អត្ថាធិប្បាយ ផលដើមរដូវនៃចំណងមិត្តភាពដែកថែប កម្ពុជា-ចិន

 អត្ថាធិប្បាយ

ផលដើមរដូវនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន

ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបតែបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃ ១៨ ខែធ្នូ ឆ្នាំ ២០២១ ធ្លាប់ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា នេះគ្រាន់តែជាការទទួលផលដើមរដូវនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ពីព្រោះថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ មិនមែនត្រឹមតែធ្វើឡើង ក្នុងថ្ងៃពីម្សិលម៉ិញ ថ្ងៃនេះ ឬសម្រាប់ថ្ងៃស្អែកតែមួយថ្ងៃទៀតប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់រយៈពេលយូរអង្វែងទៅមុខទៀត ។ អ្វីដែលគួរកត់សម្គាល់គឺថា សមិទ្ធផលទាំងឡាយ ដែលមិត្តចិនបានជួយដល់កម្ពុជា រាប់ទាំងពហុកីឡដ្ឋានជាតិមរតកតេជោនេះផង មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែនេះជាផ្លែផ្កានៃចំណងមិត្តភាពកាលពីយូរយារណាស់មកហើយ ដែលកើតឡើងពីការត្រួសត្រាយផ្លូវរបស់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ បន្តមកដល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅពេលបច្ចុប្បន្ន និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ។ នេះជាមរតកដែលបន្សល់ទុកនៅក្នុងទំនាក់ទំនងរវាងប្រទេសយើងទាំង២តាំងពីជំនាន់មុនមកដល់បច្ចុប្បន្ននិងតទៅដល់កូនចៅយើងជំនាន់ក្រោយៗទៀត។

ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន មានលក្ខណៈពិសេសបំផុតក្នុងក្របខណ្ឌជាអ្នកជិតខាងល្អ មិត្តភក្តិល្អ បងប្អូនល្អ ដៃគូល្អ ជាមិត្តពិតប្រាកដនឹងគ្នា រវាងប្រទេស និងប្រជាជនយើងទាំងពីរ ។ ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ កម្ពុជា-ចិន បានចាប់ផ្តើមឡើងដោយជំនឿទុកចិត្តដែលផុសចេញពីបេះដូងស្មោះត្រង់ បានរីកចម្រើនបន្តិចម្តងៗ ក្លាយទៅជាទំនាក់ទំនងភាពជាដៃគូជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ។ បន្ទាប់មកការដាក់ចេញនូវគំនិតផ្តួចផ្តើម” ខ្សែក្រវាត់ និងផ្លូវ” ដែលជាទស្សនៈ និងជានយោបាយ ដែលមានលក្ខណៈ​ជ្រាលជ្រៅរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងការដាក់ចេញនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានគោលដៅ និងអាទិភាពដូចគ្នា ជាពិសេសគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ទើបធ្វើឲ្យទំនាក់ទំនងប្រទេសយើងទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅ ពោរពេញដោយសក្តានុពលក្លាយទៅជាចំណងមិត្តភាពដែកថែប ដែលមិនអាចរង្គោះរង្គើរ គ្មានអ្នកណាអាចដុតបំផ្លាញបាន ។ អាស្រ័យដោយទំនាក់ទំនងពិសេសនេះ​ កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងវប្បធម៌ ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំចិន បានប្រកាសគាំទ្រពេញទំហឹងដល់ការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជាចិន ឲ្យកាន់តែរឹងមាំ និងបោះជំហានទៅមុខបម្រើឲ្យផលប្រយោជន៍រួមនៃប្រទេសយើងទាំងពីរ ហើយចិននៅតែបន្តគាំទ្រកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។ ទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយ គឺមិនអាចបំបែកចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិនបានឡើយ ។ កន្លងមកនេះ កម្ពុជាបានទទួលនូវសមិទ្ធផលយ៉ាងច្រើន ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដូចជា ផ្លូវគមនាគមន៍ និងស្ពាន មានប្រវែងរាប់ពាន់គីឡូម៉ែត្រ សំណង់វារីអគ្គិសនីធំៗជាច្រើន ដែលធ្វើឲ្យកម្ពុជា កាន់តែឈានទៅដល់ការគ្រប់គ្រង និងប្រើប្រាស់ថាមពលអគ្គិសនី បម្រើឲ្យវិស័យផ្សេងៗ ដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស ការកសាងផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ ជាប្រទេសដែលកម្ពុជាចាត់ទុកជាប្រភពផ្គត់ផ្គង់ជាយុទ្ធសាស្ត្រនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងវិមានពហុកីឡ​ដ្ឋាន​មរតកតេជោ ជាជំនួយឥតសំណងមានតម្លៃ ១៥០ លានដុល្លារ ជាចំណងដៃដ៏ត្រជាក់ត្រជុំប្រកបដោយអត្ថន័យរបស់ឯកឧត្ត ស៊ី ជីនពីង ប្រធានាធិបតីចិន ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាជនចិន ផ្ញើជូនដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ទុកជាតំណែលប្រវត្តិសាស្ត្រ សម្រាប់មនុស្សជំនាន់ក្រោយ ។ ជំនួយជាវិមានពហុកីឡដ្ឋានជាតិមរតកតេជោនេះ មានទំហំធំជាងគេ ជាពហកីឡដ្ឋានធំបំផុតរបស់ចិនក្នុងការ    កសាងជូនប្រទេសជាមិត្តមួយចំនួន។ ជាមួយគ្នានេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កម្ពុជា-ចិន ក៏មានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ចិន មានចំនួន ១០.៩៨០លានដុល្លារអាមេរិក មានកំណើន ៤៥,៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០ ។ តួរលេខនេះលើសពីចំនួន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានប្តេជ្ញាជាមួយគ្នាថា នឹងធ្វើឲ្យឈានដល់កម្រិត ១ម៉ឺនលានដុល្លារ នៅឆ្នាំ ២០២៣ ។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវចូលជាធរមាននៅខែមករា ឆ្នាំ ២០២២ ខាងមុខ ក៏នឹងជួយជំរុញឲ្យទំហំពាណិជ្ជកម្ម និងការ​វិនិយោគនៃប្រទេសទាំងពីរកើនឡើងថែមទៀត ។

និយាយទៅដល់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន យើងសូមធ្វើការកត់សម្គាល់ដោយក្តីពេញចិត្តជាទីបំផុត ចំពោះជំហរបក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែលបានតំកល់នូវផលប្រយោជន៍នៃប្រទេសទាំងពីរជាធំលើសអ្វីទាំងអស់ ។ ជំនួយរបស់ប្រទេសចិនមិនដែលភ្ជាប់លក្ខខណ្ឌអ្វីទាំងអស់ គឺមិនបានរំលោភបំពានទៅលើឯករាជ្យជាតិ សិទ្ធិស្វ័យសម្រេច ឬការដាក់ចេញការបង្គាប់បញ្ជាណាមួយឡើយ ។​ ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនមកដល់កម្ពុជាមានចំនួនច្រើនឥតគណនា ជាជំនួយឥតលក្ខខណ្ឌ មានចរឹតស្មោះត្រង់ គិតគូរដល់ផលប្រយោជន៍ទ្វេភាគី ហើយជំនួយទាំងនេះ មិនត្រឹមតែបានជួយជំរុញដល់ការអភិវឌ្ឍដ៏ឆាប់រហ័សដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានជួយពង្រឹងនូវឯករាជ្យ និងអធិបតេយ្យរបស់ប្រទេសកម្ពុជាថែមទៀតផង ៕

(អត្ថបទ៖ វិទ្យុជាតិកម្ពុជា)

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner