អាមេរិក និងឥណ្ឌូនេស៊ី បានចុះអនុស្សរណៈយោគយល់ (MOU) លើកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ

អត្ថបទដោយ៖
AMS OneMinute

នៅថ្ងៃទី១៤ ធ្នូ អាមេរិក និងឥណ្ឌូនេស៊ី បានចុះអនុស្សរណៈយោគយល់ (MOU) លើកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ ដែលរួមមានការធ្វើសមយុទ្ធរួមរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទផ្លូវសមុទ្រខុសច្បាប់។

ភាគីទាំងពីរក៏បានចុះ MOU ចំនួន ២បន្ថែមទៀតដោយក្នុងនោះរួមមាន ការបន្តកម្មវិធីទីភ្នាក់ងារសន្តិភាពអាមេរិក Peace Corps ដែលជាកម្មវិធីក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ជាមួយនឹង MOU ដែលពាក់ព័ន្ធនឹងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកអប់រំ ដែលនឹងមានការផ្លាស់ប្ដូរទស្សនកិច្ចរវាងយុវជនក្មេងៗប្រទេសទាំងពីរ។

ក្នុងគោលបំណងរឹតចំណងសន្តិសុខរវាងប្រទេសទាំងពីរ ឥណ្ឌូនេស៊ី និងអាមេរិកនឹងចាប់ផ្ដើមរៀបចំកិច្ចប្រជុំថ្នាក់ឧត្ដមមន្ត្រី ទម្រង់ ២+២ ដែលជាកិច្ចប្រជុំរវាងមន្ត្រីក្រសួងការបរទេស និងក្រសួងការពារជាតិ៕

ប្រភព៖ Straits Times

ads banner