លួចទូរស័ព្ទដៃ iphone និង ipad នៅម្ដុំសាលាឥន្ទ្រទេវី ត្រូវបានជនរងគ្រោះតាមទាន់រកឃើញក្នុងផ្ទះមួយកន្លែង ជិតអង់តែនទួលគោក

ភ្នំពេញ ៖ ទីតាំងផ្ទះទ្រូម៉ាន់នីមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ចុះឆែកឆេរទីតាំងផ្ទះពាក់ព័ន្ធទៅនឹងករណីបាត់ទូរសព្ទដៃម៉ាក iphone មួយគ្រឿង និងម៉ាក ipad មួយគ្រឿង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ១៦ (យីហោងទ្រូម៉ាន់នី) ស្ថិតនៅបណ្ដោយផ្លូវលេខ៣៣៥ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លី សុឃា អាយុ ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលម្តុំសាលាឥន្ទ្រទេវី ផ្លូវលេខ៥៩២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាប្រហែលជាម៉ោង០៩ និង៣០ នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១ រូបគាត់ បានទុកទូរសព្ទដៃម៉ាក iphone 6 plus មួយគ្រឿង និងម៉ាក ipad មួយគ្រឿង នៅក្នុងផ្ទះរបស់ខ្លួន ម្ដុំសាលាឥន្ទ្រទេវីតាមបណ្ដោយផ្លូវលេខ៥៩២ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណ:ពេលជនរងគ្រោះភ្លេចខ្លួនបន្តិច ក៏ស្រាប់តែមានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកមានគ្នាបួននាក់ បានចូលទៅធ្វើសកម្មភាពលួចយកទូរសព្ទដៃ និង ipad រួចជិះគេចខ្លួនចេញពីកន្លែងកើតហេតុ ហើយរូបគាត់ ក៏បានស្រែកឆោឡោឡើង បន្ទាប់មកក៏បានពឹងអ្នកជិតខាងឱ្យជួយតាមរកជនសង្ស័យតាមរយៈទូរស័ព្ទ ipad ជាប់ icloud GPS រួចបានតាមពីក្រោយជនសង្ស័យរហូតអស់ជាច្រើនម៉ោងពីផ្លូវមួយទៅផ្លូវមួយ ទើបទីបំផុតតាមទាន់ប្រទះឃើញនៅក្នុងផ្ទះយីហោទ្រូម៉ាន់នី ផ្ទះលេខ១៦
(យីហោទ្រូម៉ាន់នី) ខាងលិចអង់តែនទួលគោក តាមបណ្ដោយផ្លូវលេខ៣៥៥ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏បានខលហៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ខណៈពេលសមត្ថកិច្ចមិនទាន់មកដល់ជនសង្ស័យបានឃើញជនរងគ្រោះមកដល់ ក៏ភ័យស្លន់ស្លោនាំគ្នារត់គេចចេញពីផ្ទះទីតាំងទ្រូម៉ាន់នីខាងលើ ភ្លាមនោះ ជនរងគ្រោះបានឃាត់ហើយក៏មានការប្រតាយប្រតប់គ្នា ខណៈនោះជនសង្ស័យបានទាញកាំភ្លើងពណ៌ទឹកប្រាក់មួយដើមអាមេគំរាមរូបគាត់ (មិនដឹងកាំភ្លើងអ្វី) ធ្វើឱ្យរូបគាត់ភ័យរត់ចេញពីកន្លែងធ្វើឱ្យជនសង្ស័យរំដោះរត់គេចខ្លួនចេញដោយសុវត្ថិភាព បន្តិចក្រោយមកក្រុមអ្នកសារព័ត៌មានមកដល់ថតមាននារីម្នាក់សក់ខ្លីមកចាប់កាំមេរ៉ាទាញយកមិនឱ្យថតបំរុងបោកចោលស្របពេលសមត្ថកិច្ចមូលដ្ឋាន បានមកដល់ទីតាំងកន្លែងកើតហេតុ ក៏បានធ្វើការឆែកទីតាំងខាងលើក៏ប្រទះឃើញវត្ថុតាងនៅក្នុងផ្ទះទ្រូម៉ាន់នីជាន់ខាងលើ ដែលជាសម្ភារៈដែលបាត់បង់របស់រូបគាត់ ទូរសព្ទដៃម៉ាក iphone មួយគ្រឿង និង ipad មួយគ្រឿង ពិតប្រាកដមែន រួចសមត្ថកិច្ចក៏បាននាំខ្លួនម្ចាស់ផ្ទះចំនួនពីរនាក់មកបំភ្លឺនៅនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២។

បច្ចុប្បន្ន នារីទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំនៅនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ដើម្បីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner