ទៅបោះតង់នៅអន្លង់អូរតាចក់លើភ្នំគូលែនពិតជាសប្បាយរីករាយ

ខេត្តសៀមរាប​៖​តំបន់​ទឹកធ្លាក់​អូរ​តាច​ក់ ស្ថិតនៅ​សហគមន៍ ព្រៃធំ អន្លង់​ធំ ក្នុងភូមិ​សាស្ត្រ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម «​ភ្នំ​គូលែន​» ខេត្តសៀមរាប​គឺជា​កន្លែង​បោះតង់​សម្រាក់​លំហែកាយ និង​ទីកន្លែង​កម្សាន្ត​ដ៏​មនោ​រម្យ​មួយកន្លែង​នៃ​ទឹកដី​ដ៏​ពិសិដ្ឋ​និង​មាន​ប្រវត្តិ​ដ៏​យូរលង់​របស់​ប្រទេស​កម្ពុជា​មួយកន្លែង​នេះ​។​


ប្រសិនបើ លោកអ្នក​បានធ្វើ​ដំណើរ​ទៅដល់​ខេត្តសៀមរាប ពិសេស​លើ​ភ្នំ​គូលែន គួរតែ​ចំណាយពេល ទៅ​សម្រាក​លំហែកាយ ឬ ទៅ​បោះតង់​សម្រាក​នៅ​ទី​នោះបាន​មួយ​យប់ វា​ពិតជា​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ ជាមួយ វប្បធម៌ ទេសភាព និង ធម្មជាតិ​ទាំងឡាយ​កំពុង​បង្ហាញ​វត្តមាន​រង់ចាំ​ជា​រៀងរាល់ថ្ងៃ​យប់​។​


នៅពេល​គេ​ធ្វើដំណើរ​ចូលទៅ​កាន់​រមណីយដ្ឋាន​បែប​ធម្មជាតិ មួយ​នេះ​នឹង​បានឃើញ​ទេសភាព​យ៉ាង​ស្រស់ស្អាត មាន​ទឹកធ្លាក់​ថ្លាឈ្វេង ហូរ​កាត់​ផ្ទាំង​ថ្ម កាត់​តាម​ដងអូរ ទម្លាក់ខ្លួន​ពី​ទី​ខ្ពស់​មកក្រោម​ដែល​មិន​ត្រឹម​ផ្តល់​ការ​ងូត​កម្សាន្ត​សប្បាយ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់រូប​ទេ នៅ​ជួយ​ជា​ប្រភពទឹក​សម្រាប់​មនុស្ស​សត្វ​អាស្រ័យ​ពឹងពាក់​ចិញ្ចឹមជីវិត​ថែមទៀត​។ រមណី​ដ្ឋា​ន​នេះ​ជាទី​តាំង​ទេសចរណ៍ បែប​ផ្សងព្រេង និង​អ្នក​ចូលចិត្ដធ​ម្ម​ជាតិ​ព្រៃភ្នំ​។​
នៅរ​ម្មណី​យ​ដ្ឋា​ន​អូរ​តាច​ក់​ដែល​សព្វថ្ងៃ​ស្ថិតនៅ​ក្នុងភូមិ អន្លង់​ធំ ឃុំ ខ្នងភ្នំ ស្រុក ស្វាយ​លើ ខេត្តសៀមរាប យើង​អាច​ចុះ​ងូតទឹក​ធ្លាក់ ស្រូបយក​ខ្យល់​បរិសុទ្ធ ស្តាប់​សំឡេង​ទឹក​ហូរ សម្លេង​របស់​សត្វ​ក្នុងព្រៃ និង​បក្សាបក្សី ក៏ដូចជា​បង្កើត​បរិយាកាស​សប្បាយរីករាយ​នៃ​ថ្ងៃ​ឈប់សម្រាក​លំហែកាយ​។​នៅពេល​ដល់​ជិត​ព្រលប់​គេ​នឹង​បានឮ​សំឡេង​សត្វ​រៃកណ្តឹង និង​សម្លេង​បក្សាបក្សី​ស្រែកយំ​ក្លៀវក្លា​ចេញពី​ដើមឈើ​ដែល​ដុះ​អម​សងខាង​មាត់​អូរ​បង្កើតបានជា​តន្ត្រី​ធម្មជាតិ​មួយ​យ៉ាង​ពិ​រោះ​រណ្តំ​ដួងចិត្ត​។​


លោក ផាន់ ផុន ប្រធាន​សហគមន៍​ព្រៃធំ​អន្លង់​ធំ​បានឱ្យដឹងថា​ការបង្កើត​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​គឺជា វិធីសាស្ដ្រ​មួយ​សំរាប់​ជួយ​ប្រជាជន​ក្នុងការ​រកប្រាក់​ចំណូល​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​។
​ ​លោក​ប្រធាន​សហគមន៍​បានបញ្ជាក់​បន្ថែមថា​ចំពោះ ទឹកធ្លាក់​អន្លង់​អូរ​តាច​ក់មួយ​នេះ​មាន​កន្លែង​បោះតង់​ឱ្យ​កម្សាន្ត​ពេលយប់​ប្រកបដោយ​សុ​វត្តិភាព​។​ក្រៅពីនេះ​មាន​បម្រើ​ម្ហូបអាហារ​ប្រចាំ​មូលដ្ឋាន​ដូចជា មាន់​ដុត​ប្រឡាក់​អំបិលម្ទេស ជ្រូក​ដុត​កណ្តុរ និង​ម្ហូប​ប្រចាំ​មូលដ្ឋាន​ពិសេសៗ​ជាច្រើន​ទៀត​រង់ចាំ​ភ្ញៀវទេសចរ​ចូលមក​ភ្លក្ស​និង​ពិសារ​យ៉ាង​ឆ្ងាញ់​ពិសារ​ជា​រៀងរាល់ថ្ងៃ​។​

លោក ផាន់ ផុន ប្រធាន​សហគមន៍​ព្រៃធំ​អន្លង់​ធំ
ទាក់ទិន​ក្នុង​រៀង​នេះ លោក អៀង​ពិសិដ្ឋ អភិបាលស្រុក​ស្វាយ​លើ ខេត្តសៀមរាប​បានបញ្ជាក់​ឱ្យដឹងថា សហគមន៍​អន្លង់​ធំ​នេះ​កើតឡើង​ដោយមាន​ការជួយ​គាំទ្រ​ទាំង​បច្ចេកទេស ,​លក្ខខណ្ឌ និង​ថវិការ​ផ្សេងៗ​តាមរយៈ​ក្រសួងបរិស្ថាន​។​សហគមន៍​លើ​ខ្នងភ្នំ​នេះ​មាន​ចំនួន​៥​សហគមន៍ ហើយ​ក្នុងចំណោម​សហគមន៍​នីមួយៗ​ទាំងអស់នេះ​សុទ្ធសឹង​តែមាន​សក្តានុពល​ស្រដៀងៗ​គ្នា​ក្នុងនេះ​មានដូចជា​រមណីយដ្ឋាន ប្រាសាទ ទឹកធ្លាក់​និង​ព្រៃឈើ​យ៉ាង​ស្រស់ស្អាត​ជាដើម​។​

លោក អៀង​ពិសិដ្ឋ អភិបាលស្រុក​ស្វាយ​លើ ខេត្តសៀមរាប
លោក​បានឱ្យដឹង​ដែរ​ថា សម្រាប់​រមណីយដ្ឋាន​ទឹកអូរ​តា​ចក់​នេះ​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជា​បន្តបន្ទាប់ ហើយ​មាន​ភ្ញៀវទេសចរ​ចូល​កម្សាន្ត​ស្ទើរ​រៀងរាល់ថ្ងៃ​។​សហគមន៍​ទាំងអស់​នៅលើ​ខ្នងភ្នំ​គូលែន​នេះ​សុទ្ធសឹងតែ​បានទទួល​ការគាំទ្រ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​បរិស្ថាន​និង​ពិសេស​ក្រសួងបរិស្ថាន​បានធ្វើឱ្យ​ទីកន្លែង​កម្សាន្ត​ធ្លាប់តែ​តូចចង្អៀត ប៉ុន្តែ​ពេលបច្ចុប្បន្ន​បាន​ពង្រីក​វិសាលភាព​ទីកន្លែង​លេង​គួរ​ជាទី​កោតសរសើរ និង​មាន​ភាព​ទាក់ទាញ​ស្ទើរ​គ្រប់​ទីកន្លែង​។​


​សូម​រំលឹក​ដែរ​ថា គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា បាន​គាំទ្រ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​ពីរ​គឺ​សហគមន៍​ព្រៃធំ​ពពេល និង​សហគមន៍​ព្រៃធំ​អន្លង់​ធំ​នៅលើ​ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ភ្នំ​គូលែន​ដោយ​គម្រោង​បាន​យកចិត្តទុកដាក់​ពង្រឹង​លើ​ផ្នែក​ទេសចរណ៍ធម្មជាតិ មាន​ទាំង​កិច្ចការងារ​បដិសណ្ឋារកិច្ច ការនាំ​ភ្ញៀវ​និង​ការអភិរក្ស​ជាដើម​។​លើសពីនេះ​គម្រោង​ក៏​ជួយ​ឲ្យ​មាន​កំណើន​ជីវភាព​ប្រជា​សហគមន៍​តាមរយ​:​បង្កើន​ការ​ចិ​ញ្វឹ​ម​សត្វ​ជ្រូក​កណ្តុរ ការចិញ្ចឹម មាន់​និង​ឃ្មុំ​ព្រៃ​ផងដែរ​៕​ដោយ​ដ​៖​ម៉ា​ដេប៉ូ​

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner