អាជ្ញាធរសុខាភិបាលអាមេរិកអនុម័តអោយប្រើ​ថ្នាំ​គ្រាប់របស់ក្រុមហ៊ុន Pfizer ដើម្បីព្យាបាល​អ្នកជំងឺកូ​វីដ-១៩​

វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃពុធសប្តាហ៍នេះ បានអនុម័តអោយប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងនឹងជំងឺកូវីដ១៩របស់ក្រុមហ៊ុន ហ្វាយហ្សឺ (Pfizer) សម្រាប់ករណីបន្ទាន់ ដើម្បីព្យាបាលអ្នកជំងឺកូវីដ។

ការសម្រេចចិត្តរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ក្នុងការអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩បានកើតឡើង នៅពេលដែលអាមេរិកកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដដែលបង្កឡើងដោយវីរុសបំប្លែងថ្មី អូមីក្រុង ដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសអំពីផែនការបើកកន្លែងចាក់វ៉ាក់សាំង និងធ្វើតេស្តសហព័ន្ធបន្ថែមទៀត។ ក្រោយទទួលបានការអនុម័តអោយប្រើប្រាស់ ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩របស់ ហ្វាយហ្សឺ នឹងត្រូវប្រើប្រាស់សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើង​ទៅ​ដែល​មាន​ហានិភ័យ​ឈឺធ្ងន់ធ្ងរ ដែល​នេះ​ជា​ថ្នាំលេប​នៅផ្ទះ​លើកដំបូង​ ក៏​ដូច​ជា​ឧបករណ៍​ថ្មី​ប្រឆាំងនឹង​វីរុសបំប្លែងថ្មី ​អូ​មី​ក្រុង ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​។​

បើតាមទិន្នន័យចុងក្រោយពីការធ្វើតេស្តនោះ ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩របស់ក្រុមហ៊ុន ហ្វាយហ្សឺ មានឈ្មោះសម្គាល់ថា Paxlovid ដែលមានប្រសិទ្ធភាពជិត ៩០ភាគរយ ក្នុងការកាត់បន្ថយហានិភ័យត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬស្លាប់។ មិនតែប៉ុណ្ណោះ ថ្នាំគ្រាប់នេះក៏មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី អូមីក្រុង ផងដែរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner