រាត្រីសមោសរ កៀរគរមូលនិធិ សម្រាប់ឆ្នាំ២០២១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ទទួលបានថវិកាចំនួន ៣៣.១៤៦,៣៤ដុល្លារ
រតនគិរី ៖ នារាត្រីថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទ
ក្រហមកម្ពុជាខេត្តរតនគិរី បានរៀបចំរាត្រីសមោសរ ដើម្បីកៀរគរមូលនិធិសប្បុរសធម៌គាំទ្រសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណសាលាខេត្តរតនគិរី ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាសប្បុរសជននានាយ៉ាងច្រើនកុះករ ។
ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាក
បាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា ក្នុងរយៈពេល
កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារមនុស្សធម៌ ដូចជាការជួយសង្គ្រោះ
ជនងាយរងគ្រោះ ជនចាស់ជរា ស្ត្រីមេម៉ាយ ជនទីទាល់ក្រ កុមារផ្ទុកមេរោគអេដស៍ និងករណីគ្រោះធម្មជាតិផ្សេងៗជាដើម ។ ទន្ទឹមនឹងនេះ ការស្វែងរកមូលនិធិ គឺជាការងារចម្បង និងឈានមុខគេដែលសាខាត្រូវពង្រឹង នឹងពង្រីកគ្រប់រូបភាព ដើម្បីឆ្លើយតបបានតាមតម្រូវការជនងាយរងគ្រោះនានា ក្រៅពីនេះសាខាក៏បាននឹងកំពុងរៀបចំផែនការ អាជីវកម្មរបស់ខ្លួនជាបណ្តើរ ដើម្បីធានាភាពជាម្ចាស់ការលើហិរញ្ញវត្ថុ របស់សាខាផងដែរ ។
ឯកឧត្តមបន្តថា ដើម្បីឆ្លើយតបមានប្រសិទ្ធភាពចំពោះជនងាយរងគ្រោះនានា ដែលកំពុងត្រូវការជំនួយ និងការសង្គ្រោះចាំបាច់ ត្រូវការការចូលរួមពីសំណាកលោក លោកស្រី សប្បុរសជនទាំងអស់មិនអាចខ្វះបានឡើយ ។ ជាក់ស្តែងនារាត្រីនេះ បានឆ្លុះបញ្ចាំងអំពីវប្បធម៌ចែករំលែករបស់ខ្មែរយើង តាមរយៈការចូលជាមូលនិធិដើម្បីកិច្ចដំណើរ
ការសកម្មភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីជាពិសេសជនរងគ្រោះ និងងាយរងគ្រោះដែលកំពុងទន្ទឹងរងចាំជំនួយពីយើងគ្រប់ៗគ្នា ។
សូមបញ្ជាក់ថា នៅក្នុងរាត្រីសមោសរនេះ សាខាកាកបាទ
ក្រហមកម្ពុជាខេត្តរតនគិរី ទទួលបានថវិកាបណ្តោះអាសន្នប្រមាណ ៣៣.១៤៦,៣៤ ដុល្លារ ដែលជាថវិកាបរិច្ចាគផ្ទាល់ពីសប្បុរសជន ដើម្បីគាំទ្រសកម្មភាពសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ៕ដោយ គតិ យុត្ត