គោព្រៃកម្ពុជា រកបាន3ពិន្ទុដំបូង ក្រោយស៊ីឡាវ 3-0 នៃពាន AFF Suzuki Cup 2020

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​(​គោព្រៃ​កម្ពុជា​)​រកបាន​៣​ពិន្ទុ​ដំបូង ក្រោយ​យកឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឡាវ(​ដំណើប​ឡាវ​)​ដោយ​លទ្ធផល ៣-០ ក្នុង​ការ​ប្រកួត​លើក​ទី​៣​របស់​ខ្លួន​ក្នុង​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ី​អាគ្នេយ៍ AFF

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​(​គោព្រៃ​កម្ពុជា​)​រកបាន​៣​ពិន្ទុ​ដំបូង ក្រោយ​យកឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឡាវ(​ដំណើប​ឡាវ​)​ដោយ​លទ្ធផល ៣-០ ក្នុង​ការ​ប្រកួត​លើក​ទី​៣​របស់​ខ្លួន​ក្នុង​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ី​អាគ្នេយ៍ AFF Suzuki Cup 2020 ពូ​ល B កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ធ្នូ នៅ​កីឡដ្ឋាន Bishan ប្រទេស​សិង្ហ​បុរី​។

ក្នុង​ការ​ប្រកួត​នេះ ចាន់ វឌ្ឍនាកា រកបាន​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​គោព្រៃ​កម្ពុជា ២​គ្រាប់​មុន​ក្នុង​តង់​ទី​១ នៅ​នាទី​ទី​៣១ និង​៤១ មុន​សិស្ស​ប្អូន សៀង ច​ន្ធា បន្ថែម​គ្រាប់​ទី​៣ នៅ​នាទី​ទី​៧៥ ហើយ​លទ្ធផល​នេះ​ក៏​បាន​រក្សា​ដល់​ចប់​ការ​ប្រកួត​ពេញ​ម៉ោង ៩០​នាទី​តែ​ម្ដង​។

នេះ​គឺជា​ជ័យជម្នះ​លើក​ដំបូង​របស់​ក្រុម​គោព្រៃ​កម្ពុជា ក្នុង​ពានរង្វាន់​ប្រចាំ​តំបន់​នេះ បន្ទាប់​ពី​រង​បរាជ័យ​២​ប្រកួត​ដំបូង​ក្រោម​ថ្វី​ជើង​ក្រុម​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី​។ រីឯ​ឡាវ​វិញ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ហើយ​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ឡើយ ក្រោយ​បរាជ័យ ៤​ប្រកួត​ជាប់​គ្នា​។

ជាមួយនឹង​ជ័យជម្នះ​នេះ អ្នកចាត់ការ​ក្រុមគោព្រៃ​កម្ពុជា លោក Keisuke Honda បានបង្ហាញ​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង ។ ជាក់ស្ដែងនៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​បាន​សរសេរ​ថា​«​ពួក​គេ​(​ក្រុម​គោព្រៃ​កម្ពុជា​)​ធ្វើ​បាន​ល្អណាស់​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ពួក​គេ​។ ខ្ញុំ​ក៏​ចាប់អារម្មណ៍​ផង​ដែរ​ដល់​កូនក្រុម​ដែល​មិន​បានចូលរួម​លេង​តែ​បាន​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​យប់​នេះ ។ ពួក​គេ​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ខ្លួន​ក្លាយជា​កីឡាករ​អាជីព ។

អ្នក​ទាំងអស់​គ្នា​គួរតែ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង សូម​ចូលរួម​អបអរសាទរ​!»​។

យ៉ាងណា​ក៏​ដោយ ក្រុម​គោព្រៃ​កម្ពុជា​ក៏​អស់ឱកាស​ប្រជែង​កៅអី​វគ្គ​បន្ដ​ដែរ ទោះបី​នៅ​សល់១​ប្រកួត​ចុង​ក្រោយ​ត្រូវ​ជួប​វៀតណាម នា​ថ្ងៃ​ទី​១៩ ធ្នូ ខាង​មុខ​ឈ្នះក្ដី ក៏​មិន​អាច​ស្រោចស្រង់​បាន​ដែរ​ព្រោះ​នៅ​ក្នុង​ពូ​ល​B នេះ​មាន​៣​ក្រុម​កំពុងមាន​ពិន្ទុ​នាំមុខ​រួច​ស្រេច​បាត់​ទៅ​ហើយ ដូច​ជាវៀតណាម និង​ឥណ្ឌូ​ណេស៊ី​មាន​៧​ពិន្ទុ​ដូច​គ្នា និងម៉ា​ឡេ​ស៊ី​​មាន​៦​ពិន្ទុ ចំណែក​កម្ពុជា​ទើបតែ​មាន
៣​ពិន្ទុ​ប៉ុណ្ណោះ ៕

ads banner