សម្ដេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាម នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចអគ្គមហាសនេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព ខណៈឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។

បើតាមការគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ០៧ រួមមាន៖

១ ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ។

២ ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម ដែលចុះហត្ថលេខាដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

៣ កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

៤ កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម ដែលចុះហត្ថលេខាដោយឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន មិញវុ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងជាប្រធានគណៈកម្មការ ព្រំដែនរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

៥ អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥ ដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចកកម្ពុជា និងឯកឧត្តម ង្វៀន វ៉ាន់ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

៦ អនុស្សារណៈនៃការយោគយល់គ្នារវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលចុះហត្ថលេខាដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជិន គួកខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណ រដ្ឋសង្គមនិយមវៀតណាម។

៧ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម ដែលចុះហត្ថលេខាដោយឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន ខាញ់ង៉ុក អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner