ប្រមុខការទូតរុស្ស៊ី៖ ទីក្រុងម៉ូស្គូចាត់ទុកការពង្រីកខ្លួនបន្ថែមរបស់អង្គការណាតូទៅកាន់ព្រំដែនប្រទេសរបស់ខ្លួនជា “បន្ទាត់ក្រហម”

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរូវ ព្រមានថា ចលនាណាមួយបន្ថែមទៀតរបស់អង្គការណាតូ ឆ្ពោះទៅកាន់ព្រំដែនប្រទេសរុស្ស៊ី នឹងក្លាយជា “បន្ទាត់ក្រហម” នៅក្នុងការសន្ទនាជាមួយទីក្រុងម៉ូស្គូ។

លោក ឡាវរូវ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសបូស្នៀ ហើហ្សេហ្គោវីណា និងប៊ីសឺរ៉ា ទូកូវីគ ថា គោលជំហររបស់យើងលើការពង្រីកខ្លួនរបស់អង្គការណាតូ ត្រូវបានគេស្គាល់យ៉ាងច្បាស់… វានឹងក្លាយជាខ្សែបន្ទាត់ក្រហម ប្រសិនបើសម្ពន្ធភាពនេះបន្តខិតទៅជិតព្រំដែននៃសហព័ន្ធរុស្ស៊ី។ កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅនេះ ក្រសួងការបរទេសរុស្ស៊ីបានបង្ហាញសំណើទៅកាន់សហរដ្ឋអាមេរិក និងអង្គការណាតូស្តីពីការធានាសន្តិសុខ ជាពិសេស គឺការកំណត់សម្ពន្ធភាពអាត្លង់ទិកនេះមិនអោយពង្រីកខ្លួនចូលទៅក្នុងទឹកដីអ៊ុយក្រែន។ ឯកសារ​ទាំង​នោះ​ត្រូវ​បាន​ប្រគល់​ឱ្យទី​ក្រុង​វ៉ាស៊ីនតោន និង​សម្ពន្ធមិត្ត​រួច​ហើយ។

លោក ឡាវរូវ បានគូសបញ្ជាក់ថា​ សំណើដែលយើងបានធ្វើតាមបញ្ជារបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលទាក់ទងនឹងការធានាសន្តិសុខរបស់សហព័ន្ធរុស្ស៊ី ក្នុងបរិបទនៃសន្តិសុខរួមនៅក្នុងតំបន់អឺរ៉ុប-អាត្លង់ទិកទាំងមូល ពួកគេឆ្លើយតបយ៉ាងច្បាស់ចំពោះវិធីដែលយើងមើលឃើញពីស្ថានភាព។ លោកបន្ថែមថា សេចក្តីព្រាងកិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍របស់ទីក្រុងម៉ូស្គូ ក្នុងការជៀសវាងការវិវត្តន៍អវិជ្ជមាន និងលទ្ធផលដែលត្រូវបានស្នើឡើងដោយអ្នកយុទ្ធសាស្រ្តមួយចំនួននៅក្នុងសម្ពន្ធភាព៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner