ស្ថានភាពរស់នៅរបស់ពលរដ្ឋអាហ្វ្រិកខាងត្បូងមានលក្ខណៈធម្មតា ទោះបីមានការរីករាលដាលនៃវ៉ារ្យ៉ង់អូមីក្រុងក្ដី
ខណៈពេលដែលបណ្តាប្រទេសនានាជុំវិញពិភពលោក ពុះពារទប់ស្កាត់ការរាលដាលវ៉ារ្យ៉ង់អូមីក្រុងនៃជំងឺកូវីដ-១៩ ដោយការដាក់បំរាមធ្វើដំណើរដ៏តឹងរ៉ឹង អាហ្វ្រិកខាងត្បូងដែលរកឃើញវ៉ារ្យ៉ង់ប្រភេទថ្មីនេះដំបូង ហាក់នៅធម្មតារាប់តាំងពីសកម្មភាពសេដ្ឋកិច្ចឡើងទៅ។
នៅពេលដែលវីរុសកូរ៉ូណាចាប់ផ្ដើមផ្ទុះបែកនៅខែមីនាឆ្នាំមុន ប្រទេសនៅភាគខាងត្បូងបំផុតនៃទ្វីបមួយនេះ ដាក់បំរាមយ៉ាងតឹងរ៉ឹងបំផុត រួមមានទាំងការបិទផ្សារ កន្លែងហាត់ប្រាណ សាលា ការជួញដូរស្រា និងបារី រួមទាំងការដាក់បំរាមគោចរពីម៉ោង ៧ ល្ងាចដល់ម៉ោង ៥ ព្រឹក រហូតដល់រយៈពេល ៣៥ ថ្ងៃ។
ប៉ុន្តែឥឡូវនេះ ខណៈដែលវ៉ារ្យ៉ង់ប្រភេទថ្មីអូមីក្រុង ដែលគេសង្ស័យថាអាចមានលទ្ធភាពឆ្លងរហ័សជាងវ៉ារ្យ៉ង់មុនៗ កំពុងរាលដាល បំរាមដែលតឹងរ៉ឹងទាំងនោះបែរជាមិនមានទៅវិញ។ វិធានការរដ្ឋាភិបាលចេញនៅពេលនេះមិនច្រើននោះទេ មានត្រឹមតែបំរាមគោចរពីពាក់កណ្ដាលយប់ ដល់ម៉ោង៤ទៀបភ្លឺ ការតម្រូវឱ្យពាក់ម៉ាសនៅទីសាធារណៈ ខណៈចំនួនមនុស្សចូលរួមទស្សនាការប្រកួតកីឡាដោយផ្ទាល់អាចមានរហូតដល់ ២០០០ នាក់ និងបុណ្យសពអាចមានមនុស្សចូលរួមត្រឹម ១០០ នាក់។
ការណ៍នេះបង្កជាសំណួរ ខណៈដែលវ៉ារ្យ៉ង់អូមីក្រុងកំពុងតែធ្វើឱ្យចំនួនឆ្លងថ្មីនៃវីរុសកូរ៉ូណាកើនឡើង។ នៅថ្ងៃទី ២៧ ខែវិច្ឆិកា អ្នកតេស្តវិជ្ជមានប្រចាំថ្ងៃនៅអាហ្វ្រិកខាងត្បូងមានត្រឹមតែជាង ៣ ០០០ ករណីប៉ុណ្ណោះ ប៉ុន្តែតួលេខនេះកើតឡើងរហូតដល់ជាង ១៦ ០០០ ករណីនៅថ្ងៃទី ០៣ ខែធ្នូ។
ប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩រហូតដល់ជាង ៩០ ០០០ នាក់មួយនេះ មានប្រជាជនដែលចាក់វ៉ាក់សាំងពេញលេញត្រឹមតែ ២៥ ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុបជាង ៦០ លាននាក់ ប៉ុន្តែក៏ជាប្រទេសដែលមានអត្រាវ៉ាក់សាំងខ្ពស់បំផុតប្រចាំទ្វីប។
លោកប្រធានាធិបតី Cyril Ramaphosa ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដនៅថ្ងៃចន្ទនេះ និយាយស្រដៀងនឹងក្រុមគ្រូពេទ្យអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី ០៤ ខែធ្នូថា៖ «វ៉ារ្យ៉ង់ថ្មី ហាក់ដូចជាអាចឆ្លងខ្លាំង ប៉ុន្តែចំនួនបញ្ជូនទៅមន្ទីរពេទ្យរបស់យើងមិនកើនឡើងក្នុងអត្រាគួរឱ្យព្រួយបារម្ភនោះទេ ហើយហេតុផលនេះ ខ្ញុំអាចនិយាយថា យើងមិនគួរភ័យស្លន់ស្លោទេ»។
ដូចនឹងអ្វីដែលលោកប្រធានាធិបតីទទួលវ៉ាក់សាំងពេញលេញរូបនេះថ្លែង សកម្មភាពសេដ្ឋកិច្ចនៅមានលក្ខណៈធម្មតា ដោយគេឃើញមានមនុស្សម្នាកុះករនៅតាមហាងទិញអីវ៉ាន់នានា ហើយចរាចរណ៍ក៏ស្ទះ ប្រៀបដូចជាមុនសម័យកូវីដ ប៉ុន្តែទាស់គ្នាត្រង់ថាមនុស្សគ្រប់គ្នាមានពាក់ម៉ាស់។
អ្នកស្រី Sharon Kockott ជាពលរដ្ឋរស់នៅក្រុង Cape Town និយាយថា៖ «ខ្ញុំមិនភ័យខ្លាចដូចពេលដែលខ្ញុំត្រូវជាប់គាំងដោយសារការបិទខ្ទប់កាលពីឆ្នាំមុននោះទេ»។ ស្រ្តីវ័យ ៥៦ ឆ្នាំ និយាយបន្តមុនពេលដើរចូលហាងមួយក្នុងក្រុងថា៖ «ពីមុន យើងទាំងអស់គ្នាជាប់ក្នុងផ្ទះជាច្រើនសប្ដាហ៍ ប៉ុន្តែពេលនេះខ្ញុំបានទទួលវ៉ាក់សាំងពេញលេញហើយ ហើយខ្ញុំមិនគិតថា វ៉ារ្យ៉ង់ថ្មីគ្រោះថ្នាក់ខ្លាំងដូចមនុស្សមួយចំនួនគិតនោះទេ»។
រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូងលោកវេជ្ជបណ្ឌិត Joe Phaala និយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា អូមីក្រុងគឺជាវ៉ារ្យ៉ង់មានលទ្ធភាពឆ្លងលឿនបំផុត ប៉ុន្តែមិនទាន់មានធ្វើឱ្យអ្នកជំងឺមានសភាពធ្ងន់ធ្ងរនោះទេ។ រដ្ឋមន្ត្រីបន្តថា ការព្រួយបារម្ភពីមុនដែលថាអូមីក្រុង អាចធ្វើឱ្យកុមារចូលមន្ទីរពេទ្យកាន់តែច្រើន ទំនងជាគ្មានមូលដ្ឋានទេ។
សភាពធ្ងន់ធ្ងរត្រូវបានគេកំណត់ថា ជាអ្នកជំងឺដែលត្រូវការការសម្រាកនៅមន្ទីរពេទ្យ អុកស៊ីសែន ឬម៉ាស៊ីនខ្យល់ ឬស្លាប់ដោយសារវីរុស។
បន្ទាប់ពីលេចចេញនូវវ៉ារ្យ៉ង់អូមីក្រុង ប្រទេសនានាជុំវិញពិភពលោកប្រញាប់ប្រញាល់ដាក់បម្រាមលើអ្នកដំណើរមកពីអាហ្វ្រិកខាងត្បូង រួមជាមួយនឹងប្រទេសជិតខាងនៃប្រទេសនេះមួយចំនួនផង។ ប្រទេសដែលហាមឃាត់អ្នកដំណើរទាំងនោះរួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ហុងកុង ជប៉ុន សិង្ហបុរី ឥណ្ឌា អូស្ត្រាលី ថៃ អាល្លឺម៉ង់ និងហូឡង់។
ប្រជាជនអាហ្រ្វិកខាងត្បូងភាគច្រើនក៏ដឹងដែរថា រួមជាមួយនឹងការហាមឃាត់ការធ្វើដំណើរ ប្រទេសរបស់ខ្លួនក៏រងការរិះគន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេសចំពោះការយល់ឃើញថា មិនធ្វើសកម្មភាពលឿនគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងវ៉ារ្យ៉ង់ប្រភេទថ្មី។
ប៉ុន្តែអ្នកជំនាញផ្នែកជំងឺរាតត្បាតនិយាយថា ការរិះគន់នេះមិនត្រឹមត្រូវនោះទេ។ លោកវេជ្ជបណ្ឌិត Jo Barnes អ្នកឯកទេសខាងរោគរាតត្បាតនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសុខាភិបាលនៃសាកលវិទ្យាល័យ Stellenboschនិយាយថា៖ «ដោយសារបទពិសោធន៍កន្លងមកជាមួយមេរោគអេដស៍ និងជំងឺរបេង អាហ្រ្វិកខាងត្បូងមានប្រព័ន្ធតាមដានកម្រិតខ្ពស់បំផុតសម្រាប់តាមដានការប្រែប្រួលផ្សេងៗ។ នេះបានជួយកំណត់អត្តសញ្ញាណវ៉ារ្យ៉ង់អូមីក្រុងយ៉ាងឆាប់រហ័ស ប៉ុន្តែបែរជារងការដាក់ទណ្ឌកម្មដោយពិភពលោកទាំងមូលវិញ»។
ក្រៅពីវិបត្តិកូវីដ-១៩ អាហ្វ្រិកខាងត្បូងក៏ត្រូវប្រឈមមុននឹងបញ្ហាផ្សេងៗដែរ រួមមានកម្រិតខ្ពស់នៃការឆ្លងមេរោគអេដស៍ ភាពក្រីក្រ និងឧក្រិដ្ឋកម្មហិង្សា។ ដូច្នេះ ហានិភ័យដែលបង្កឡើងដោយជំងឺរាតត្បាតត្រូវតែមើលឃើញតាមទស្សនៈរាងៗខ្លួននៃប្រជាជនអាហ្វ្រិកខាងត្បូង។

ប្រភព៖ SCMP