រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា បច្ចុប្បន្ននេះមាន ក្រុមហ៊ុនឯកជន វៀតណាមជាច្រើនបាន និងកំពុងបោះទុនវិនិយោគទាំងការងារ ដាំ ដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មនៅកម្ពុជា ប្រកបដោយ គុណភាព និងស្តង់ដារ ហើយប្រទេសវៀតណាម ក៏ជាទីផ្សារដ៏ធំ មួយសម្រាប់កម្ពុជានាំចេញកសិផល

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប និងពិភាក្សាការងារជាមួយឯកឧត្តម Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរលើកិច្ចសហប្រតិបត្តិការលើការងារបច្ចេកទេសរវាងក្រសួងទាំងពីរ លើអនុវិស័យកសិកម្មពាក់ព័ន្ធនឹងអនាម័យ ភូតគាមអនាម័យ (SPS) ការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់ ក្នុងអនុវិស័យព្រៃឈើ ការទប់ស្កាត់ចរាចរសត្វ ជំងឺឆ្លងសត្វ និងចត្តាឡីស័កសត្វ ការងារសហប្រតិបត្តិលើការងារកៅស៊ូ និងគម្រោងឧបត្ថម្ភគាំទ្របច្ចេកទេសនៃការធ្វើវារីវប្បកម្មនៃអនុវិស័យជលផល។

ឯកឧត្តម វេង សាខុន ថ្លែងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជនវៀតណាមជាច្រើនបាន និងកំពុងបោះទុនវិនិយោគទាំងការងារដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មនៅកម្ពុជា ប្រកបដោយគុណភាព និងស្តង់ដារ ហើយប្រទេសវៀតណាម ក៏ជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជានាំចេញកសិផល ដូចជាស្រូវ ដំឡូងមីស្រស់និងក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែចេក និងកៅស៊ូ។ល។ ឯកឧត្តមបញ្ជាក់ថា បានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងជាពិសេសបានចូលរួមបង្កើតការងារយ៉ាងច្រើនជូនដល់ប្រជាជនកម្ពុជា។ ឯកឧត្តមមានជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាមនាពេលនេះ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះនឹងត្រូវបានពង្រឹង និងពង្រីកថែមមួយកម្រិតទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម Le Quoc Doanh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេស និងក្រសួងទាំងពីរ ហើយសមិទ្ធិផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះបានបង្ហាញយ៉ាងច្បាស់លើទំហំ និងជញ្ជីងពាណិជ្ជកម្មនៃការនាំចេញ នាំចូលផលិតផលកសិកម្មនៃប្រទេសទាំងពីរ ដោយក្នុងរយៈពេល ១១ខែ នៃឆ្នាំ ២០២១នេះ វៀតណាមបាននាំចូលផលិតផលកសិកម្មរហូតដល់ ៣,៧៣ ពាន់លានដុល្លារអាមេរិក ហើយការនាំចេញផលិតផលកសិកម្មវៀតណាមមកកម្ពុជាបានសរុប ៣,៣២ ពាន់លានដុល្លារអាមេរិក។

សូមជម្រាបជូនថា ក្រសួងទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សា ក្នុងស្មារតីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងក្រសួងទាំងពីរមានជាអាទិ៍៖

១. ឯកសារអនុស្សារណៈនៃការយោគយល់គ្នាទាក់ទងនឹងអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតផលកសិកម្ម ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូលកសិផលរវាងប្រទេសទាំងពីរ។

២. កិច្ចសហការលើអនុវិស័យព្រៃឈើ ពោលការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់។

៣. ការងារគ្រប់គ្រងចរាចរសត្វ និងការទប់ស្គាត់ចរាចរសត្វខុសច្បាប់។ ការការពារ និងទប់ស្គាត់ជំងឺឆ្លងសត្វរវាងប្រទេសទាំងពីរ និងការអនុវត្តចត្តាឡីស័កសត្វតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។

៤. ពង្រឹងកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់បទល្មើសជលផលឆ្លងដែនសមុទ្រ។ ពង្រឹង និងពង្រីកកិច្ចសហការលើអនុវិស័យជលផលតាមរយៈគម្រោងជំនួយឧបត្ថម្ភរបស់វៀតណាមសម្រាប់អនុវត្តក្នុងឆ្នាំ ២០២២ ដោយផ្តល់ការងារបណ្តុះបណ្តាលបច្ចេកទេសវារីវប្បកម្ម។

៥. អនុស្សារណៈនៃការយោគយល់គ្នាលើអនុវិស័យកៅស៊ូ ដើម្បីធានានិរន្តរភាពនៃអនុវិស័យនេះ។ រួមគ្នាគ្រប់គ្រង និងទប់ស្គាត់ការនាំចេញខុសច្បាប់នៃឈើកៅស៊ូ និងជ័រកៅស៊ូដែលមិនទាន់កែច្នៃ។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗខាងលើ ភាគីទាំងពីរបានឯកភាពរួមគ្នារៀបចំកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៃប្រទេសទាំងពីរ ដើម្បីចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner