សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “គម្រោងភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់ កសិកម្មភាតរបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លេងសាប (PEARL)”

«បើគ្មានការគាំទ្ររបស់យើងទេ កសិករខ្នាតតូច និងតួអង្គខ្សែច្រវាក់តម្លៃក្នុងស្រុកផ្សេងទៀតនឹងត្រូវជួបប្រទះនឹងនិន្នាការធ្លាក់ចុះនៃផលិតភាព និងជីវភាពកសិកម្ម ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិសុខស្បៀងរបស់ប្រទេស និងវឌ្ឍនភាពឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “គម្រោងភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់ កសិកម្មភាតរបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លេងសាប (PEARL)” ដែលសហការរៀបចំដោយ MOE, MAFF, MoWRAM, ARDB, FAO, សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល GRET, WCS និង IRAM នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នាសណ្ឋាគារសុខារាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រទេសកម្ពុ ស្ថិតក្នុងចំណោមប្រទេសចំនួន១៥ ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅលើពិភពលោកដោយការប្រែប្រួលអាកាសធាតុ ចន្លោះឆ្នាំ១៩៩៤-២០១៣។ ការប្រែប្រួលអាកាសធាតុ បានក្លាយជាការពិតថ្មីរបស់ប្រទេសយើង ហើយបានប៉ះពាល់ដល់ទិដ្ឋភាពជាច្រើននៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងនោះគឺឥទ្ធិពល់លើវិស័យកសិកម្ម។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា អាងទន្លេសាបខាងជើង (NTSB) គឺជាតំបន់កសិកម្មដ៏សំខាន់បំផុតមួយក្នុងប្រទេសកម្ពុជា។ មួយភាគប្រាំនៃផលិតកម្មធញ្ញជាតិ និងគ្រាប់ធញ្ញជាតិរបស់ប្រទេស បានមកពីតំបន់នេះ។ ភាពក្រីក្រ ការខូចខាតដល់បរិស្ថាន ការប្រែប្រួលរយៈពេលនៃការធ្លាក់ទឹកភ្លៀង និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុបានធ្វើឱ្យ NTSB ងាយរងគ្រោះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈវិស័យកសិកម្មបានរួមចំណែកប្រមាណជិតមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោមអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ហើយបានដាក់បញ្ជូននូវ របាយការណ៍ការចូលរួមចំណែករបស់ជាតិ (NDC) របស់ខ្លួន ដោយបានដាក់ចេញនូវសកម្មភាពជាក់លាក់សំដៅប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ គម្រោង PEARL ត្រូវបានអនុវត្តស្របគ្នាយ៉ាងពេញទំហឹងទៅនឹងគោលដៅខាងលើដើម្បី៖ ១)កាត់បន្ថយភាពងាយរងគ្រោះផ្នែកអេកូឡូស៊ី និងសង្គមចំពោះការប្រែប្រួលអាកាសធាតុ ២)បន្តការអភិវឌ្ឍកាបូនទាប និង៣)លើកកម្ពស់សកម្មភាពអាកាសធាតុដែលមានការចូលរួម និងប្រកបដោយបរិយាបន្ន។

គម្រោង PEARL នឹងចូលរួមចំណែកយ៉ាងច្រើនដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា៖ ១)ពង្រឹងសមត្ថភាពរបស់កសិករក្នុងការគ្រប់គ្រងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះមហន្តរាយដែលពាក់ព័ន្ធ ២)ផ្តល់ការលើកទឹកចិត្តទីផ្សារ តាមរយៈកម្មវិធីវិញ្ញាបនបត្រកសិកម្មសម្រាប់កសិករ និងតួអង្គខ្សែច្រវាក់ ផលិតកម្មផ្សេងទៀត ដើម្បីផ្តល់សនិទានភាពរឹងមាំសម្រាប់ដាក់បញ្ចូលអភក្រមដែលមានភាពធន់នឹងអាកាសធាតុទៅក្នុងការអនុវត្តការគ្រប់គ្រងកសិកម្ម និងបរិស្ថានក្នុងតំបន់ និង៣)ធានាលក្ខខណ្ឌអំណោយផលសម្រាប់ភាពជាដៃគូរវាងវិស័យសាធារណៈ សង្គម និងឯកជន ប្រកបដោយប្រសិទ្ធភាព តាមរយៈគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលមានភាពស៊ីសង្វាក់គ្នា និងមានភាពរឹងមាំ។ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner