ផលិតកម្ម LD Picture សម្ភោធរឿងថ្មី “ប្រពន្ធខ្ញុំស្រលាញ់ស្រី” មានតារាសម្តែងល្បីជាច្រើន ដែលមានគ្រប់រសជាតិ កំប្លែង មនោសញ្ចេតនា កម្សត់
ភ្នំពេញ៖ ផលិតកម្ម LD Picture សម្ភោធរឿងថ្មី “ប្រពន្ធខ្ញុំស្រលាញ់ស្រី” មានតារាសម្តែងល្បីជាច្រើន ដែលមានគ្រប់រសជាតិ កំប្លែង មនោសញ្ចេតនា កម្សត់ នៅរោងកុនឡេជេនផ្សារស៊ីធីម៉ល អមដោយវត្តមានតារាជាច្រើនចូលរួមអបអរស្នាដៃថ្មី ។ រឿងថ្មីត្រូវបានមហាជននិងក្រុមតារាដែលបានចូលរួមសាទរនិងសរសើរចំពោះសាច់រឿងដែលជារឿងបែបកំប្លែង ស្នេហាលាយឡំ ធ្វើឱ្យទស្សនិកជនដែលបានមើលមុនគ្រប់សើចស្ទើរតែចុកពោះទៅហើយ។
តួឯកស្រីអ្នកនាង សុខ សោម៉ាវត្តី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងរឿងនាងត្រូវសម្តែងជាតួអង្គមនុស្សស្រីចរិកប្រុស ហើយមានស្នេហានឹងមនុស្សស្រី ប៉ុន្តែចុងក្រោយនាងបែជាស្រលាញ់តួប្រុសវិញ។ នាងថាទោះជាកន្លងមកនាងធ្លាប់សម្តែងជាតួអង្គចរិកបែបមនុស្សប្រុសប៉ុន្តែមានបែបទន់ភ្លន់ច្រើនជាមនុស្សស្រីទើបតែរឿងនេះមានអារម្មណ៍ថាតានតឹងខ្លាំង ដែលត្រូវផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ។ នាងសប្បាយចិត្តដែលជួបដៃគូសម្តែងចាស់យល់ចិត្តច្រើនទើបអាចធ្វើឲ្យការសម្តែងល្អប្រសើរ និងមានឈុតឆាកកំប្លែងបង្កប់ដោយទស្សនៈអប់រំមួយចំនួន ។
ចំណែកលោក ជា សុវណ្ណនរាហ៍ ក៏បានលើកឡើងថា មិនមានបញ្ហាប្រឈមច្រើនសម្រាប់លោកទេពេលជួបដៃគូចាស់។ លោកថាជាភាពយន្តសម្រិតសម្រាំងថ្មីពីផលិតករ លោកបានដាក់ក្តីរំពឹងថាអ្នកគាំទ្រលោក ក៏ដូចជាស្នាដៃផលិតកម្មLD Picture ពិតជាពេញចិត្តស្នាដៃថ្មីមួយនេះដែលមានគ្រប់រសជាតិ កំប្លែង មនោសញ្ចេតនា កម្សត់។
សូមបញ្ជាក់ដែរថាក្រោយពីបញ្ចប់ការចាក់បញ្ចាំងភាពយន្តខ្នាតធំរឿង”នាឡិការដាស់វិញ្ញាណ” ប្រកបដោយជោគជ័យនៅលើទីផ្សារក្នុងស្រុក ផលិតកម្ម LD Picture បានប្រកាសថានឹងបញ្ចេញស្នាដៃថ្មីៗបន្តបន្ទាប់ទៀត ក្របកដោយគុណភាពនិងរក្សាស្ទង់បច្ចេកទេសទៅមុខ៕