ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើព្រះសង្ឃឲ្យបន្តជួយសង្គម ក្នុងការអប់រំដល់និងអំពាវនាវដល់ពុទ្ធបរិស័ទ និងយុវជន បន្តអនុវត្ត៣.ការពារ និង៣.កុំឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានស្នើសុំដល់ព្រះសង្ឃក្នុងខេត្ត សូមបន្តចូលរួមក្នុងការជួយដល់សង្គមបន្ថែមទៀតទាំងផ្លូវធម៌និងការអប់រំដល់ពុទ្ធបរិស័ទនិងយុវជនយើង ឲ្យមានការយល់ដឹងពីការអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាប្រចាំនូវវិធាន៖៣.ការពារ និង៣.កុំ ឲ្យបានដាច់ខាត ដើម្បីចៀសផុតពីការឆ្លងរាតត្បាតសារជាថ្មីឡើងវិញពីកូវីដ ប្រភេទបំប្លែងថ្មីOMICRONGនិងបើទោះបីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់កាលពីពេលថ្មីៗនេះក៏ដោយ។ តែកូវីដ វាមិនទាន់បាត់រលត់ទៅឆ្ងាយនោះទេ? ហើយមេរោគបំប្លែងថ្មីនេះគឺវាងាយឆ្លងណាស់ដែលជាប្រការត្រូវតែប្រុងប្រយ័ត្ននិងកុំធ្វេសប្រហែសភ្លេចខ្លួនឲ្យសោះ? បើទោះបី យើងបានចាក់វ៉ាក់សាំងហើយក៏ដោយគឺវាងាយចម្លងណាស់?ហើយវាអាចបង្កហានិភ័យគ្រោះថ្នាក់ដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ថែមទៀត។
ការថ្លែងលើកឡើងបែបនេះ គឺធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងការផ្តល់នូវការចាក់វ៉ាក់សាំងដូសទី៣”ដូសជំរុញ” ប្រភេទវ៉ាក់សាំងម៉ូឌែរណា(MODERNA) ប្រគេនដល់ព្រះសង្ឃនិងតាជី យាយជី ប្រមាណជិត ១ពាន់អង្គ-នាក់នៅទូទាំងក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ ២០២១នេះ។
ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញប្រគេនព្រះសង្ឃនៅក្នុងបរិវេណ វត្តដំរីស ក្រុងបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថាបញ្ជាក់យ៉ាងច្បាស់ថា៖ ទោះបីជារាជរដ្ឋាភិបាលបានបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ក៏ប៉ុន្តែមិនមែនបានន័យថាលែងមានការឆ្លងរីករាលដាល ជំងឺកូវីដ នោះទេ ។ ដូច្នេះការចាក់វ៉ាក់សាំងពិតជាសំខាន់ណាស់ ហើយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងរក្សានូវគម្លាតសុវត្ថិភាព និងត្រូវតែបន្តអនុវត្តន៍វិធានការសុខាភិបាល ៣.កុំ ៣.ការពារ ឱ្យបានខ្ជាប់ខ្ជួន ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម សុខ លូ បានថ្លែងដោយសង្កត់ធ្ងន់ថា៖ជាការសង្កេតនៅពេលបច្ចុប្បន្ននេះ បញ្ហាសីលធម៌សង្គម គឺបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ និងគួរឲ្យព្រួយបារម្ភដែលទាមទារតម្រូវឱ្យមានការចូលរួមចំណែកពីព្រះសង្ឃក្នុងការជួយកិច្ចការងារសង្គម។ ព្រោះព្រះសង្ឃមានតួនាទីនិងសារៈសំខាន់ណាស់ក្នុងកិច្ចការសង្គម ទាំងពុទ្ធចក្រនិងអាណាចក្រ។
តាមរយៈការចាក់វ៉ាក់សាំងដូសទី៣ “ដូសជំរុញ” នេះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានសំណូមពរដល់ព្រះសង្ឃ នៅទីនេះសូមបន្តជួយផ្សព្វផ្សាយ និងអំពាវនាវ ដល់ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទដែលបានចាក់វ៉ាក់សាំងដូសទី២រួចហើយ សូមប្រញាប់រួសរាន់មកចាក់វ៉ាក់សាំងដូសទី៣ ជាដូសជម្រុញ ឲ្យបានតាមកាលកំណត់ដែលត្រូវបន្តចាក់ដូសទី៣នេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារខ្លួន និងសុវត្ថិភាពសង្គមទូទៅរបស់យើងទាំងអស់គ្នាផងដែរ។ដោយឡែកបងប្អូនដែលមិនទាន់បានចាក់ដូសទី១ក៏អាចមកចាក់វ៉ាក់សាំងបានដែរ ហើយចំពោះអ្នកដែលចង់ចាក់ដូសទី១ត្រូវសាកសួរព័ត៌មាននៅក្នុងមូលដ្ឋានខ្លួនតាមរយៈមេភូមិ ឬអាជ្ញាធរឃុំ របស់ខ្កួន ដើម្បីឲ្យដឹងពីកន្លែងដែលត្រូវទៅចាក់ចាក់សាំង(ដូសទី១)។
ក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏ បានអំពាវនាវដល់ព្រះសង្ឃ ត្រូវចូលរួមជួយការងារសង្គម តាមរយៈការទេសនាបញ្រ្ជាបពីការយល់ដឹង អំពីសុវត្ថិភាពនិងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងបញ្ហាផ្សេងៗទៀតក្នុងមូលដ្ឋាន។ជាពិសេសដោយទទូច សុំព្រះអង្គជួយជំរុញដល់ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូសនិងចាក់ឲ្យបានគ្រប់ៗគ្នា។និងចំពោះអ្នកដែលមិនទានបានចាក់វ៉ាក់សាំងម្តងសោះ ក្នុងខណៈដែលដំណើរការចាក់វ៉ាក់សាំងដូសទី១ បាននិងកំពុងនៅតែបន្ត នៅទូទាំងខេត្ត នៅឡើយនោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )