រដ្ឋបាលជលផលបានជូនដំណឹងដល់ពលរដ្ឋដែល មានបំណងដូចជា ការធ្វើប្រហុក ផ្អក ឬត្រីឆ្អើសូមប្រញាប់រួសរាន់
យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញក្តីជូនដំណឹងមួយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ ដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២១-២០២២នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានកំពស់ ទឹកដែលហូរចេញពីបឹងទន្លេសាប ពិនិត្យឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និង រាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើននៅក្នុងខែមិគសិរនេះ នៅថ្ងៃ៨កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី១២ រហូត ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។
យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផលសូមអញ្ជើញ ប្រជាពលរដ្ឋដែល មានបំណងដូចជា ការធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ ជាដើមសម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមមេត្តាអញ្ជើញមកទិញត្រីឱ្យ បានរួសរាន់ តាមពេលវេលា និងទីកន្លែងដូចខាងលើ។
ទន្ទឹមនឹងនេះ រដ្ឋបាលជលផលសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ បង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីបានដោយ រលូនតាមការគួរ។ ជាមួយគ្នានេះដែរ រដ្ឋបាលជលផលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាលអំពីវិធានការការពារមេរោគកូវីដ-១៩៕