ក្បាលដីជាង ៧០០ប្លង់ ត្រូវបានចុះបញ្ជីជាប្រព័ន្ធ ឲ្យក្លាយជាដីស្របច្បាប់ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋបង្កបង្កើនផល ដើម្បីទ្រទ្រង់ក្នុងជីវភាពរស់នៅ និងកាត់បន្ថយបាននូវភាពក្រីក្រ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល

ខេត្តស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង នៅថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញសូរិយោដី អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន ៧០៣ក្បាលដី នៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តស្ទឹងត្រែង លោក ម៉ិញ ស៊ីចាយ បានឲ្យដឹងថា ក្បាលដីចំនួន ៧០៣ក្បាលដី ត្រូវបានបិទផ្សាយជាសាធារណៈ រីឯការបិទផ្សាយនេះ គឺមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ធ្នូ ដល់ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២១ សម្រាប់ទុកឱកាសឲ្យម្ចាស់ក្បាលដីពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ និងជៀសវាងកុំឲ្យមានកំហុសឆ្គងទិន្នន័យ ដែលអាចធ្វើឲ្យមានផលលំបាកនៅថ្ងៃក្រោយ ព្រោះការចេញបណ្ណ័កម្មសិទ្ធិនេះ មិនងាយស្រួលក្នុងការកែប្រែទិន្នន័យ នោះឡើយ ។

អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមស្វាយ សំអ៊ាង មានប្រសាសន៍ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ គឺដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាល បញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ ហើយប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ និងត្រូវបានការពារដោយច្បាប់។ ឯកឧត្តម ថា ពលរដ្ឋដែលជាម្ចាស់ដី មានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឲ្យតែយកដីនោះទៅប្រើប្រាស់ក្នុងបទណាមួយ ដែលច្បាប់បានហាមឃាត់។

ស្របពេលជាមួយជាគ្នានោះ ឯកឧត្តម ស្វាយ សំអ៊ាង បានអញ្ជើញចែកអាវរងារ ៥០អាវ ជូនប្រជាពលរដ្ឋដែលមានវ័យចំណាស់ ៥០នាក់ ទុកសម្រាប់ពាក់ពេលអាកាសធាតុចុះត្រជាក់ខ្លាំង។

បន្ទាប់ ឯកឧត្តមអភិបាលខេត្ត ក៏បានចុះពិនិត្យការចាក់វ៉ាក់សាំង របស់ក្រុមគ្រូពេទ្យ ជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពក្បាលរមាស និងបានឧបត្ថម្ភថវិកា ៣០០ដុល្លារ ជូនដល់ក្រុមគ្រូពេទ្យ ដែលជាថវិកាផ្ទាល់ខ្លួនរបស់ លោកអភិបាលខេត្ត ទុក្ខសម្រាប់ប្រើប្រាស់នៅក្នុងតម្រូវការចាំបាច់ ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner