV)។ ដោយផ្អែកតាមស្ថានភាពនៃប្រភពទឹកដែលត្រូវតភ្ជាប់ចូលក្នុងប្រព័ន្ធចម្រោះទឹកហូប មាន៤ទីតាំងប្រើប្រាស់ប្រភពទឹកពីបណ្តាញទឹករដ្ឋ/ឯកជន ត្រូវបំពាក់តម្រងUF និងកាំរស្មីUV។ នៅសាកលវិទ្យាល័យជាតិមានជ័យ សាលាក្រុងបាត់ដំបង និងមន្ទីរបរិស្ថានខេត្តបាត់ដំបងមានបំពាក់ជូនធុងទឹកក្តៅត្រជាក់ផងដែរ។ ចំណែកស្ថានីយ៍ផលិតទឹកហូបសហគមន៍ព្រែកទាល់ដែលប្រើប្រាស់ប្រភពទឹកពីស្ទឹងសង្កែគឺត្រូវបានបំពាក់តម្រងទាំងបីប្រភេទរួមគ្នា និងដំណើរការដោយប្រើប្រាស់ថាមពលពីប្រព័ន្ធសូឡា និងម៉ាស៊ីនភ្លើងរួមគ្នា ដើម្បី ផលិតទឹកហូបប្រកបដោយសុវត្ថិភាព។ ក្រោយបំពាក់ប្រព័ន្ធចម្រោះទឹកហូបថ្មី តម្រូវការទឹកហូប នៅសហគមន៍ព្រែកទាល់មានការកើនឡើង។ ឆ្លើយតបចំពោះតម្រូវការនេះ ក្រសួងបរិស្ថានបានសហការជាមួយក្រុមហ៊ុនផលិតឧបករណ៍ចម្រោះទឹក ជួយដោះស្រាយដោយផ្តល់ឧបករណ៍ សម្ភារសម្រាប់ដំឡើងសមត្ថភាពផលិតទឹកពី ២០០០ លីត្រ/ថ្ងៃ ឱ្យដល់ ៤០០០លីត្រ/ថ្ងៃ ជាបន្តបន្ទាប់ដោយមិនគិតថ្លៃ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈប្រយោជន៍ នៃឧបករណ៍ចម្រោះទឹកសម្រាប់ពិសានេះដោយលើក ឡើងថា៖«ឧបករណ៍ចម្រោះទឹកនេះបានដើរតួនាទីជា ទី១-អ្នកផលិតទឹក និងផ្តល់ទឹកស្អាតគ្រប់គ្រាន់សម្រាប់ពិសា នៅក្នុងសហគមន៍ជាពិសេសបងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រឱ្យពួកគាត់មានទឹកពិសាប្រកបដោយអនាម័យ។ ទី២-ជួយសន្សំសំចៃថវិការបស់ពលរដ្ឋក្នុងការ ចំណាយទិញទឹកដបសម្រាប់ពិសា។ ទី៣-គិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ និងជំរុញលើកកម្ពស់លើការ រស់នៅស្អាត ហូបស្អាត ផឹកស្អាត អនាម័យ។ ទី៤-លើកកម្ពស់តម្លៃបរិស្ថានសហគមន៍ សាលារៀនស្អាត ភូមិឋានស្អាតនិងជាពិសេសកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិកនៅក្នុងបឹងទន្លេសាបដោយ សារតែការទុកដាក់គ្រប់គ្រងសំណល់ប្លាស្ទិកមិនបានត្រឹមត្រូវ»។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា សំណល់ ប្លាស្ទិកជាក្តីកង្វល់រួមរបស់ពិភពលោក ដោយសារតែការ ប្រើប្រាស់ផលិតផលពីប្លាស្ទិកបន្តមាននិន្នាការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែវាមានភាពងាយស្រួល ប្រើ តម្រូវការប្រើប្រាស់វេចខ្ចប់ខ្ពស់ និងមានតម្លៃថោក។

ដោយទទួលបាននូវភាពជោគជ័យលើការអនុវត្តគម្រោង កាត់បន្ថយសំណល់ប្លាស្ទិកនៅតាមសហគមន៍និងនៅតាមទីប្រជុំជនដោយផ្តល់ឧបករណ៍ចម្រោះទឹកស្អាតសម្រាប់ពិសារនេះ ក្រសួងបរិស្ថានបានបន្តគាំទ្រសំណើគម្រោងតំឡើងឧបករណ៍ចម្រោះទឹកហូបចំនួន ៦ ទីតាំងបន្ថែមទៀតនៅក្នុងខេត្តបាត់ដំបង រួមមាន (១) មន្ទីរផែនការ មន្ទីរមុខងារ និងមន្ទីរទំនាក់ទំនងសភា (២) វិទ្យាល័យ និងអនុវិទ្យាល័យ នេត យ៉ង់ (៣) សាលាខេត្តបាត់ដំបង (៤) ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង (៥) អនុវិទ្យាល័យស្រែអណ្តូង-មន្ទីរពេទ្យបង្អែក-សាលាឃុំស្រែអណ្តូង និង (៦) អនុវិទ្យាល័យមានជ័យ-មន្ទីរពេទ្យបង្អែក-សាលាឃុំមានជ័យ។ ក្រៅពីគម្រោងនេះ ក្រសួងបរិស្ថាន បានដំឡើងម៉ាស៊ីនចម្រោះទឹកនៅតាមសាលារៀន វត្តអារាមនានានៅក្នុងបណ្តាខេត្តមួយចំនួននៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា ក្រៅពីការនេះ ក្រសួងបរិស្ថានបានបំពាក់សម្ភារផ្សេងៗទៀតដល់រដ្ឋបាលខេត្តរួមមានរថយន្តដឹកសំរាម ម៉ូតូដឹកសំរាម ឡដុតសំណល់រឹងសំរាម រួមនឹងបច្ចេកទេសដើម្បីបង្កើតសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិលើការគ្រប់គ្រងសំណល់រឹងសំរាមតាមទីប្រជុំជនឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយក្នុងនោះក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍លើការសាងសង់ទីលានចាក់សំរាមមានស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីទុកដាក់សំណល់រឹងសំរាមតាមបច្ចេកទេស៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner