អាល្លឺម៉ង់៖ មិនមានការផ្ដល់ភ្លើងខៀវសម្រាប់ការដំណើរបំពង់បង្ហូរ Nord Stream ទេ
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ថ្មី អ្នកស្រី Annalena Baerbock បាននិយាយកាលពីថ្ងៃ អាទិត្យ ថា គម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ពីប្រទេសរុស្ស៊ី នឹងមិនត្រូវបានអនុញ្ញាតឱ្យដំណើរការទេ ប្រសិនបើមានសកម្មភាពថ្មីណាមួយនៅក្នុងអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងរវាងទីក្រុងប៊ែកឡាំង និងទីក្រុងវ៉ាស៊ីនតោន។
អ្នកស្រី Baerbock បានប្រាប់ស្ថានីយទូរទស្សន៍អាល្លឺម៉ង់ ZDF ដោយបញ្ជាក់ពីការគំរាមកំហែងពីមុន ដែលធ្វើឡើងដោយអធិការបតីអាល្លឹម៉ង់លោក Olaf Scholz ថា៖ «ប្រសិនបើមានសកម្មភាពណាថ្មីធ្វើឡើងនោះ បំពង់បង្ហូរឧស្ម័ននេះនឹងមិនអាចដំណើរការបានទេ»។
អ្នកស្រី Baerbock បាននិយាយយ៉ាងដូច្នេះ បន្ទាប់ពីកិច្ចប្រជុំ G7 ចុងសប្តាហ៍ស្តីពីភាពតានតឹងជាមួយរុស្ស៊ី និងជាមួយដៃគូអឺរ៉ុបរបស់អ្នកស្រី កាលពីថ្ងៃចន្ទ។
លោក Scholz បាននិយាយមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញថា៖ «វានឹងជាកំហុសដ៏ធ្ងន់ធ្ងរមួយក្នុងការជឿថាការរំលោភព្រំដែននៃប្រទេសអឺរ៉ុបមួយ នឹងនៅតែមានដោយគ្មានផលវិបាក»។
គួរបញ្ជាក់ផងដែរថា បំពង់បង្ហូរប្រេង ដែលត្រូវបានគាំទ្រដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin និងដោយអ្នកកាន់តំណែងមុនរបស់ Scholz Angela Merkel ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ត្រូវបានប្រទេសជាច្រើនរិះគន់យ៉ាងខ្លាំង។
សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបខាងកើតមួយចំនួនព្រួយបារម្ភថា អឺរ៉ុបពឹងលើរុស្ស៊ីរបស់លោកពូទីនពេក។
ជាងនេះទៅទៀត អ៊ុយក្រែន រហូតមកដល់ពេលនេះក៏ក្លាយ ជាប្រទេសមួយក្នុងចំណោមប្រទេសត្រូវហូរឆ្លងកាត់ដ៏សំខាន់សម្រាប់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុប ក៏ដូចជាការប្រយុទ្ធជាមួយកងកម្លាំងបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ីនៅក្នុងព្រំដែនរបស់ខ្លួន។

ប្រភព៖ France24