ក្រុមនិយមលោកកឹម សុខា ៖ សម រង្ស៊ី នៅតែធ្វើនយោបាយទុច្ចរិត ឥតអៀនខ្មាសចង់ទម្លាក់កំហុសនៃការបែកបាក់ទៅលើលោក កឹម សុខា

ភ្នំពេញ ៖ ក្រុមមន្ត្រីនិយមលោក កឹម សុខា នៅតែបន្តលាតត្រដាង និងទម្លាយការពិតរឿងទណ្ឌិត សម រង្ស៊ី នៅតែធ្វើនយោបាយទុច្ចរិត ឥតអៀនខ្មាសចង់ទម្លាក់កំហុសនៃការបែកបាក់ទៅលើលោក កឹម សុខា និងចង់ប្រើប្រាស់កេរ្តិ៍ឈ្មោះរបស់លោក កឹម សុខា ព្រោះដឹងថា ខ្លួនបានចេញដំណើរខុសទិសដៅ អស់តម្លៃទៅហើយ ជាពិសេសលើឆាកអន្តរជាតិ ដូច្នេះមានតែងាកមកភូតកុហកប្រជាពលរដ្ឋខ្មែរខ្លះ តាមរយៈវិទ្យុអាស៊ីសេរី និងបណ្ឌិតនិយមលេងត្រីក្រឹម សេង សារី ជួយបំពងឱ្យសម្រាប់ជីវិតនយោបាយចុងក្រោយរបស់ខ្លួន។

នៅបណ្តាញសង្គមនៅថ្ងៃទី១២ ខែធ្នូនេះ លោក ហ៊ុន កុសល មន្ត្រីនិយមលោក កឹម សុខា បានសរសេរថា មនុស្សសុចរិតដែលតាមដាននយោបាយខ្មែរ សុទ្ធតែដឹងច្បាស់ថាលោក សម រង្ស៊ី បានដើរចេញពីទិសដៅរួមនៃសម្ព័នភាពជាមួយ កឹម សុខា ទៅបង្កើតចលនា និងយន្តការផ្សេងក្រៅពីស្មារតីដើមនៃការរួបរួមជាច្រើនលើកច្រើនសាររួចទៅហើយ។ ក៏ប៉ុន្តែ លោក សម រង្ស៊ី នៅតែធ្វើនយោបាយទុច្ចរិត ឥតអៀនខ្មាសចង់ទម្លាក់កំហុសនៃការបែកបាក់ទៅលើលោកប្រធាន កឹម សុខា និងចង់ប្រើប្រាសកេរ្តិ៍ឈ្មោះរបស់លោកប្រធាន កឹម សុខា ផង ព្រោះដឹងថាខ្លួនបានចេញដំណើរខុសទិសដៅអស់តម្លៃទៅហើយ ជាពិសេសលើឆាកអន្តរជាតិ ដូច្នេះមានតែងាកមកភូតកុហកប្រជាពលរដ្ឋខ្មែរខ្លះ តាមរយៈវិទ្យុអាស៊ីសេរី និងបណ្ឌិតនិយមលេងត្រីក្រឹម សេង សារី ជួយបំពងឲ្យសម្រាប់ជីវិតនយោបាយចុងក្រោយរបស់គាត់។

លោកបន្តថា បងប្អូនអាចពិនិត្យមើលសកម្មភាពចំនួន៥ចំណុចដូចខាងក្រោម ដែលបញ្ជាក់ពីលោក សម រង្ស៊ី បែកចេញពីលោក កឹម សុខា ហើយលែងជាមនស្សតែមួយ។
១/លោក សម រង្ស៊ី និយាយនៅក្នុងបទសម្ភាសន៍តាមរយៈវិទ្យុអាស៊ីសេរីកាលពីដើមឆ្នាំ២០១៩ ថា «កឹម សុខា ជាប់គុកឥតប្រយោជន៍»។ សំដីបែបនេះគឺជាការជាន់ឈ្លី និងមើលងាយការលះបង់របស់ប្រធានបក្សខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ខណៈដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិកំពុងទាមទារឱ្យមានដោះលែងលោក កឹម សុខា យ៉ាងកងរំពង។
២/ លោក សម រង្ស៊ី ធ្វើយុទ្ធនាការផ្តួលរំលំរដ្ឋាភិបាលផង, ប្រកាសកម្ចាត់ ហ៊ុន សែន ផង, អំពាវនាវបង្គាប់ឱ្យកងទ័ពបែរកាណុងទៅរដ្ឋាភិបាលផង, ពេញមួយឆ្នាំកាលឆ្នាំ២០១៩។ ការប្រកាសផ្តួលរំលំរដ្ឋាភិបាល ឬកម្ចាត់ ហ៊ុន សែន គឺមិនមែនជាការចូលរួមសម្រេចចិត្ត ឬគោលការណ៍របស់លោក កឹម សុខា /គណបក្សសង្រ្គោះជាតិទេ។
៣/លោក សម រង្ស៊ី រៀបចំផែនការបង្កើតរដ្ឋាភិបាលនិរទេសទាញក្រុមគាត់ឱ្យងាយស្រួលមានអង្គហេតុគ្រប់គ្រាន់ដល់រដ្ឋាភិបាលចោទប្រកាន់ទៅលើគាត់ និងក្រុមគាត់ ជាពួកឧទ្ទាម។ គណបក្សសង្រ្គោះជាតិ ឬលោក កឹម សុខា ដាច់ខាតមិនអាចជាប់ពាក់ព័ន្ធជាមួយពួកឧទ្ទាម។
៤/លោក សម រង្ស៊ី បានរុញឱ្យដំណើរការគណបក្សភ្លើងទៀនឡើងវិញ ក្បត់ប្រជាពលរដ្ឋ, ក្បត់គណបក្សសង្រ្គោះជាតិ, ក្បត់លោក កឹម សុខា ដែលបានចាប់ដៃគ្នាបង្កើតគណបក្សសង្រ្គោះជាតិ។
៥/បទចោទប្រកាន់លើលោក កឹម សុខា ដែលរដ្ឋាភិបាលបង្កើតឡើង គឺ «ផ្តួលរំលំរដ្ឋាភិបាលដោយមានរដ្ឋាភិបាលបរទេសនៅពីក្រោយ» ចុះហេតុអ្វីបានជា សម រង្ស៊ី ពោលពាក្យ សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយគ្រប់ទីកន្លែង គ្រប់ពេលពាក់ព័ន្ធនឹងសកម្មភាព ឬផែនការរបស់លោក សម រង្ស៊ី ផ្តួលរំលំរដ្ឋាភិបាល? នេះមិនស្មើនឹង សម រង្ស៊ី កំពុងផ្តល់ខ្សែទៅរដ្ឋាភិបាលរបស់លោក ហ៊ុន សែន កាត់ទោសព្យួរកលោក កឹម សុខា ទេឬ?

លោកហ៊ុន កុសល បញ្ជាក់ថា តាមពិតលោក សម រង្ស៊ី ជាមនុស្សទុច្ចរិតបំផុតធ្វើមកលើដៃគូនយោបាយរបស់ខ្លួនព្រោះតែចង់ក្តោបក្តាប់អំណាចនយោបាយក្នុងបក្សប្រឆាំង។ ដូចលោក អ៊ា គឹមស្រ៊េង នៅអូស្រ្តាលីបានហៅថា «ជាឃាតករឈាមត្រជាក់» គាត់ក្បត់សម្ព័ន្ធមិត្តរួចហើយ ថែមទាំងព្រួសពិសដាក់ដៃគូនយោបាយខ្លួននៅកំពុងហ៊ុមព័ទ្ធសំណុំរឿង «ក្បត់ជាតិ» ដែលគណបក្សកាន់អំណាចធ្វើមកលើលោក កឹម សុខា មិនទាន់ដោះស្រាយចប់នៅឡើយ។ ដូច្នេះសូមបងប្អូនជនរួមជាតិពិចារណាដោយយុត្តិធម៌៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner