របៀបវារៈចំនួន៤នឹងលើកយកមកពិភាក្សានៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃស្អែក

ភ្នំពេញ៖ របៀបវារៈចំនួន៤ នឹងត្រូវលើកយកមកប្រជុំពិភាក្សានៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម សុខ ឥសាន ថ្លែងប្រាប់ AMS តាមទូរស័ព្ទនាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះថា របៀបវារៈចំនួន៤ នឹងត្រូវលើកយកមកប្រជុំពិភាក្សានៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ រួមមាន៖ ទី១)បោះឆ្នោតជ្រើសតាំងអនុប្រធានគណបក្សចំនួនពីរូប ទី២)បោះឆ្នោតសម្តែងការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ជាយុវជនជំនាន់ក្រោយ ដើម្បីអាណត្តិក្រោយៗ អាណត្តិទៅអនាគត ទី៣)សម្តេចក្រឡា ហោម ស ខេង នឹងណែនាំកិច្ចការមួយចំនួនពាក់ព័ន្ធនឹងការឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅពេលខាងមុខ និងទី៤)ប្រសាសន៍របស់សម្តេចតេជោប្រធានគណបក្សណែនាំសមាជិកសមាជិកាគណៈកម្មាធិការកណ្តាល។

ចំពោះបេក្ខភាពអនុប្រធានគណបក្សទាំងពីររូប និងបេក្ខភាពនាយករដ្ឋមន្ត្រី ជានរណា? មិនត្រូវបានឱ្យដឹងនោះទេ ដោយឯកឧត្តម សុខ ឥសាន បញ្ជាក់ថានេះគ្រាន់តែជារបៀបវារៈនិងរង់ចាំមើលលទ្ធផលនៃសន្និបាត គណៈកម្មាធិការកណ្តាលនៅថ្ងៃស្អែក។

គួររម្លឹកឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងអនុប្រធានពីររូប គឺសម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner