ប្រាសាទអង្គរវត្តជាប់លេខ ១ ជាប្រាសាទដ៏ល្បីល្បាញបំផុតនៅអាស៊ីរបស់គេហទំព័រ Touropia

វេបសាយ ទេសចរណ៍ Touropia បាន ជ្រើសរើស ប្រាសាទអង្គរវត្ត ជា ប្រាសាទ ដ៏ ល្បីល្បាញបំផុត នៅទ្វីប អាស៊ី ដោយផ្ដល់ ចំណាត់ថ្នាក់លេខ ១ លើប្រាសាទនានា ទាំងអស់នៅក្នុង អត្ថបទ ដែលមានចំណងជើង ថា “10 Most Famous Temples in Asia” កាលពីពេល ថ្មីៗនេះ។

ក្រសួងទេសចរណ៍ ក៏បាន ធ្វើការ អបអរសាទរ ចំពោះប្រាសាទអង្គរវត្ត របស់ កម្ពុជា ដែលត្រូវបានជ្រើសរើសជាប្រាសាទ ដ៏ល្បីល្បាញបំផុតក្នុងតំបន់អាស៊ី របស់ វេបសាយ ទេសចរណ៍ ដ៏ល្បីមួយនេះ។

ប្រាសាទអង្គរវត្ត គឺជាទីកន្លែងសាសនាដ៏ធំបំផុត របស់ ពិភពលោក ។ ទីនេះទេសចរ និយមទៅទស្សនា នៅពេលថ្ងៃរះ ពេលព្រះអាទិត្យបានរះ ចំប្រាង្គប្រាសាទ ចំកណ្ដាល ។

ប្រាសាទអង្គរវត្ត ជានិមិត្តរូប ដ៏រុងរឿង នៃ ព្រលឹងជាតិ របស់ប្រជាជនកម្ពុជាយើង ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុ ដ៏កម្រមួយ របស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយ ខាងស្ថាបត្យកម្ម របស់ មនុស្ស ។ ជនបរទេស ខ្លះ គេមិនស្គាល់ទេ ឈ្មោះ កម្ពុជា តែបើនិយាយប្រាប់គេថា អង្គរ ទើបគេស្គាល់ ។
អង្គរវត្ត ជាប្រជុំអគារប្រាសាទ ព្រហ្មញ្ញសាសនា ធំបំផុត និងជាវិមាន សាសនា ដ៏ធំបំផុតនៅក្នុងលោក ។ ប្រាសាទ អង្គរ ត្រូវបានកសាងឡើង ដោយព្រះបាទ សូរ្យវរ្ម័ន ទី ២ ដែលជាស្នាដៃដ៏ធំចម្បង អស្ចារ្យ និង មានឈ្មោះ ល្បីល្បាញ រន្ទឺ សុះសាយ ទៅ គ្រប់ទិសទី លើពិភពលោក។ ប្រាង្គប្រាសាទ ដ៏មហិមានេះ សង់ឡើង នៅដើម សតវត្ស ទី ១២ នៅយសោធរបុរៈ ដោយ អធិរាជាណាចក្រខ្មែរ ឧទ្ទិសដល់ ព្រះវិស្ណុ ។

តាមការសន្និដ្ឋាន របស់ក្រុមអ្នកស្រាវជ្រាវ ប្រាសាទអង្គរវត្ត ប្រើកម្លាំង ពលកម្ម មនុស្ស ប្រមាណជាង ៣០ម៉ឺននាក់ ដំរីជាង ៦ពាន់ ក្បាល និង ប្រើប្រាស់ថ្ម សរុបប្រមាណជាង ១០លានតោន នៅក្នុងទំហំខ្នាត និង ភាពស៊ីមេទ្រី ឡើងដល់កំពូល ដែលត្រូវបានគេជឿថា ជាប្រាសាទ សាសនាដ៏ធំបំផុត ជាស្ថាបត្យកម្មកំពូលក្នុងលោក។

រៀងរាល់ ខែកញ្ញា ចន្លោះ ពី ថ្ងៃទី ២១ ដល់ ថ្ងៃ ទី ២៣ ខែកញ្ញា និង ក្នុងខែមីនា គឺ ព្រះអាទិត្យ រះ និង លិច ចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលចែករយៈពេលយប់ និង ថ្ងៃ ស្មើគ្នា ឬ ហៅថា ( សម រាត្រី ) គ្រប់អ័ក្ស នៃ ប៉ម របស់ ប្រាសាទ គឺកើតចេញពីរង្វង់មូល ដែល តំណាងឲ្យហ្វូងតារា ត្រា គោ (Draco) កញ្ជុំ សកល ដែល មាន អាយុកាល ២លានឆ្នាំ មាន ចម្ងាយ ពី ផែនដី ១៩ ទ្រីលាន គីឡូម៉ែត្រ ដោយស្មើនឹងរង្វាស់កាំរស្មី ព្រះអាទិត្យ ២ឆ្នាំ ពន្លឺ ។

អង្គរវត្ត ស្ថិតនឹងខ្សែ អ័ក្សទី ៧ នៃ រយៈទទឹង របស់ ផែនដី ដែលខ្សែនោះជាន់គ្នា ជាមួយ នឹង ប្រាសាទ ពីរ៉ាមីត ជី ហ្សា របស់ អេស៊ីប ប្រាង្គ ឆីក ឈេនអ៊ីតសា របស់ ម៉ិចស៊ិច និង ចុងក្រោយ ជាមួយ រូប សំណាក មនុស្ស បុរេប្រវត្តិ របស់ ឈី លី។
ជាងនេះទៀត ប្រាង្គ អង្គរ មានលក្ខណៈ ពិសេស គឺ ប្រែពណ៌ពី សំរឹទ្ធ ទៅប្រាក់ ពី ប្រាក់ មក មាស ទៅតាមពេលវេលា មួយ ទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល និង ជា ប្រាសាទ សង់ អំពី ថ្ម ដែល នៅ គង់វង្ស ល្អ បំផុត រហូត រាប់ រយ ឆ្នាំ គឺជា ប្រាសាទ តែមួយគត់ ដែល បាន បន្សល់ទុក នូវ មជ្ឈមណ្ឌល សាសនា ដ៏សំខាន់មួយ ចាប់តាំងពីព្រហ្មញ្ញសាសនា បូជា ដល់ ព្រះវិស្ណុ រហូតមកដល់ ពុទ្ធ និយម ។

ប្រាសាទ អង្គរ ស្ថិត ក្នុងរចនាបថ បុរាណ ជាន់ខ្ពស់ កំពូល នៃ ស្ថាបត្យកម្មខ្មែរ បានក្លាយជានិមិត្តរូប ជារបស់កម្ពុជា ដែលរំលេចលើ ទង់ជាតិ របស់ ប្រទេស ជា រូបភាព តំណាង ប្រទេសជាតិ និង ដួង ព្រលឹង ពលរដ្ឋខ្មែរ គ្រប់ៗរូប ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner