ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើកញ្ចប់ថវិកាថ្មីមានចំនួន ៧៦៨ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ទ្រទ្រង់វិស័យការពារជាតិ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ថ្មីស្តីពីច្បាប់ការពារជាតិ ដែលបែងចែកថវិកាបន្ថែមទៀតសម្រាប់គំនិតផ្តួចផ្តើមមួយ ក្នុងគោលបំណងជំរុញការទប់ស្កាត់ឥទ្ធិពលក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ក្រោយចុះហត្ថលេខារួច លោក ចូ បៃដិន បានបញ្ជាក់ថាច្បាប់ថ្មីនេះនឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ និងជំរុញឲ្យមានយុត្តិធម៌ សម្រាប់បុគ្គលិកយោធា និងក្រុមគ្រួសាររបស់ពួកគេ ក្នុងនោះរួមទាំងអាជ្ញាធរពាក់ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់វិស័យការពារជាតិរបស់យើង។ យ៉ាងណាមិញ សមាជិកសភាអាមេរិកនឹងត្រូវធ្វើការងារយ៉ាងសកម្មបន្តទៅទៀត ក្នុងការជួយទ្រទ្រង់កម្មវិធីរបស់រដ្ឋបាលលោក ចូ បៃដិន សម្រាប់ឆ្នាំសារពើពន្ធខាងមុខ ដើម្បីឲ្យការរឹតត្បិតផ្នែកច្បាប់នានាក្នុងសភា ស្តីពីការប្រើប្រាស់កញ្ចប់ថវិកាយោធាត្រូវដកចេញ និងផែនការបង្កើតថវិកាទ្រទ្រង់វិស័យយោធាក្លាយជាការពិត។

គួរបញ្ជាក់ផងដែរថា កញ្ចប់ថវិកាសម្រាប់ទ្រទ្រង់វិស័យយោធាដែលលោក បៃដិន ទើបចុះហត្ថលេខាខាងលើនេះ មានទំហំទឹកប្រាក់ ៧៦៨ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២២ ដោយផ្តោតសំខាន់ទៅលើកម្មវិធីការពារជាតិនានា ក្នុងនោះមានដូចជាកម្មវិធីរបស់មន្ទីរបញ្ចកោណ និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលត្រួតពិនិត្យដោយក្រសួងថាមពល៕ ប្រភព៖ NHK និង BBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner