Positive Cambodia Ep34: សម្តេចតេជោ អំពាវនាវឱ្យជំរុញការលើកកម្ពស់សេវាទឹកស្អាត និងអនាម័យជនបទ

សម្តេចតេជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ជំរុញ​ការលើកកម្ពស់​អនាម័យ​ជនបទ​ឱ្យ​ខ្លាំងក្លា​ថែមទៀត ដោយ​ជំរុញ​ឱ្យ​មាន​សន្ទុះ ៥% រៀងរាល់​ឆ្នាំ ដើម្បី​សម្រេចបាន​គោលដៅ​ឆ្នាំ​២០២៥ ដែល​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​ទឹកស្អាត​ និង​អនាម័យ​មាន​និរន្តរភាព​។

សម្តេចតេជោ ថ្លែងថានៅ​ឆ្នាំ​២០០៧ថា ​ប្រជាជន​កម្ពុជា​មាន​លទ្ធភាព​ប្រើ​បង្គន់​អនាម័យ​ត្រឹម ១៦%​​។ ​ឆ្នាំ២០១៩ លទ្ធផល​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា​បាន​បង្ហាញថា អត្រា​គ្របដណ្តប់​អនាម័យជនបទ​បាន​កើន​ដល់ ៧៨% ដោយសារ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល និង​ការចូល​រួមសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​អនាម័យ​។ 

សម្តេចតេជោ ​ថ្លែងថា​៖ «[​ផ្នែក​ពាក់ព័ន្ធ​] ធ្វើយ៉ាងណា​ឱ្យ​ស្ថានភាព​អនាម័យ​ជនបទ​នៅ​កម្ពុជា​មាន​សន្ទុះ​បន្ថែមទៀត​ក្នុង​អត្រា​ ៥% ​ជា​រៀងរាល់​ឆ្នាំ ទើប​យើង​អាច​សម្រេច​បាន​នូវ​ទស្សន​វិស័យ​ដែល​បាន​កំណត់ថា ប្រជាជន​ទាំងអស់​នឹង​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ប្រកបដោយ​សមធម៌ និង​មាន​និរន្តរភាព​នៅ​ឆ្នាំ២០២៥»​។ 

សម្តេចតេជោ ​ជំរុញ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ថ្នាក់ជាតិនិង​ខេត្ត ​​បន្ត​យកចិត្ត​ទុកដាក់​សម្របសម្រួល និង​សហប្រតិបត្តិ​ការល្អ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ដើម្បី​រិះរក​វិធានការ និង​ធនធាន​ក្នុង​ការលើកកម្ពស់​អនាម័យ​ជនបទ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។ សម្តេចតេជោ ហ៊ុន សែន ណែនាំ​ដល់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួងនិង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បង្កើន​ការគាំទ្រ និង​បន្ត​ជំរុញ​ការលើកកម្ពស់​អនាម័យ​សមស្រប​តាម​សមត្ថ​កិច្ចការងារ​របស់ខ្លួន ដោយ​កៀរគរ​ធនធាន និង​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​ឈានសម្រេចបាន​គោលដៅ​អត្រា​គ្របដណ្តប់​អនាម័យ​ ៩០​% នៃ​ផែនការ​សកម្មភាព​ជាតិ​ជំហាន​ទី២ នៅ​ឆ្នាំ​២០២៣​។ សម្តេច តេជោ ​ជំរុញ​ឱ្យ​ខេត្ត-ក្រុង ​ដែលមាន​អត្រា​គ្របដណ្តប់​អនាម័យ​ខ្ពស់​ឱ្យ​ក្លាយជា​ខេត្ត ដែល​ឈប់​បន្ទោបង់​ពាសវាល​ពាសកាល​ ១០០​%៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner