ព្រឹកថ្ងៃទី២ បេក្ខជនប្រឡងបាក់ឌុប មានបញ្ហាសុខភាពមួយចំនួន ប៉ុន្តែសុទ្ធតែអាចអាចបន្តការប្រឡងរហូតដល់ចប់
រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា ដំណើរការសំណេរព្រឹកថ្ងៃទី២នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប បេក្ខជនមានបញ្ហាសុខភាពសរុបចំនួន ៣៦ករណី ប៉ុន្តែបេក្ខជនទាំងអស់អាចបន្តលការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ។
ក្រសួងអប់រំបានបញ្ជាក់ឱ្យដឹងដែរថាចំពោះបេក្ខជនដែលមានបញ្ហាសុខភាព ចំនួន៣៦ករណី ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៣នាក់ និងបេក្ខជនមានបញ្ហាសុខភាពដទៃទៀតចំនួន៣១នាក់។ ដោយឡែកបេក្ខជន២នាក់ មានបញ្ហាសុខភាពត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយត្រូវបានបញ្ជូនត្រឡប់មកចូលរួមដំណើរការសំណេរវិញ និងបេក្ខនារីម្នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពេលគាត់បញ្ចប់ដំណើរសំណេរព្រឹកថ្ងៃទី២នេះ។ ទោះបីយ៉ាងណាជារួមបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ។
ក្រសួងអប់រំបានឱ្យដឹងបន្ថែមថាការប្រឡងបានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។បើទោះបីមានភ្លៀងធ្លាក់តិចតួច និងអាកាសធាតុចុះត្រជាក់នៅតាមមណ្ឌលមួយចំនួន ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ។
គួរបញ្ជាក់ថាក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ មានពីរមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) និងគណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (ថ្នាក់វិទ្យាសាស្ត្រសង្គម)។ បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ចែកចេញជា ៤៦១៦ បន្ទប់ ។ នៅព្រឹកនេះ បេក្ខជនអវត្តមានសរុបមានចំនួន ៤៤៣០នាក់ (គិតបូកយោងទាំងអវត្តមានថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១) ដែលស្មើនឹង ៣,៨៨ភាគរយ នៃបេក្ខជនសរុបទូទាំងប្រទេស។
បេក្ខជនទាំងអស់ បានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ៕ដោយ៖ម៉ាដេប៉ូ