ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ស្នើអោយសហព័ន្ធបាល់ឱប ស្វែងរកឧត្ដមភាព កិត្តិយសជូនជាតិ នៅលើឆាកអន្តរជាតិ ជាពិសេស ស៊ីហ្គេម ឆ្នាំ២០២៣
លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំ កាយ និងកីឡា បានស្នើដល់សកម្មភាពសហព័ន្ធកីឡាបាល់ឱបកម្ពុជា សូមបន្តសកម្មភាពរបស់ខ្លួនធ្វើយ៉ាងណាឱ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីស្វែងរកឧត្ដមភាព កិត្តិយសជូនជាតិ ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ» ជាពិសេស ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា នេះជាការលើកឡើងរបស់លោកប្រធាននាយកដ្ឋានអប់រំ កាយ និងកីឡា នៅក្នុងឱកាសបិទ «វគ្គបណ្តុះបណ្តាល មន្ត្រីអាជ្ញាកណ្ដាលកម្រិត១ កីឡាបាល់ឱប ឆ្នាំ២០២១» កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បន្ទាប់ពីដំណើរការអស់រយៈពេល៥ថ្ងៃ ។
ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោក ហ៊ុន សាមុត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវប្រធាន និងគណៈកម្មាធិការប្រតិបត្តិសហ ព័ន្ធកីឡាបាល់ឱបកម្ពុជា ដែលខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍនវិស័យបាល់ឱប នៅកម្ពុជាឱ្យមានការរីកចម្រើន ក៏ដូចជាគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។
លោក ប្រធាននាយកដ្ឋានអប់រំ កាយ បានគូសបញ្ជាក់ថា ក្រសួងអប់រំ តែងតែយកចិត្ត ទុកដាក់នូវគ្រប់សហព័ន្ធជាតិសំដៅធ្វើយ៉ាងណាឱ្យមានការរីកចម្រើន ត្រៀមលក្ខណៈសម្បត្តិធ្វើជាម្ចាស់ផ្ទះ SEA Games 2023 ហើយក្រសួងបានទម្លាក់កញ្ចប់ថវិកាគាំទ្រដល់សហព័ន្ធជាតិនីមួយៗ សម្រាប់ចូលរួមសម្មភាពអភិវឌ្ឍនកីឡា ក្នុងនោះក៏មានប្រភេទបាល់ឱបផងដែរ ។ លោក បន្ដថា ថវិកាគាំទ្រ ដែលបានផ្តល់ជូន គឺសម្រាប់ចំណាយការងាររដ្ឋបាល ការងារបណ្ដុះបណ្ដាល និងរៀបចំការប្រកួត ។
បន្ទាប់ពីសហព័ន្ធកីឡាបាល់ឱបកម្ពុជាទទួលបានកញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ឃើញថាទទួលបានការអភិវឌ្ឍច្រើន ទាំងលើផ្នែកធនធានមនុស្ស ក៏ដូចជា ការចូលរួមប្រកួតផ្សេងៗ ជាពិសេសការប្រកួតនៅ ក្នុងស្រុក ទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ក៏សហព័ន្ធជំនាញមួយនេះអាចរៀបចំការប្រកួតបានដោយគោរពតាមនៅវិធានការរបស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្ដាលកម្រិត១ កីឡាបាល់ឱប ឆ្នាំ២០២១ មានសិក្ខាកាមចូលរួមចំនួន ២៥នាក់ មកពី៩ក្លឹប-សហព័ន្ធ ៕