អ្នកនាំពាក្យហ៊្វុនស៊ិនប៉ិចបដិសេធចំពោះក្រុមលោក សាយ ហាក់ ប្រជុំជ្រើសរើសប្រធានថ្មីដែលផ្ទុយពីច្បាប់

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានបញ្ជាក់ថា ក្រុមលោក សាយ ហាក់ លោក ហេង ចន្ថា លោក ផាន់ សិទ្ធី និងមនុស្សមួយចំនួនទៀត ដែលអះអាងថា ខ្លួនជាសមាជិកគណៈកម្មការនាយកគណបក្សហ៊្វុនស៊ិនប៉ិច និងបានទៅបង្កើតគណៈកម្មការប្រជុំដោយចិត្តឯងបែបនេះ គឺផ្ទុយពីច្បាប់ ពីព្រោះមនុស្សទាំងអស់នោះ បានបាត់បង់នីតិសម្បទា និងសមាជិកភាពពីគណបក្សហ៊្វុនស៊ិនប៉ិចហើយ ដោយអ្នកខ្លះត្រូវបានបញ្ចប់ពីតួនាទី ខ្លះបានសុំលាលែង និងខ្លះទៀតត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (កាលនៅមានព្រះជន្ម) បណ្តេញចេញពីគណបក្ស។

ការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើឡើងបន្ទាប់ពីក្រុមអតីតជាន់ខ្ពស់មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច បានប្រជុំកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីសម្រេចយាងសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី មកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី នៅមិនទាន់សម្រេចព្រះទ័យយ៉ាងណានៅឡើយទេ ដោយសារព្រះអង្គកំពុងតែនៅសហរដ្ឋអាមេរិក។

លោក ផាន់ សិទ្ធិ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រាប់ថា ពិតជាមានកិច្ចប្រជុំមែននៅសណ្ឋាគារភ្នំពេញ ដើម្បីយាងសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី មកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ប្រាប់ AMS ថា គណបក្សហ៊្វុនស៊ិនប៉ិច បានទាត់ចោលច្រើនដងហើយទាក់ទងទៅនឹងកិច្ចប្រជុំនានា ដែលក្រុមមួយចំនួនដែលអះអាងថាខ្លួនជាគណៈកម្មការនាយកនោះ គឺពួកគាត់បាត់បង់នីតិសម្បទា និងសមាជិកភាពពីគណបក្សហើយ អ្នកខ្លះត្រូវបានសម្តេចក្រុមព្រះបញ្ចប់ពីតួនាទីពីគណបក្ស ហើយអ្នកខ្លះបានសុំលាលែង និងខ្លះទៀតត្រូវបានបណ្តេញចេញពីបក្ស ហើយអ្នកដែលចូលរួមប្រជុំមានដូចជា លោក ហេង ចន្ថា លោក ផាន់ សិទ្ធី លោកសាយ ហាក់ … ត្រូវបានគណបក្សបញ្ចប់បណ្តេញចេញពីគណបក្សរួចរាល់អស់ហើយ ហើយទៅបង្កើតគណៈកម្មការប្រជុំដោយចិត្តឯងបែបនេះ គឺផ្ទុយពីច្បាប់។ គណបក្សហ៊្វុនស៊ិនប៉ិច សូមទាត់ចោលទាំងស្រុងនូវកិច្ចប្រជុំដែលដឹកនាំដោយក្រុមលោក សាយ ហាក់។

លោក ញឿន រ៉ាដែន បានបញ្ជាក់ថា “ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកទទួលសិទ្ធិពីសម្តេចក្រុមព្រះក្នុងការដឹកនាំ ហើយការសម្រេចយ៉ាងណាទៀតគណបក្សនឹងជូនដំណឹងនៅពេលក្រោយ”។

សូមរម្លឹកថា ក្រុមលោក សាយ ហាក់ លោក ហេង ចន្ថា និងលោកផាន់ សិទ្ធី រួមទាំងមនុស្សមួយចំនួន ដែលអះអាងថា ជាសមាជិកគណៈកម្មាធិការនាយកគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានបើកអង្គប្រជុំវិសាមញ្ញ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិគ្រោះពិភាក្សារកមធ្យោបាយសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុង និងត្រៀមបេក្ខភាពដែលមានលក្ខណៈសម្បត្តិ ដើម្បីជ្រើសតាំងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចថ្មី ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់សោយព្រះទិវង្គត។ បើតាមបញ្ជីឈ្មោះគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច គឺ លំដាប់លេខរៀងបន្ទាប់ពី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលនឹងត្រូវជ្រើសតាំងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច គឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ដែលជាបងប្អូនបង្កើតជាមួយសម្តេចក្រុមព្រះ ម្តាយទីទៃពីគ្នា៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner