មនុស្សជំនិតរបស់លោក កឹម សុខា ត្បកទណ្ឌិត សម រង្ស៊ី ថាជាមនុស្សល្ងង់ខ្លៅមិនយល់ដឹងពីនយោបាយ

ភ្នំពេញ៖ មនុស្សជំនិតរបស់លោក កឹម សុខា បានបន្តធ្វើការវាយប្រហារទៅលើទណ្ឌិត សម រង្ស៊ី មេចលនាឧទ្ទាមក្រៅច្បាប់ និងបានហៅទណ្ឌិតរូបនេះថា ជាមនុស្សល្ងង់ខ្លៅមិនយល់ដឹងពីនយោបាយការទូត ជាលក្ខណៈទ្វេភាគីរបស់រដ្ឋអធិបតេយ្យ និងនយោបាយការទូតជាលក្ខណៈពហុភាគីរបស់អង្គការតំបន់ ជាពិសេសតួនាទីរបស់រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិដែលស្រឡាញ់សន្តិភាពទាល់តែសោះ។

នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៦ ខែធ្នូនេះ លោកមុត ចន្ថា បានសរសេរវ៉ៃប្រហារយ៉ាងចាស់ដៃទៅលើទណ្ឌិត សម រង្ស៊ី ថា បើកភ្នែកឡើងឃើញគេបង្ហោះសេចក្តីថ្លែងការណ៍មួយ ដែលលើកឡើងថា គម្រោងទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសភូមា នៅខែមករា ឆ្នាំ២០២២ គឺ «មិនតំណាងឱ្យកម្ពុជា និងតំណាងឱ្យអាស៊ាន» ឡើយ។ មិនចាំបាច់អានសេចក្តីថ្លែងការណ៍ទាំងស្រុង គ្រាន់តែអានសំណេរខ្លីមួយរបស់លោក សម រង្ស៊ី ក៏យល់ឃើញថា ការលើកឡើងដូចខាងលើនេះ បញ្ជាក់ពីភាពល្ងង់ខ្លៅ និងការមិនយល់ដឹងពីនយោបាយការទូតជាលក្ខណៈទ្វេភាគីរបស់រដ្ឋអធិបតេយ្យ និងនយោបាយការទូតជាលក្ខណៈពហុភាគីរបស់អង្គការតំបន់ ជាពិសេសតួនាទីរបស់រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិដែលស្រឡាញ់សន្តិភាព ទាល់តែសោះ។

លោកបន្តថា ជាគោលការណ៍អន្តរជាតិ ស្របតាមអនុសញ្ញាទីក្រុងវៀនណា (វីយេន) រដ្ឋអធិបតេយ្យមួយមានសមត្ថភាព សមត្ថកិច្ច និងសិទ្ធិអធិបតេយ្យជ្រើសរើសធ្វើទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីតំណាងឱ្យ និងការពារឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទាំងមូលរបស់ប្រទសខ្លួន ដោយឈរលើគោលការណ៍អធិបតេយ្យសមភាព តម្លៃស្មើគ្នា ការគោរពស្មើគ្នា សម្លេងតែមួយដូចគ្នា។ រដ្ឋមន្រ្តីការបរទេស គឺជាប្រមុខការទូតរបស់រដ្ឋអធិបតេយ្យទទួលបន្ទុកអនុវត្តគោលនយោបាយការបរទេសដោយផ្ទាល់ ឬតាមរយៈឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត ឬអគ្គកុងស៊ុលដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ឬប្រមុខរដ្ឋ។ ក្នុងន័យនេះ ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋឯករាជ្យ និងអធិបតេយ្យ មានសិទ្ធិស្វ័យសម្រេចពេញលេញជ្រើសរើសធ្វើទំនាក់ទំនងការទូត និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិជាលក្ខណៈទ្វេភាគី និងពហុភាគី ស្របតាមឆន្ទៈអធិបតេយ្យរបស់ខ្លួន។ ព្រះរាជាណាចក្រកម្ពុជា គឺជាសមាជិកនៃអង្គការសហប្រជាជាតិ និងមានឋានៈស្របច្បាប់ (legitimacy) នៅក្នុងអង្គការពិភពលោកនេះ ដោយមានសិទ្ធិពេញលេញ និងឋានៈស្មើភាពឬស្មើមុខស្មើមាត់។ ព្រះរាជាណាចក្រកម្ពុជាមិនមែនជាសមាជិកនៃអង្គការសហប្រជាជាតិប្រឆាំងនឹងសកម្មភាពបង្ការ ឬការអនុវត្តដែលត្រូវបានចាត់វិធានការដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនោះទេ ដែលអាចត្រូវបានព្យួរពីការអនុវត្តសិទ្ធិ និងឯកសិទ្ធិ (បុព្វសិទ្ធិ) នៃសមាជិកភាពដោយមហាសន្និបាតអង្គការសហប្រជាជាតិ ដោយមានការផ្តល់អនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខ (មាត្រា ៥ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ)។

សមាជិកភាពរបស់អង្គការសហប្រជាជាតិត្រូវបានបើកទទួលប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់។ ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជាត្រូវដោះស្រាយ ឬមានតួនាទីចូលរួមជួយដោះស្រាយជម្លោះអន្តរជាតិដោយមធ្យោបាយសន្តិវិធី ក្នុងលក្ខណៈដែលសន្តិភាព និងសន្តិសុខ ហើយនឹងយុត្តិធម៌អន្តរជាតិ មិនត្រូវបានរងគ្រោះថ្នាក់។ ដូច្នេះ បញ្ហាវិបត្តិនៅប្រទេសភូមា ទាំងអង្គការពិភពលោក អង្គការតំបន់ ដូចជាសហភាពអឺរ៉ុប សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងប្រទេសសមាជិកនៃអង្គការសហប្រជាជាតិដែលស្រឡាញ់សន្តិភាពទាំងអស់ អាចចូលរួមស្វែងរកដំណោះស្រាយចំពោះវិបត្តិនោះ ដើម្បីទប់ស្កាត់ និងបង្ការការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងស្តារលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពឡើងវិញ។ ធម្មនុញ្ញអង្គការសហប្រជាជាតិហាមសមាជិកឱ្យចៀសវាងក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួនពីការគំរាមកំហែង ឬប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជភាពនយោបាយរបស់រដ្ឋសមាជិកណាមួយ ឬក្នុងលក្ខណៈផ្សេងទៀតមិនស្របជាមួយគោលបំណងរបស់អង្គការសហប្រជាជាតិ ដូចមានចែងក្នុងមាត្រា១។ រដ្ឋសមាជិកត្រូវចៀសវាងនូវការផ្តល់ជំនួយដល់រដ្ឋណាមួយប្រឆាំងនឹងវិធានការបង្ការ និងការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាតិ។ ក្នុងករណីនេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមិនទាន់បានចេញសេចក្តីសម្រេចណាមួយ ដើម្បីអនុវត្តវិធានការបង្ការ និងអនុវត្តវិធានការនៅឡើយទេ រួមទាំងទណ្ឌកម្មផ្សេងៗ ឬដកហូត ឬស្នើព្យួរសមាជិកភាព រួមទាំងសិទ្ធិ និងបុព្វសិទ្ធិ នៃអង្គការសហប្រជាជាតិរបស់ប្រទេសភូមានៅឡើយទេ។ កន្លងមក គណៈកម្មការសារតាំងរបស់អង្គការសហប្រជាជាតិគ្រាន់តែសម្រេចមិនទទួលយកសារតាំងរបស់រដ្ឋាភិបាលយោធាភូមាដោយមិនអនុញ្ញាតឱ្យតំណាងចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០២១ ហើយសេចក្តីសម្រេចនេះក៏បានអនុវត្តចំពោះរដ្ឋាភិបាលរួបរួមជាតិភូមាផងដែរ។

លោក មុត ចន្ថា បានបញ្ជាក់ថា ជាការពិតណាស់ អំពើរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ និងអំពើហិង្សដោយការបង្រ្កាបទៅលើបាតុករតវ៉ាប្រឆាំងនឹងរដ្ឋប្រហារដែលបានសម្លាប់មនុស្សជាង១.៣០០នាក់ បង្ករបួសស្នាមមនុស្សរាប់ពាន់នាក់ ហើយនិងការចាប់ខ្លួនមនុស្សជាង១៥.០០០០នាក់ គឺជាការប្រឆាំងនឹងគោលការណ៍ប្រជាធិបតេយ្យ និងជាការំលោភលើសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុត។ រដ្ឋាភិបាលយោធាភូមាកើតចេញពីការដណ្តើមអំណាចដោយខុសច្បាប់មិនត្រូវបានទទួលស្គាល់នៅអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អាស៊ាន និងបច្ចិមប្រទេស។

ទោះជាយ៉ាងនេះក្តី សហគមន៍អន្តរជាតិមិនអាចបោះបង់ចោលប្រជាជនភូមាឱ្យទទួលរងគ្រោះបន្តទៅទៀតនោះទេ។ សហគមន៍អន្តរជាតិអាចមិនទទួលស្គាល់របបសឹកភូមា និងដាក់ទណ្ឌកម្មគ្រប់រូបភាពប្រឆាំងនឹងរបបនេះ ប៉ុន្តែនៅពេលជាមួយគ្នា សហគមន៍អន្តរជាតិ រួមទាំងរដ្ឋសមាជិកផ្សេងទៀត ចាំបាច់ចូលរួមស្វែងរកដំណោះស្រាយចំពោះវិបត្តិភូមា ដើម្បីបញ្ចៀសនូវសង្រ្គាមស៊ីវិល និងអសន្តិសុខក្នុងតំបន់ ជាពិសេសសោកនាដកម្មមកលើជនស៊ីវិលដែលតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យ និងបញ្ចប់នូវរបបយោធាខុសច្បាប់នេះ។

កិច្ចព្រមព្រៀងប្រាំចំណុចដែលត្រូវបានអនុម័តដោយជំនួបកំពូលមេដឹកនាំអាស៊ាន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅរដ្ឋធានីហ្សាកាតា ឥណ្ឌូនេស៊ី ក្នុងនោះក៏មានការតែងតាំងបេសកជនប្រធានអាស៊ានទទួលបន្ទុកបញ្ហាភូមា ផងដែរ។ យោងតាមកិច្ចព្រមព្រៀងនេះ អាស៊ានមានតួនាទីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិភូមា សំដៅស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ បញ្ឈប់អំពើហិង្សា និងការរំលោភសិទ្ធិមនុស្ស។ គួរឱ្យសោកស្តាយ របបយោធានាភូមាបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ ទោះជាយ៉ាងនេះក្តី អាស៊ានមិនអាចបញ្ឈប់ ឬបោះបង់តួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីចាប់ឱ្យរបបយោធាភូមាអនុវត្តកិច្ចព្រមព្រៀងប្រាំចំណុចនេះបានទេ ព្រោះវាជាគោលការណ៍ក្នុងធម្មនុញ្ញអាស៊ាន។ បច្ចុប្បន្ននេះ ប្រទេសប្រ៊ុយណេ គឺជាប្រធានប្តូរវេនអាស៊ាន បានតែងតាំងបេសកជនរបស់ប្រធានអាស៊ាន ដើម្បីជំរុញដល់ការអនុវត្តកិច្ចព្រមព្រៀងប្រាំចំណុចជាមួយរបបយោធាភូមា ប៉ុន្តែប្រទេសកម្ពុជា ក៏នឹងត្រូវទទួលតួនាទីជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំ២០២២ខាងមុខ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកាលពីពេលថ្មីៗនេះ ស្តីពីការតែងតាំងបេសកជនថ្មីរបស់ប្រធានអាស៊ាន ដែលស្ថិតក្នុងក្របខ័ណ្ឌសិទ្ធិរបស់ប្រធានប្តូរវេន ស្របតាមធម្មនុញ្ញអាស៊ាន។ ទោះបីអង្គការតំបន់ ដូចជាសហភាពអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនដាក់ទណ្ឌកម្មជាបន្តបន្ទាប់មកលើរបបយោធាភូមិា ក៏ដោយ ក៏ប្រទេសទាំងនោះមិនបានបញ្ចុះទំនាក់ទំនងការទូត ឬដកឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតចេញពីប្រទេសភូមាឡើយ។ វត្តមានបេសកកម្មការទូតអន្តរជាតិទាំងនោះមិនមែនប្រថាប់ត្រាទទួលស្គាល់របបយោធាខុសច្បាប់នោះទេ ផ្ទុយទៅវិញពួកគេមិនបោះបង់ចោលប្រជាជនភូមា និងលទ្ធិប្រជាធិបតេយ្យនៅភូមាឡើយ ដោយបន្តកិច្ចខិតខំប្រឹងប្រែងការទូតតាមរយៈការដាក់សម្ពាធផ្សេងៗ រួមទាំងទណ្ឌកម្ម ដើម្បីបង្ខំឱ្យមេដឹកនាំរដ្ឋប្រហារយោធាគោរពឆន្ទៈរបស់ប្រជាជនភូមានៅក្នុងការបោះឆ្នោត និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

តើវត្តមានបេសកកម្មការទូតអន្តរជាតិក្នុងប្រទេសភូមាខុសច្បាប់ ឬមិនតំណាងឱ្យរដ្ឋអធិបតេយ្យ ឬមិនតំណាងឱ្យអង្គការតំបន់ដែលប្រទេសរបស់ពួកគេជាសមាជិកទេឬ? វត្តមានបេសកកម្មការទូត ឬការធ្វើទំនាក់ទំនងការទូតជាមួយរបបយោធាភូមា មិនមែនជាការបញ្ជាក់នូវការផ្តល់នូវភាពស្របច្បាប់ ឬការទទួលស្គាល់ជាអន្តរជាតិចំពោះរបបយោធាភូមាឡើយ ប៉ុន្តែដើម្បីបុព្វហេតុបញ្ចប់អំពើហិង្សា និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ សម្រាប់ប្រទេសភូមា និងប្រជាជនភូមាទាំងមូល។

គួរកត់សម្គាល់ថា ការដាក់ទណ្ឌកម្មផ្សេងៗ និងការមិនទទួលស្គាល់របបសឹកភូមា ហើយនឹងបេសកកម្មការទូត គឺសុទ្ធតែមានបំណងស្វែងរកដំណោះស្រាយវិបត្តិ និងជម្លោះនៅភូមា ដូច្នេះអ្វីដែលកម្ពុជាមានបំណងធ្វើ និងដើរតួនាទីសម្របសម្រួលការទូត គឺជាការអនវត្តកាតព្វកិច្ចអន្តរជាតិ ដូចមានចែងក្នុងគោលបំណងនៃអង្គការសហប្រជាជាតិ និងក្នុងនាមរដ្ឋស្រឡាញ់សន្តិភាព (peace-loving nation)។

លោក មុត ចន្ថា បានត្បកឱ្យទណ្ឌិត សម រង្ស៊ី ថា វាជាភាពល្ងង់ខ្លៅដ៏ខ្មៅងងឹតមួយរបស់អ្នកដឹកនាំនយោបាយដែលបានចេញសេចក្តីថ្លែងការណ៍នយោបាយមួយអះអាងថា អន្តរាគមន៍ការទូតដោយរដ្ឋអធិបតេយ្យ ក្នុងគោលបំណងស្វែងរកសន្តិភាព បញ្ចប់អំពើហិង្សា និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ គឺជាអំពើខុសច្បាប់។ កម្ពុជា គឺជារដ្ឋមានឯករាជ្យភាពនយោបាយ និងអធិបតេយ្យភាព ហើយរដ្ឋាភិបាលនៃប្រទេសនេះនៅតែត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងវិស័យទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពាណិជ្ជកម្មអន្តរជាតិ កម្ពុជាមិនមែនជារដ្ឋស្ថិតក្រោមវិធានការបង្ការ និងការអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិឡើយ (preventive and enforcement actions by UN Security Council) ឬជារដ្ឋត្រូវបានព្យួរអាសនៈ ឬាជិកភាព រួមទាំងសិទ្ធិនិងបុព្វសិទ្ធិ ដោយមហាសន្និបាតអង្គការសហប្រជាជាតិដែរ។ «នេះមិនមែនជាអតីតមេដឹកបក្សសង្រ្គោះជាតិទេ ប៉ុន្តែជាមេដឹកនាំបង្កគ្រោះដល់ជាតិ!»៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner