បណ្តារដ្ឋឥស្លាមយល់ព្រមបង្កើតមូលនិធិអន្តរជាតិមួយ ដើម្បីផ្តល់ការគាំទ្រដល់អាហ្វហ្គានីស្ថាន

បរទេស៖ បណ្តាប្រទេសឥស្លាមបានយល់ព្រមបង្កើតមូលនិធិអន្តរជាតិមួយ ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសអាហ្វហ្គានីស្ថាន ដែលប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ អង្គការសហប្រតិបត្តិការឥស្លាមបានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបន្ទាន់មួយនៅថ្ងៃអាទិត្យម្សិលមិញ ដើម្បីដោះស្រាយស្ថានការណ៍កាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ស្ថាប័នដែលមានសមាជិកចំនួន ៥៧ប្រទេសបានសម្រេចចិត្តបង្កើតមូលនិធិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជួយដល់ប្រជាជនអាហ្វហ្គានីស្ថានទទួលបានអាហារ និងបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការសាធារណៈ ដែលបូករួមជាមួយគ្រូបង្រៀននៅតែមិនមានប្រាក់ខែ។ គិតមកទល់ពេលនេះ ៦០ភាគរយនៃជនជាតិអាហ្វហ្គានីស្ថានកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារចំពេលមានវិបត្តិសេដ្ឋកិច្ច។ សមាជិកក៏បានព្រមព្រៀងគ្នាផងដែរ ដើម្បីពិភាក្សាអំពីវិធីរំដោះទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់អាហ្វហ្គានីស្ថាន សំដៅការពារសេដ្ឋកិច្ចរបស់ទីក្រុងកាប៊ុល ពីការដួលរលំ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានសម្តែងការព្រួយបារម្ភថា ជំនួយបរទេស និងទ្រព្យសម្បត្តិអាហ្វហ្គានីស្ថាននៅក្រៅប្រទេសត្រូវបានបង្កក ចាប់តាំងពីការកាន់កាប់អំណាចជាថ្មីរបស់ក្រុមតាលីបង់ក្នុងខែសីហា។ លោក​បាន​ព្រមាន​ថា អាហ្វហ្គានីស្ថាន​នឹង​ក្លាយ​ជា​វិបត្តិ​ ដែល​មនុស្ស​បង្កើត​ឡើង​ធំ​បំផុត ប្រសិន​បើ​ពិភពលោក​មិន​ធ្វើ​សកម្មភាពទេនោះ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសស្តីទីតាលីបង់ លោក Amir Khan Muttaqi តំណាងពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថាន Thomas West និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសអាហ្វហ្គានីស្ថានលោក Okada Takashi ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ ក្នុងនាមជាអ្នកសង្កេតការណ៍៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner