មេដឹកនាំអ៊ីស្រាអែលធ្វើដំណើរទស្សនកិច្ចទៅអារ៉ាប់រួម ដោយបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅទ្វេភាគី
ហ្ស៊េរុយសាឡិម៖ លោកនាយករដ្ឋមន្ត្រី Naftali Bennett ក្លាយជាមេដឹកនាំអ៊ីស្រាអែលដំបូងគេដែលធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម បន្ទាប់ពីធ្វើដំណើរទៅកាន់រាជធានីអាប៊ុយដាប៊ីកាលពីថ្ងៃអាទិត្យ ដើម្បីជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Zayed មេដឹកនាំអារ៉ាប់រួម។
ដំណើរទស្សនកិច្ចនេះគឺជាសញ្ញាចុងក្រោយបំផុតនៃការពង្រឹងទំនាក់ទំនងរវាងអ៊ីស្រាអែល និងពិភពអារ៉ាប់ ក្រោយអ៊ីស្រាអែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងការទូតជាមួយប្រទេសចំនួន ៤ រួមទាំងប្រទេសអារ៉ាប់រួម ដែលពីមុនមកមិនចង់មានទំនាក់ទំនងជាមួយគ្នាដោយសារតែជម្លោះប៉ាឡេស្ទីន។
ការធ្វើដំណើររបស់លោក Bennett គឺជាការសម្រេចបាននូវគោលនយោបាយបរទេសដែលអតីតនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu បង្ខំមិនបានធ្វើដោយសារតែការរឹតបន្តឹងនៃមេរោគឆ្លង។
លោក Bennett និយាយនៅពេលទៅដល់រាជធានីអាប៊ុយដាប៊ីថា៖ «យើងត្រូវតែបន្តពង្រឹង និងកសាងសន្តិភាពដ៏កក់ក្តៅរវាងប្រជាជននៃប្រទេសទាំងពីរ»។
ការអញ្ជើញលោក Bennett របស់ព្រះអង្គម្ចាស់ Mohammed គូសបញ្ជាក់ពីការផ្លាស់ប្តូរអាទិភាពនៃបណ្តាប្រទេសឈូងសមុទ្រពែរ្សដូចជាអារ៉ាប់រួម ដែលរងការគំរាមកំហែងអាវុធនុយក្លេអ៊ែរពីអ៊ីរ៉ង់ដែលជាការព្រួយបារម្ភធំជាងដំណោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនសម្រាប់ប្រទេសនេះ។
អស់ជាច្រើនទសវត្សរ៍មកហើយ មានតែប្រទេសអេហ្ស៊ីប និងហ្ស៊កដានីប៉ុណ្ណោះដែលមានទំនាក់ទំនងផ្លូវការជាមួយអ៊ីស្រាអែល ដោយមេដឹកនាំអារ៉ាប់ភាគច្រើនចូលចិត្តពន្យារពេល រហូតដល់ការបង្កើតរដ្ឋប៉ាឡេស្ទីន។
អារ៉ាប់រួមប្រកាសទំនាក់ទំនងការទូតជាផ្លូវការជាមួយអ៊ីស្រាអែលក្នុងខែសីហា ឆ្នាំ ២០២០ បន្ទាប់ពីអ៊ីស្រាអែលសន្យាថានឹងពន្យារពេលផែនការរបស់ខ្លួនក្នុងការបញ្ចូលផ្នែកខ្លះនៃតំបន់ West Bank ជារបស់ខ្លួន។ ក្រោយមកកិច្ចព្រមព្រៀងជាមួយបារ៉ែន ម៉ារ៉ុក និងស៊ូដង់ក៏ធ្វើឡើងដូចគ្នា ហើយត្រូវបានមេដឹកនាំប៉ាឡេស្ទីនថ្កោលទោសថាជាការក្បត់។

ប្រភព៖ New York Times