មនុស្សស្លាប់កើនឡើងជាង ៩០នាក់ ក្រោយព្យុះដ៏កំណាចជាង៣០ វាយប្រហារលើរដ្ឋចំនួន ៦ និងបង្កការបំផ្លាចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក

ញូយ៉ក៖ កាសែត ​The Wall Street Journal បានដកស្រង់សម្តីរបស់ក្រុមមន្រ្តីអាមេរិកថា ក្រុមស្វែងរក និងជួយសង្គ្រោះនៅភាគខាងលិចរដ្ឋ Kentucky និងរដ្ឋក្បែរៗនោះ កំពុងដុតដៃដុតជើងស្វែងរកអ្នកនៅរស់រានមានជីវិត នៅថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីព្យុះកំបុតត្បូងជាបន្តបន្ទាប់បានបោកបក់ពេញតំបន់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់រាប់សិបនាក់ ខណៈដែលចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ Kentucky តែមួយអាចលើសពី ១០០នាក់។

ព្យុះកំបុតត្បូងជាង៣០ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋយ៉ាងហោចណាស់ ០៦។ អភិបាលរដ្ឋ Kentucky លោក Andy Beshear បាននិយាយថា ខ្ញុំប្រាកដណាស់ថា ចំនួនអ្នកស្លាប់នៅរដ្ឋ Kentucky គឺជិត១០០នាក់ ព្រោះកម្រិតនៃការបំផ្លិចបំផ្លាញគឺមិនដូចអ្វីដែលខ្ញុំធ្លាប់ឃើញនោះទេ។ ប្រធានប្រតិបត្តិការនៅមជ្ឈមណ្ឌលព្យាករណ៍ព្យុះលោក Bill Bunting បាននិយាយថា ខ្យល់ព្យុះកំបុតត្បូងបានបោកបក់កាត់រដ្ឋមួយចំនួន ក្នុងនោះរួមមានរដ្ឋ Arkansas រដ្ឋ Illinois រដ្ឋ Kentucky រដ្ឋ Mississippi រដ្ឋ Missouri និង Tennessee ។ កាសែត The New York Times (NYT) បានដកស្រង់សម្តីមន្ត្រីថាជាការព្រមាន ចំនួនអ្នកស្លាប់ឥឡូវនេះ ៨០នាក់នៅក្នុងរដ្ឋ Kentucky តែម្នាក់ឯងគឺស្ទើរតែប្រាកដនឹងកើនឡើងនៅពេលដែលការរុករកបន្តនៅឡើយ កាលពីថ្ងៃអាទិត្យម្សិលមិញ។

ព្យុះកំបុតត្បូងគឺជាផ្នែកមួយនៃប្រព័ន្ធអាកាសធាតុដែលកំពុងបង្កការបំផ្លិចបំផ្លាញនៅក្នុងផ្នែកជាច្រើនរបស់សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមានព្រិលធ្លាក់យ៉ាងសន្ធឹកសន្ធាប់នៅទូទាំងផ្នែកនៃតំបន់ Midwest ខាងលើ និងភាគខាងលិច Great Lakes ។ មកទល់ពេលនេះ មន្ត្រី​រដ្ឋ​នៅ​តែបន្តធ្វើការ​វាយ​តម្លៃ​ពី​ទំហំ​នៃ​ការ​ខូច​ខាត ខណៈការដាច់ចរន្តអគ្គិសនីបានប៉ះពាល់ដល់ប្រជាជនយ៉ាងហោចណាស់ ៧ម៉ឺន៧ពាន់នាក់នៅក្នុងរដ្ឋ Kentucky និង ៥ម៉ឺន៣ពាន់នៅរដ្ឋ Tennessee ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោក Alejandro Mayorkas បានណែនាំអ្នកស្រុកឱ្យរក្សាការប្រុងប្រយ័ត្ន ព្រោះអាកាសធាតុធ្ងន់ធ្ងរនៅតែជាការគំរាមកំហែងនៅភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។

ជុំវិញបញ្ហាគ្រោះមហន្តរាយធម្មជាតិនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតចំពោះការប្រកាសអាសន្ននៅរដ្ឋ Kentucky សម្រាប់គ្រោះមហន្តរាយព្យុះកំបុតត្បូងនេះ ហើយលោកក៏មានបំណងគ្រោងធ្វើទស្សនកិច្ចទៅកាន់តំបន់រងគ្រោះផ្ទាល់ផងដែរ ដើម្បីពិនិត្យមើលស្ថានការណ៍ជាក់ស្តែង៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner