ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ថា សន្តិភាព ធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យរួមទាំងវិស័យកីឡាជាតិ

ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញផ្តល់កិត្តិយស និងលើកទឹកចិត្ត ក្នុងឱកាសបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមមានប្រសាសន៍ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើនបានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលចាត់ទុកថា ការងារអប់រំកាយ និងកីឡា ជាយានយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៌សង្គមពីព្រោះ «កីឡាកសាងមនុស្ស មនុស្សកសាងសង្គម»។ តាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ឆ្នាំ២០១៩-២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយនិងកីឡា និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើនកីឡានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម ហោ ណាំហុង ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគប្បីខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីដណ្តើមយកមេដាយមកជូនជាតិបន្ថែមទៀត និងធ្វើឲ្យអន្តរជាតិបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់។ ដើម្បីជំរុញឲ្យវិស័យកីឡារាំកម្ពុជាកាន់តែរីកចម្រើនទទួលបានជោគជ័យថ្មីៗថែមទៀត ឯកឧត្តមបានអំពាវនាវដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងប្រជាពលរដ្ឋ អាចយកកូនមកចូលហាត់រៀនកីឡារាំបន្ថែម ដើម្បីសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសូមចូលរួមបន្តឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទំាងអស់គ្នាដើម្បីកីឡាឆ្ពោះទៅជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ៥០នាក់ មកពី៦ក្លិប ដោយមានវិញ្ញាសាប្រកួតរាំអន្តរជាតិ ចំនួន២៣។ ការប្រកួតនេះ បានដំណើរការក្រោមការឧបត្ថម្ភថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហការចូលរួមឧបត្ថម្ភបន្ថែមពីក្រុមហ៊ុនចំនួន១៨ផ្សេងទៀត។ បន្ទាប់ពីដំណើរការប្រកួតពេញមួយថ្ងៃ គណៈកម្មការបច្ចេកទេសបានសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសាទាំងអស់។


សូមបញ្ជាក់ថា នៅក្នុងឱកាសបិទការប្រកួតជើងឯកថ្នាក់ជាតិនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ឆៃ ច័ន្ទរិទ្ធិសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា ឯកឧត្តមឧកញ៉ា ប៉ិច ប៉ូឡែន អនុប្រធានសហព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner