លោកមហាធៀ៖ ការបោះឆ្នោតសកលអាណត្តិបន្ទាប់ ជាឱកាសចុងក្រោយក្នុងការបោសសម្អាតម៉ាឡេស៊ីពីអំពើពុករលួយ
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ លើកឡើងកាលពីថ្ងៃអាទិត្យនេះថា ការបោះឆ្នោតអាណត្តិបន្ទាប់ ជាឱកាសចុងក្រោយក្នុងការបោសសម្អាតប្រទេសម៉ាឡេស៊ី ដែលលោកគិតថាកំពុងតែញាំញីដោយអំពើពុករលួយ។
ថ្លែងក្នុងពិធីសន្និសីទកាសែតនៃការសម្ពោធសៀវភៅថ្មីរបស់លោកអំពីនយោបាយម៉ាឡេស៊ី លោក មហាធីរ បាននិយាយថា៖ «ខ្ញុំនៅតែមានអារម្មណ៍ថា ខ្ញុំត្រូវតែទម្លាក់រដ្ឋាភិបាលនេះចេញ ដោយសារតែរដ្ឋាភិបាលនេះជារដ្ឋាភិបាលពុករលួយ ដែលមិនបានកើតចេញពីការបោះឆ្នោត»។
រដ្ឋាភិបាលបច្ចុប្បន្ននេះដឹកនាំដោយគណបក្សអង្គការរួបរួមជាតិម៉ាឡេ ដែលហៅកាត់ថា អ៊ុមណូ ដោយមានលោក អ៊ីស្មាអែល សាប្រ៊ី ជានាយករដ្ឋមន្ត្រី។ តាមពិតទៅ កាលពីឆ្នាំ២០១៨ គណបក្សនេះមិនបានឈ្នះឆ្នោតទេ ដោយសម្ព័ន្ធគណបក្សប្រឆាំង ដែលមានលោក មហាធីរជាប្រមុខបានឈ្នះឆ្នោត។
យ៉ាងណាមិញ គណបក្សក្នុងសម្ព័ន្ធរបស់លោក មហាធីរ បានទៅចុះចូលជាមួយគណបក្សអ៊ុមណូ កាលពីខែមីនា ឆ្នាំ២០២០ ដែលក្រោយមកនៅឆ្នាំ២០២១នេះ អ្នកនយោបាយមកពីអ៊ុមណូឡើងមកដឹកនាំរដ្ឋាភិបាលតែម្ដង។
ឆ្នាំ២០២៣ ជាពេលដែលម៉ាឡេស៊ីនឹងរៀបចំការបោះឆ្នោតម្ដងទៀត តែលោក មហាធៀយល់ថាការបោះឆ្នោតអាណត្តិថ្មី អាចនឹងធ្វើឡើងនៅឆ្នាំ២០២២ ដោយសារតែស្ថានភាពនយោបាយនៅម៉ាឡេស៊ីមិនសូវជាស្ថិរភាព ដោយសភាអាចនឹងរំលាយក្រោមប្រការណាមួយ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកលើកឡើងថា៖ «ការបោះឆ្នោតបន្ទាប់ជាការបោះឆ្នោតដ៏សំខាន់សម្រាប់ម៉ាឡេស៊ី។ នេះជាពេលវេលាចុងក្រោយ ដែលយើងមានឱកាសក្នុងការបោសសម្អាតប្រទេសរបស់យើង។ ប្រសិនបើមិនអញ្ចឹងទេ យើងនឹងមានរដ្ឋាភិបាលដ៏អាក្រក់»។

ប្រភព៖ The Straits Times