ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី អញ្ជើញសួរសុខទុក្ខកងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម

រតនគិរី ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី និងលោកជំទាវ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមរបស់ទីបញ្ជាការកងអនុសេនាតូចទី៣ កងអនុសេនាធំទី២ វរៈសេនាតូចការពារព្រំដែនលេខ០២ ស្ថិតក្នុងភូមិសាស្រ្ត ភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស។

មានប្រសាសន៍សំណេះសំណាលទៅកាន់វីរៈកងទ័ពប្រមាណជាង៩០នាក់នាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរៈកងទ័ពទាំងអស់ ដែលបានយកចិត្តទុកដាក់ ខិតខំការពារបូរណទឹកដីជាពិសេសចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្ត នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យមានស្ថេរភាពល្អប្រសើរក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពក្នុងភូមិសាស្ត្រខេត្ត នាពេលកន្លងមក ។

ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង ទាំងអស់ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់ ការលបលួចឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ និងត្រូវបន្តកិច្ចសហប្រតិបត្តិការល្អជាមួយភាគីមិត្ត តាមគ្រប់មូលដ្ឋានព្រមទាំងពង្រឹងស្មារតីជាតិ ការពារទឹកដី ស្របតាមការកំណត់របស់គណៈកម្មការកិច្ចការពារព្រំដែន ដែលបានបោះបង្គោលព្រំដែនរួច ដោយមិនត្រូវរំលោភលើបូរណភាពទឹកដីគា្នទៅវិញទៅមក។ ជាពិសេសចូលរួមសហការជាមួយកម្លាំងនគរបាលការពារព្រំដែន និងមន្ត្រីបរិស្ថានការពារ និងទប់ស្កាត់រាល់បទល្មើសនានា ដែលអាចកើតមានតាមព្រំដែន និងសូមឱ្យកងកម្លាំងរបស់យើងទាំងអស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយត្រូវចូលរួមអនុវត្តវិធានការ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានជាប់ជាប្រចាំ ដើម្បីសហគមន៍របស់យើងគ្មានជំងឺកូវីដ-១៩ ។

ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ ជូនដល់ទីបញ្ជាការកងអនុសេនាតូចទី៣ កងអនុសេនាធំទី២ វរៈសេនាតូចការពារព្រំដែនលេខ០២ រួមមាន៖ អង្ករ៥០០គីឡូក្រាម, ទឹកត្រី២០យួរ, ត្រីខ២០យួរ, មី១០កេស, ទឹកសុីអុីវ២០យួរ, ទឹកសុទ្ធ៤០យួរ ព្រមទាំងអាល់កុល៣កាន និងម៉ាស់ល្អ២កេសនិងថវិកាចំនួន ៥០០ដុល្លារផងដែរ ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner