ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង១៣លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន១.៥០០ លានយ៉េន (ប្រមាណ ១៣,៩ លានដុល្លារអាមេរិក) ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ ពិធីហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវសេចក្តីសោមន្សរីករាយក្នុងការចុះហត្ថលេខាជាមួយឯកឧត្ដមឯកអគ្គរាជទូតជប៉ុន ព្រមទាំងបានបញ្ជាក់ថា ការចុះហត្ថលេខានៅក្នុងថ្ងៃនេះ គឺជាលើកទី៤ហើយនៅក្នុងឆ្នាំនេះ ដែលរូបឯកឧត្តមផ្ទាល់ និងឯកឧត្ដម ឯកអគ្គរាជទូត បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជាដែលបានជួយរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញផងដែរអំពីការផ្តល់ឥណទានសម្បទានរបស់ជប៉ុនដល់ការអភិវឌ្ឍគម្រោងសាងសង់ស្ថានីយ៍កុងតឺណឺ ដំណាក់កាលទី១ ដែលរំពឹងថានឹងអាចធ្វើប្រតិបត្តិការបាន នៅឆ្នាំ២០២៥ ខាងមុខនេះ។

ជាងនេះទៅទៀត ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ជាងពីរទសវត្សរ៍មកហើយដែលជំនួយអភិវឌ្ឍរបស់ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់ការផ្លាស់ប្តូរកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែសមុទ្រអន្តរជាតិដែលមានគុណភាពខ្ពស់ និងបានជួយសម្រួលយ៉ាងច្រើនដល់សកម្មភាពនាំចេញ-នាំចូលទំនិញ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនជាថ្មីនៅថ្ងៃនេះ គឺបានរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព និងប្រសិទ្ធភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការប្រតិបត្តិការការងារ ស្របពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបន្តជួយដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណជាពិសេសចំពោះ ឯកឧត្តម ឯកអគ្គរាជទូត បុគ្គលិកស្ថានទូត និងអង្គការចៃការ (JICA) ជប៉ុន ដែលបានខិតខំប្រឹងប្រែងក្នុងការបន្តផ្តល់កិច្ច សហប្រតិបត្តិការ និងជំនួយមកដល់កម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ដែលនេះគឺជាកាយវិការមួយឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីមិត្តយូរអង្វែងរវាងប្រទេសទាំងពីរ៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner