បណ្ឌិត គិន ភា៖ ទង្វើរបស់ក្រុមនិស្សិតភូមា គឺមិនយល់ពីបំណងល្អ និងសុឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានហៅទង្វើរបស់ក្រុមនិស្សិត និងប្រជាជនភូមា (មីយ៉ាន់ម៉ា) មួយចំនួនតូច ដែលយករូបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅជាន់ឈ្លីលើដី និងដុតតាមទីសាធារណៈ គឺពួកគេមិនយល់ពីបំណងល្អ មិនយល់អំពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន បែរជាប្រព្រឹត្តនូវសកម្មភាព ឬក៏ឥរិយាបទឆ្គាំឆ្គងដែលផ្ទុយគុណធម៌ សុជីវធម៌ និងសីលធម៌ក្នុងនាមជាមនុសុ្សជាតិ។ សូមឱ្យប្រជាជនភូមាមួយចំនួនតូច ត្រូវយល់ពីបំណងល្អ និងសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយភូមាទៅរកសុខសន្តិភាព ឯកភាព បង្រួបបង្រួមជាតិ គឺនាំភូមាវិលទៅរកប្រក្រតីភាពដូចមុនថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២១។

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី២៣ ខែធ្នូនេះថា ប្រជាជនភូមាមួយចំនួនតូច ប្រហែលជាគាត់មិនយល់បំណងល្អ និងសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសដ៏ឆ្នើម និងមានបំណងពិតប្រាកដក្នុងការជួយស្វែងរកសន្តិភាព ស្វែងរកការបង្រួបបង្រួមផ្សះផ្សាជាតិជូនប្រជាជាតិភូមា។ សម្តេចតេជោ ហ៊ុន សែន គឺជាយុទ្ធសាស្ត្រវិទូ ហើយក៏ជាអគ្គស្ថាបនិកនៃនយោបាយឈ្នះឈ្នះ នៃទស្សនវិទ្យាបង្រួបបង្រួមជាតិរបស់កម្ពុជា ដែលសម្រេចបានជោគជ័យក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ។

ឯកឧត្តមបណ្ឌិត គិន ភា បានបន្តថា មេរៀនក៏ដូចជាបទពិសោធន៍ទាំងអស់នេះ ជឿជាក់ថា សម្តេចតេជោ ហ៊ុន សែន អាចនឹងយកទៅប្រើប្រាស់សម្រាប់ប្រទេសភូមា ហើយក្នុងការស្វែងរកដំណោះស្រាយមួយសមស្របដែលមានលក្ខណៈបរិយាប័ន្នដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធនៅភូមា ជាពិសេសគឺសម្រាប់បំណងប្រាថ្នារបស់ប្រជាជនភូមាខ្លួនឯងផ្ទាល់។

ប៉ុន្តែផ្ទុយទៅវិញពួកគេមិនយល់ពីបំណងល្អ មិនយល់អំពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន បែរជាប្រព្រឹត្តនូវសកម្មភាព ឬក៏ឥរិយាបទឆ្គាំឆ្គងដែលផ្ទុយគុណធម៌ សុជីវធម៌ និងសីលធម៌ក្នុងនាមជាមនុសុ្សជាតិ។ យើងត្រូវដឹងថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ហើយថា វត្តមានរបស់សម្តេចទៅកាន់ប្រទេសភូមានេះ គឺមិនមែនមានន័យថា ជាការទទួលស្គាល់នូវរបបសឹកភូមានោះទេ ក៏ប៉ុន្តែសម្តេចព្យាយាមធ្វើការជាមួយភាគីពាក់ព័ន្ធ ជាពិសេសខាងយោធា បើកាលណានិយាយពីដំណោះស្រាយនយោបាយនៅភូមា តួអង្គសំខាន់មានខាងយោធា មានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី និងភាគីពាក់ព័ន្ធដែលមាននិន្នាការបំបែករដ្ឋមួយចំនួនទៀត ក៏ដូចជាប្រជាពលរដ្ឋភូមាផ្ទាល់ ហើយកូនសោគន្លឹះធំដែលកំពុងកាន់អំណាចនៅភូមា គឺខាងយោធា។

អ៊ីចឹងគឺយើងមិនអាចរកដំណោះស្រាយនយោបាយនៅភូមានដោយមើលរំលងខាងយោធាបានទេ។ ជាបទពិសោធន៍ជាក់ស្តែងនៅកម្ពុជាក៏ចឹងដែរ នៅពេលដែលដោះស្រាយបញ្ហានយោបាយនៅកម្ពុជា យើងសុខចិត្តបំភ្លេចចោលនៅអតីតកាល នៅរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសុខចិត្តអូសខ្មែរក្រហាមចូលតុចរចា គឺដើម្បីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ យើងសុខចិត្តបំភ្លេចចោលនូវការឈឺចាប់ទាំងឡាយដែលប្រជាពលរដ្ឋខ្មែររាប់លាននាក់ត្រូវបានសម្លាប់។ តើទំហំនៃការឈឺចាប់របស់ប្រជាជនភូមាស្មើនឹងទំហំឈឺចាប់របស់ប្រជាជនខ្មែរទេ គឺអត់ទេ ហេតុនេះអ្នកប្រជាជនភូមាត្រូវចាំថា យើងអត់បាននាំទុក្ខទៅប្រជាជនភូមាទេ កម្ពុជាមានសុឆន្ទៈក្នុងការរួមចំណែកដោះស្រាយជូនប្រជាជនភូមា គឺមិនមែននាំទុក្ខឱ្យអ្នកទាំងអស់គ្នាទេ។

ដូច្នេះទង្វើរបស់មនុស្សមួយចំនួននៅភូមា គឺជាទង្វើផ្ទុយ ជាទង្វើអគុណធម៌ដែលមិនយល់អំពីសុឆន្ទៈ និងបំណងល្អរបស់ប្រទេសកម្ពុជា របស់រាជរដ្ឋាភិបាលកម្ពុជា របស់ប្រមុខរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន។ សម្តេចបានបញ្ជាក់ច្បាស់ហើយថា ដំណោះស្រាយទាំងឡាយណានៅភូមា គឺសម្តេចប្រកាន់ភ្ជាប់នៅគោលការណ៍អាស៊ាន គោលការណ៍កុងសង់ស៊ីសទាំងប្រាំ។ ក៏ប៉ុន្តែសម្តេចសុខចិត្តលូកដៃចាប់ភូមា លូកដៃចាប់មេដឹកនាំយោធា ក្នុងន័យសម្របសម្រួលលើកទឹកចិត្តឱ្យពួកគេទៅរកដំណោះស្រាយនយោបាយដែលស្របទៅតាមការចង់បានរបស់ប្រជាជនភូមា ស្របទៅតាមការចង់បានសហគមន៍អន្តរជាតិ ជាពិសេសគោលការណ៍ទាំងប្រាំចំណុច ដែលជាចំណុចកុងសង់ស៊ីសរបស់អាស៊ានដែលកើតចេញពីកិច្ចប្រជុំកំពូលនៃប្រមុខដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ។ ជាមួយគ្នានេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា សូមឱ្យប្រជាជនភូមាមួយចំនួនតូច ត្រូវយល់ពីបំណងល្អ និងសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយភូមាទៅរកសុខសន្តិភាព ឯកភាព បង្រួបបង្រួមជាតិ គឺនាំភូមាវិលទៅរកប្រក្រតីភាពដូចមុនថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២១៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner