រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានវាយតម្លៃខ្ពស់ដោយក្រសួងទាំងពីរបានសហការគ្នាលើវិស័យអភិវឌ្ឍធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលក្នុងការប្រឆាំងបទល្មើសតាមព្រំដែននៃប្រទេសទាំងពីរ

នៅក្នុងឱកាសអញ្ជើញអមដំណើរឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលពិធីជំនួបបានប្រារព្ធធ្វើឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្រសួងមហាផ្ទៃ នៅថ្ងៃ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

ក្នុងពិធីជំនួបនេះ ភាគីពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ទោះស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី ដោយក្រសួងទាំងពីរបានសហការយ៉ាងជិតដិតលើវិស័យអភិវឌ្ឍធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាល និងការងារប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការជួញដូរមនុស្ស ហើយភាគីទាំងពីរបានប្តេជ្ញាបន្តជម្រុញកិច្ចសហប្រតិបត្តិការទាំងនេះឲ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយបន្ថែមទៀត។

ស្របពេលជាគ្នានេះដែរ ឯកឧត្តម តូ ឡឹម ក៏បានសម្តែងការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលនឹងធ្វើជាប្រធានប្តូរវេននៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ហើយឯកឧត្តមផ្ទាល់ក៏ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រដល់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ឲ្យទទួលបានជោគជ័យ ដោយផ្អែកលើបទពិសោធន៍កន្លងមកដែលប្រទេសវៀតណាមក៏ធ្លាប់បានទទួលធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២០។

ទន្ទឹមនេះ ដើម្បីចូលរួមអបអរសាទរនូវព្រឹត្តិការណ៍គម្រប់ខួប ៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម តូ ឡឹម ក៏បានពិភាក្សាអំពីការរៀបចំនូវព្រឹត្តិការណ៍សំខាន់ៗដើម្បីអបអរសាទរនូវទិវាដ៏មានសារៈសំខាន់នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តម តូ ឡឹម ក៏បាននាំមកជាមួយនូវជំនួយរបស់ក្រសួងនគរបាលវៀតណាម ដែលរួមមាន រថយន្តចំនួន ០៥ គ្រឿង ម៉ូតូចំនួន ០៥គ្រឿង ព្រមទាំងសម្ភារបម្រើឲ្យការងារថែរក្សាសន្តិសុខ សុវត្ថិភាព មួយចំនួនទៀត ។

ជាទីបញ្ចប់ ឯកឧត្តម តូ ឡឹម បានអញ្ជើញ សម្តេចក្រឡាហោម បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅឆ្នាំ២០២២ តាមពេលវេលាសមស្រប ។ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner