កាកបាទក្រហមកម្ពុជា បិទបញ្ចប់បេសកកម្មប្រគល់-ទទួលជែលលាងដៃជាជំហានទី១ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្តចំនួន ១៧ ដែលធ្លាប់រងផលប៉ះពាល់ខ្លាំងដោយជំងឺកូវីដ-១៩

កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១នេះ បានបិទបញ្ចប់បេសកកម្មប្រគល់-ទទួលជែលលាងដៃជាជំហានទី១ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្តចំនួន ១៧ ដែលធ្លាប់រងផលប៉ះពាល់ខ្លាំងដោយជំងឺកូវីដ-១៩ បន្ទាប់ពី កាកបាទក្រហមកម្ពុជា ទទួលបានអំណោយជែលពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ពិធីប្រគល់-ទទួលជែលជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង (ខេត្តទី១៦) បានប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែល កាកបាទក្រហមកម្ពុជា បានបិទបញ្ចប់បេសកកម្មប្រគល់ជែលជូនបណ្តាសាខា ទាំង១៧ ជាជំហានទី១ ក្នុងនោះខេត្តកោះកុងជាខេត្តទី១៦ និងខេត្តប៉ៃលិនជាខេត្តទី១៧ ហេីយស្របពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសបិទបញ្ចប់ទាំងស្រុងនូវ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» បន្ទាប់ពីកម្ពុជាយេីងបានប្រឹងប្រែងប្រយុទ្ធយ៉ាងខ្លាំងក្លាអស់រយៈពេល ១០ខែកន្លងមក ។

ទន្ទឹមនឹងនេះ លោកជំទាវ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសេីរចំពោះជួរគណៈអភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តកោះកុង ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជាពិសេសក្រុមគ្រូពេទ្យជួរមុខ ទាំងអស់ ដែលបានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិយេីងក្រោមម្លប់នៃសន្តិភាព។

ជាមួយគ្នានេះ លោកជំទាវ បានលេីកឡេីងថា « អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ចែងឱ្យមន្ត្រីទីស្នាក់ការកណ្តាលចុះប្រគល់ជែលទាំងអស់ជូនដល់ សាខា-អនុសាខាកាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យបង្អែក នៅទូទាំង២៥ រាជធានី-ខេត្ត ដែលជាប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺដេីម្បីលេីកកម្ពស់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្តោតលេីការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន»។

លោកជំទាវ បានបញ្ជាក់ផងដែរថា ៖ កម្ពុជាយើងបានឆ្លងកាត់ការលំបាកនៃជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ យើងបានឈានដល់ការអនុវត្តនូវយុទ្ធសាស្ត្រស្តីពី «ការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩» និង «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» ដែលតម្រូវឱ្យមានការចូលរួមជាសំខាន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋយើងក្នុងការអនុវត្តយុទ្ធសាស្ត្រខាងលើនេះ ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍ រីកចម្រើន និងរក្សាបាននូវស្ថិរភាព សុខសន្តិភាព តាមគន្លងប្រក្រតីភាពថ្មី។

ក្នុងឱកាសនោះដែរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ប្រតិបត្តិករជួរមុខយកទៅប្រេីប្រាស់ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ទទួលបានជែលលាងដៃចំនួន ៦០០កេស (ស្មេីនឹង ១២.០០០ដប) ក្នុងនោះប្រគល់ជូនសាខាចំនួន ២០៥កេស, ជូនមន្ទីរពេទ្យខេត្តកោះកុងចំនួន ២០កេស, ជូនអនុសាខា កាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង៧ ចំនួន ៣៥០កេស និងជូនសាលារៀននានាក្នុងទីរួមខេត្តកោះកុងចំនួន ២៥កេស។ ដោយឡែក កម្មវិធីប្រគល់-ទទួលជែលចំនួន ៧៤២កេស (ស្មេីនឹង ១១.៨៧២ដប) ជូនសាខា កាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដែលជាខេត្តទី១៧នោះ បានប្រព្រឹត្តទៅក្រោមវត្តមានលោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងលោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner