កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្ទាក់ចាប់រថយន្តសាំងយ៉ុងមួយគ្រឿង ដឹកជញ្ជូនឈើពេញប្រៀប សង្ស័យដឹកចេញពីខេត្តព្រះវិហារ

ខេត្តកំពង់ធំ ៖ សកម្មភាពដឹកជញ្ជូនឈើ តាមមធ្យោបាយគ្រប់ប្រភេទ ត្រូវគេកត់សម្គាល់ឃើញថា ហាក់បីដូចជាមានការកើនឡើង នៅក្នុងរដូវប្រាំងឆ្នាំនេះ ។ កត្តានេះបានប្រញាប់ឲ្យកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំ ចុះស្ទាក់ចាប់បាន និងបញ្ជូនទៅឲ្យមន្ត្រីជំនាញព្រៃឈើ ចាត់ការជាបន្ត។

ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្រោមបញ្ជាពី លោក ឃុន ប៊ុនហ៊ួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ កាលពីយប់ថ្ងៃទី២១ធ្នូឆ្នាំ២០២១ នៅមុខស្នាក់ការអាវុធហត្ថស្រុក ស្ថិតនៅក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មន្ត្រីអាវុធហត្ថស្រុកបារាយណ៍ បានឲ្យដឹងថា រថយន្តដែលសមត្ថកិច្ចចាប់នោះ ជាប្រភេទសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L.4008 បានដឹកឈើប្រភេទលេខ១ (ឈើឈ្លីក) ពេញរថយន្ត និងនៅក្នុងពេលឃាត់ទុកនោះ សមត្ថកិច្ចបានរកឃើញវិក័យប័ត្រ ១សន្លឹក ដោយមានការបញ្ជាក់ពីម្ចាស់ដេប៉ូ ឈ្មោះ ប៉ិន ភន ដែលជាអ្នកលក់ឈើ មានទីតាំងស្ថិតនៅភូមិថ្នល់បំបែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ និងអ្នកទិញ ឈ្មោះ ពូ ដេត មានទីលំភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្រោយការចាប់រថយន្តនោះ កម្លាំងសមត្ថកិច្ចអាវុធហត្ថស្រុកបារាយណ៍ បានប្រគល់ឈើ និងរថយន្តដឹកជញ្ជូនឈើនោះ ទៅឲ្យមន្ត្រីព្រៃឈើ ដែលមានលោក ហៀង ប៊ុនធឿន ជានាយសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ និងទាំងមធ្យោបាយ ទាំងឈើ ត្រូវបាននាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម នៃខេត្តកំពង់ធំ។

នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម លោក មុំ សុផល បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទឲ្យដឹងថា ក្នុងករណី គេមានវិក័យប័ត្រត្រឹមត្រូវ ដឹកឈើចេញពីដេប៉ូ បើលោកពិនិត្យឃើញត្រឹមត្រូវថា ពិតជាត្រឹមត្រូវ រថយន្តដឹកឈើនោះ នឹងត្រូវដោះលែងឲ្យវិញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ឈើប្រភេទលេខ១ ឈើឈ្លីច ឬឈើសុក្រមទាំងនោះ គឺម្ចាស់ដេប៉ូឈើ បានប្រមូលទិញពីឈ្មួញកណ្តាល ចេញពីដែនព្រៃការពារដោយរដ្ឋ ឬសហគមន៍ព្រៃឈើ រួចដឹកជញ្ជូនតាមរថយន្តសាំងយ៉ុង រថយន្តកូរ៉េ និងមធ្យោបាយផ្សេងៗ ដែលអាចធ្វើទៅបាន ចេញពីដែនដីរដ្ឋបាលខេត្តព្រះវិហារ នាំចូលមកដាក់ក្នុងដេប៉ូ ដើម្បីឈើទាំងនោះ ក្លាយជាឈើស្របច្បាប់ តាមរូបភាពកន្ទេលធំបន្លំដេក សង្ស័យមានការឃុបឃិត និងបើកដៃពីសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះ ទើបការប្រមូល និងការដឹកជញ្ជូនឈើទាំងនោះ បានយ៉ាងរលូនបែបនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner