ស្លាប់ម្នាក់ របួសធ្ងន់៣ នាក់ក្នុងករណីរថយន្តធំដឹកត្រីបុកពេញទំហឹងរថយន្តភីកអាប់តូយ៉ូតានៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ស្លាប់ម្នាក់ របួសធ្ងន់៣ នាក់ក្នុងករណីរថយន្តធំដឹកត្រីបុកពេញទំហឹងរថយន្តភីកអាប់តូយ៉ូតានៅក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២៥ធ្នូ ឆ្នាំ ២០២១ នៅវាលាម៉ោង២ និង២០នាទីរសៀលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ គឺរវាងរថយន្តធុនធំដឹកត្រី ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A 03 71 បានបុកយ៉ាងពេញទំហឹង ជាមួយនឹងរថយន្តភីកអាប់ម៉ាក TOYOTA VIGO ពាក់ផ្លាកលេខ ភ្នំពេញ 2Y 24 06 ។
ក្នុងករណីគ្រោះថ្នាក់នេះ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់និង ៣នាក់ ទៀតរងរបួសធ្ងន់ធ្ងរ ហើយត្រូវគេបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ចំពោះមូលហេតុនៃករណីកើតហេតុខាងលើ មន្ត្រីនគរបាលនិងអ្នកពាក់ព័ន្ធ ថានឹងស្រាវជ្រាវរកទៀត ចំណែកឯរថយន្តត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោ យកទៅរក្សាទុកនៅផ្នែកនគរបាលចរាចរណ៍នៃអធិកាដ្ឋានក្រុងប៉ោយប៉ែតដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៃច្បាប់ ៕
ដោយ ៖ ឃិន គន្ធា