សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែធ្នូ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ 

ខណៈការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិនៅសល់តែ៣ថ្ងៃទៀត  សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារពាក់ព័ន្ធ និងបានចុះធ្វើការត្រួតពិនិត្យ​ចុងក្រោយលើការងារត្រៀមរៀបចំគ្រប់ផ្នែកសម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថា ក្រសួងការពារជាតិ នឹងត្រូវដាក់សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២១ ដែលចំនឹងខួបលើកទី២៣ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម ។

យោងតាមរបាយការណ៍ក្រសួងការពារជាតិ បានឱ្យដឹងថា អគារទីស្ដីការក្រសួងការពារជាតិថ្មី សម្រេចការសាងសង់បាន៩៩% ហើយ ដោយមានរៀបចំទីធ្លាធំទូលាយសម្រាប់ ពិធីត្រួតពល កងកិត្តិយស កងត្រែទ័ព ទីកន្លែងធ្វើសន្និសីទកាសែត និងសាលប្រជុំធំមួយដែលអាចផ្ទុកមនុស្សចូលរួម ប្រជុំបាន រហូតដល់១០០០នាក់ សម្រាប់ការប្រជុំថ្នាក់ជាតិ និងអន្តរជាតិ។

អគាររដ្ឋបាល នៃទីស្ដីការក្រសួងការពារជាតិថ្មីនេះ ដែលមានរៀបចំកសាងសាលប្រជុំធំផងនោះ មានទទឹងប្រវែង ២៨ម៉ែត្របណ្ដោយប្រវែង១៩១ម៉ែត្រ មានកម្ពស់៣២ម៉ែត្រ និងមានចំណតរថយន្តនៅក្រោមដី ដែលអាចចតរថយន្ត បានរហូតដល់ទៅ១៥០គ្រឿង។ របាយការណ៍បានបញ្ជាក់ថា អគាររដ្ឋបាល នៃក្រសួងការពារជាតិថ្មីនេះ បានបើក ការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ខែ នឹងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២១។ ប៉ុន្តែ ដោយសារវិបត្តិជំងឺកូវីដ-១៩ ការសាងសង់ត្រូវបាន ស្នើសុំពន្យារពេលកិច្ចសន្យារយៈពេល៤ខែបន្ថែមទៀត ដូច្នេះការដ្ឋានត្រូវពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១កន្លងមកនេះ ទើបបានបញ្ចប់ការសាងសង់ ហើយរហូតមកដល់ពេលនេះ នៅសល់តែការបង្ហើយតិចតួចតែប៉ុណ្ណោះ៕ 

ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner